អតីតក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យម្នាក់ និងអតីតពាណិជ្ជករ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លើកយកសំណុំរឿង ប្រព្រឹត្តអំពើពុករលួយមកបើកសវនាការជំនុំជម្រះ។ ប៉ុន្តែក្រោយការសួរដេញដោលរហូតដល់ម៉ោងជិត៧យប់ តុលាការបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅថ្ងៃទី២៦ ខែមីនាខាងមុខនេះវិញ។
ជនជាប់ចោទមានឈ្មោះ សួង សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាអតីតក្រឡាបញ្ជីតុលាការ ខេត្តបន្ទាយមានជ័យ ឈ្មោះ សេម សុខា ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកលក់រថយន្ត និងឈ្មោះ អ៊ួយ សុភាព ភេទប្រុស អាយុ៦៩ឆ្នាំ ជាពាណិជ្ជករ។ ជនសង្ស័យទាំង ៣នាក់នេះ ត្រូវបានអង្គភាពប្រឆាំងពុករលួយឃាត់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៣ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ជនជាប់ចោទត្រូវបានតុលាការចោទប្រកាន់តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ ជាការកត់សម្គាល់ សវនាការនៅថ្ងៃទី១៨ ខែមីនា គឺមានការចូលរួមពីលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាក្សីមួយចំនួន ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ២នាក់ផងដែរ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះវិញ។ ពាក់ព័ន្ធសំណុំរឿងនេះ ពុំមានប្រភពណាមួយបានបញ្ជាក់ឲ្យដឹងជាផ្លូវការនោះទេ។ មជ្ឈដ្ឋានមួយចំនួនកំពុងទន្ទឹងរង់ចាំមើលថា តើជោគវាសនារបស់ជនជាប់ចោទទាំង ៣នាក់ ដែលបានប្រព្រឹត្តអំពើពុករលួយនេះ នឹងទៅជាយ៉ាងណានៅថ្ងៃប្រកាសសាលក្រមខាងមុខនេះ៕ ប្រភពពីអង្គរថែម
ថ្ងៃនេះ | 35817 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78150 | នាក់ |
ខែនេះ | 225423 | នាក់ |
ឆ្នាំនេះ | 2969727 | នាក់ |
សរុប | 56568623 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:01 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net