គ្រោះធម្មជាតិនៅដើមឆ្នំា២០១៣ នៅតាមខេត្តក្រុងមួយចំនួន ហាក់មានសភាពកាចសាហាវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិជាច្រើនសធ្ធឹកសន្ធាប់។
យោងតាមប្រភពពីអាជ្ញាធរខេត្ដព្រះវិហារបានអោយដឹងថា មានគ្រោះធម្មជាតិមួយបានកើតឡើង ដែលបណ្ដាលមកពីភ្លៀងលាយខ្យល់ព្យុះ ប្រមាណប្រហែល៣០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ស្ថិត នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលនាំអោយផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង បានដួលរលំ និងប៉ើងដំបូល ព្រមទាំងសម្លាប់ម្ដាយ និងកូនប្រុស អាយុ៨ឆ្នាំ ដោយសារតែផ្ទះសង្កត់លើ ។
ចំណែកឯអាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងផងដែរថា ភ្លៀងខ្លាំងលាយលំនឹងខ្យល់ផង ចាប់ពីម៉ោង ៥និង៣០នាទី រសៀលរហូតដល់ម៉ោង៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បានបណ្តាលអោយស្ត្រីម្នាក់ស្លាប់ដោយសាររន្ទៈបាញ់ និងផ្ទះជាង ២៩៦ ខ្នងទៀត រងការខូចខាត នៅក្នុងឃុំចំនួន៦ នៃស្រុកស្វាយចេក និងស្រុកថ្មពួក។
ពលរដ្ឋរងគ្រោះនៅតំបន់ខាងលើបានឲ្យដឹងថា នៅដើមឆ្នំា ២០១៣ មានរន្ទះបាញ់ មានខ្យល់ព្យុះបក់បោកខ្លំាង ធ្វើឲ្យដួលរលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នេះបណ្តាលមកពីគាត់ខ្វះការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់ដើមឆ្នំា និងមិនសូវទទួលបានព័ត៌មានជាក់លាក់ណាមួយអំពីខ្យល់ព្យុះទាំងនោះផងដែរ។ ពួកគាត់បន្តថា ” តាមការចំនាំរបស់ពួកខ្ញុំរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះអាកាសធាតុហាក់ប្លែកខុសពីធម្មតា បើខ្យល់ក៏ខ្យល់ខ្លាំ ភ្លៀងវិញភ្លៀងចង់បាក់មេឃ រន្ទះបាញ់មនុស្ស សត្វគោ ក្របី ស្លាប់ ជាញឹកញាប់ គួរអោយភ័យខ្លាចខ្លាំងណាស់ មិនដឹងមកពីបញ្ហាអ្វី?”។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ខាងលើនេះ អាជ្ញាធរដែនដីបានអោយដឹងថា ពួកគាត់បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុជាក់ស្តែង និងបានចែក ជូននូវថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
កាលពីពេលកន្លងទៅថ្មីៗនេះ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្នុងសន្និសិត្យកាសែតនៅទីក្រុងភ្នំពេញថា គ្រោះធម្មជាតិនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ លោកបន្តថា ប្រទេសកម្ពុជា បានរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លងមកនេះ។ លោកបានបន្ថែមថា ខ្យល់ព្យុះនាពេលបច្ចុប្បន្ននេះ ពេលដែលវាមក វាអត់ប្រាប់មុននោះទេ វាមកចំត្រង់ណាកួចយកផ្ទះត្រង់ហ្នឹងតែម្ដង។ ហើយជាមួយគ្នានោះ ភ្លៀងក៏មកព្រមគ្នា ថែមទាំងមានរន្ទះបាញ់ថែមទៀត។ អាកាសធាតុក្ដៅណាស់មកទល់នឹងថ្ងៃនេះ គឺគ្រប់កន្លែងក្ដៅណាស់ ហើយមានភ្លៀងធ្លាក់មិនទៀងទាត់ថែមទៀតផង ខេត្តមួយចំនួននៅកម្ពុជា កំពុងជួបនូវការរាំងស្ងួតខ្លាំងផងដែរ។
លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ប.ស) ទទួលបន្ទុកកាត់បន្ថយហានិភ័យ បានមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះថា ប្រទេសកម្ពុជា ត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីបញ្ហាទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ឲ្យបានលឿនដល់ប្រជាពលរដ្ឋនៅតំបន់ទឹកលិច ដើម្បីពួកគេអាចរៀបចំខ្លួនបានមុនពេល ខ្យល់ព្យុះ ឬទឹកជំនន់បានលិចភូមិឋានផ្ទះសម្បែងរបស់ពួកគេ។ លោកស្រីបន្តថា បាតុភូមិធម្មជាតិដែលកើតឡើងនៅកម្ពុជា មានមូលហេតុពាក់ព័ន្ធជាច្រើនដូចជា ការកាត់បំផ្លាញព្រៃឈើ និងកត្តាមួចចំនួនផ្សេងទៀត។
លោកស្រីក៏បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងបន្ថែមប្រព័ន្ធការពារ និងសង្គ្រោះជនរងគ្រោះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា នៅគ្រាដែលមានគ្រោះមហន្តរាយគ្រោះធម្មជាតិ និងហានិភ័យ ដូចជាខ្យល់ព្យុះ និងទឹកជំនន់ដែលកើតមានឡើងជាដើម។ មួយវិញទៀត ដើម្បីបង្ការជាមុននឹងគ្រោះធម្មជាតិ ដែលតែងវាយប្រហារជារៀងរាល់ឆ្នាំនោះចាំបាច់ណាស់ កម្ពុជាត្រូវតែមានឧបករណ៍ វាស់ឧតុនិយម និងអាកាសធាតុតាមបែបវិទ្យាសាស្រ្ត៕ ក្រុមទី០១ ឈ្មោះ ផ្លុង-រ៉េត អេង-សូផាត ជន-ស្រីនុច (វគ្គបណ្តុះបណ្តាល ស្តីពីកាប្រែប្រួលអាកាសធាតុ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៣)