សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការតឹងតែងលើជនបាញ់បោះសេរី ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ប៉ុន្តែការអនុវត្តជាក់ស្តែង គេមិនដែលឃើញសមត្ថកិច្ចហ៊ានហើបមាត់ចំពោះជនបាញ់បោះសេរីជាអ្នកមានលុយមានអំណាចនោះទេ ហើយឪពុកម្តាយជនបាញ់បោះសេរីមួយចំនួនដែលមានតួនាទីធំៗក៏មិនដែលត្រូវបានដាក់ពិន័យឬដកហូតមុខតំណែងនោះដែរ។
មន្ត្រីនគរបាលតូចតាច នៅខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា កូនប្រុសរបស់ស្នងការនគរបាលខេត្តកណ្តាលឈ្មោះ អ៊ាវ បញ្ញា បាននាំបក្ខពួកទៅផឹកស៊ីហើយបាញ់បោះសេរី កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចមុខហាងផឹកស៊ីយីហោ ១១១ ស្ថិតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាក្សីដែលដឹងឮហេតុការណ៍នេះ បានបញ្ជាក់ថា ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួក ៤-៥នាក់ បានទៅផឹកស៊ីនៅហាង ១១១ ហើយក្រោយមកក្រុមនោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរំខានដល់អ្នកផឹកស៊ីក្បែរខាង ទើបអ្នកចាត់ចែងការងារទូទៅក្នុងហាង ១១១ ចូលទៅឃាត់។
បន្ទាប់មកឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកដែលមានជម្លោះជាមួយគ្នាបានឡើងរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-2087 ហើយបានដកអាវុធពីក្នុងរថយន្តបាញ់ចំនួន២គ្រាប់ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនិងភ្ញៀវដែលកំពុងផឹកស៊ីនៅទីនោះ ហើយគេឮសំឡេងផ្ទុះចំនួន២គ្រាប់ មុនពេលឈ្មោះ អ៊ាវ បញ្ញា បើករថយន្តចាកចេញពីហាង ១១១ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ហើយក៏មានសេចក្តីរាយការណ៍ទៅកាន់អភិបាលខេត្តកណ្តាល និងមកកាន់ក្រសួងមហាផ្ទៃ ភ្លាមៗផងដែរ។
ក្រោយពេលបាញ់បោះសេរីរួច ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកបានបើករថយន្តទៅច្រៀងនៅខារ៉ាអូខេយីហោ មហាអង្គរ យ៉ាងត្រជាក់ចិត្តផងដែរ ព្រោះអាងខ្លួនជាកូនប្រុសសំណព្វចិត្តរបស់ស្នងការនគរបាលខេត្តកណ្តាល គ្មាននរណាហ៊ានធ្វើអ្វីពួកគេទេ។ សមត្ថកិច្ចក្រុងតាខ្មៅបានតាមរកដានក្រុមជនបាញ់បោះសេរីទាំងនេះ ហើយក៏បានអញ្ជើញពួកគេពីហាងខារ៉ាអូខេ មហាអង្គរ មកកាន់អធិការដ្ឋានដើម្បីសួរនាំ ប៉ុន្តែគេមិនបានដឹងលម្អិតពីចម្លើយរបស់ជនបង្កហេតុនោះទេ។ ក្រោយពេលសួរនាំបានមួយសន្ទុះក្រុមជនបង្កហេតុទាំងនោះ បានចាកចេញមកវិញទាំងសើចសប្បាយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនោះទេ។
អំពើបាញ់បោះសេរី របស់ឈ្មោះ អ៊ាវ បញ្ញា និងបក្ខពួកដែលគ្មាននរណាហ៊ានហើបមាត់ បើទោះបីជាមិនមានការឃាត់ខ្លួនក៏ដោយ ប៉ុន្តែមន្ត្រីជាច្រើន បានរាយការណ៍ទៅក្រសួងមហាផ្ទៃហើយច្បាស់ណាស់ដែលថាអំពើបាញ់បោះសេរីមួយនេះ មិនអាចបិទបាំងពីភ្នែកត្រចៀករបស់មហាជនបានទេ ។ គេកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើអំពើបាញ់បោះសេរីរបស់ឈ្មោះ អ៊ាវ បញ្ញា អាចធ្វើឲ្យមុខតំណែងរបស់លោក អ៊ាវ ចំរើន រង្គោះរង្គើរដែរឬអត់ ៕
ថ្ងៃនេះ | 38927 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81260 | នាក់ |
ខែនេះ | 228533 | នាក់ |
ឆ្នាំនេះ | 2972837 | នាក់ |
សរុប | 56571733 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net