លោក ទូ សាភឿត និងលោក លុយ បញ្ញា ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ដែលមានទីតាំងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំគម្រោងវាស់វែងធ្វើប្លង់ដីដែលបានទិញពីលោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បើទោះជាតំណាងក្រុមហ៊ុនទាំងពីររូបខាងលើនេះនៅជំពាក់លុយថ្លៃដីជាងប្រាំលានដុល្លារអាមេរិកពុំទាន់បង់អស់ក៏ដោយ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោ ទូ សាភឿន និងលោក លុយ បញ្ញា បានទិញដីរបស់លោកជំទាវចំនួនជាងពីររយហិចតា ដែលមានចំនួនទឹកប្រាក់សរុបប្រហែលជាង៧លានដុល្លារអាមេរិក តែលោក ទូ សាភឿត និងលោក លុយ បញ្ញា បានបង់ប្រាក់ជូនលោកជំទាវតែជាង២លានដុល្លារតែប៉ុណ្ណោះ ហើយនៅជំពាក់ប្រាក់ជាងប្រាំលានដុល្លារទៀតមិនទាន់បានបង់។ លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តទៀតថា កន្លងទៅលោក ទូ សាភឿត និងលោក លុយ បញ្ញា បានចេញសែកស្អុយអត់មានទឹកប្រាក់ជូនលោកជំទាវជាច្រើនសន្លឹក ដែលជាហេតុបណ្តាលអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការ។ លោកជំទាវបានបន្ថែមថា លុយមិនទាន់បង់គ្រប់ផង បែរជាលោក ទូ សាភឿត និងលោក លុយ បញ្ញា រៀបគម្រោងអោយខាងសូរិយោដីខេត្តសៀមរាបទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកជំទាវបណ្ឌិត លី អ៊ុំអេង ស្នើសុំទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ជូនលោកជំទាវផងពាក់ព័ន្ធករណីវិវាទដីធ្លីរវាងលោកជំទាវ និងលោក ទូ សាភឿត និងលោក លុយ បញ្ញាតំណាងក្រុមហ៊ុនបុរីអង្គរលេនម៉ាក្សាខាងលើនេះ។
កាសែតកម្ពុជាសុវណ្ណភូមិ មិនអាចសុំការពន្យល់ពីលោក ទូ សាភឿត និងលោក លុយ បញ្ញា ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពកាសែតកម្ពុជាសុវណ្ណភូមិ រងចាំរាល់ការបំភ្លឺរបស់តំណាងក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សនេះគ្រប់ពេលវេលា៕ ដោយ៖ ផ្លុង រ៉េត
ថ្ងៃនេះ | 2270 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30558 | នាក់ |
ខែនេះ | 2270 | នាក់ |
ឆ្នាំនេះ | 3584930 | នាក់ |
សរុប | 52944856 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:09 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net