មេបញ្ជាការកងរាជអាវុធហត្ថស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លិចឮថាបានប្រព្រឹត្តអំពើពុករលួយជាមួយនិងឈ្មួញរកស៊ីបទល្មើសរហូតមានទំនាស់ផ្ទៃក្នុងនិងញោះញ៉ុងប្រជាពលរដ្ឋអោយប្តឹងកូនចៅរបស់ខ្លួនព្រោះតែទំនាស់ផលប្រយោជន៍។
ប្រភពព័ត៌មានបានឲ្យដឹងថាពេលដែលលោក ស៊ូប៊ុនរឿន ទៅកាន់ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបសេដ្ឋដំបូងនោះលោកមិនស្គាល់ទីតាំងឈ្មួញល្មើសដែលកំពុងធ្វើសកម្មភាពក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រងនោះទេ ទើបលោកប្រើកូនចៅរបស់ខ្លួនពីរនាក់អោយដើធ្វើការចុះបង្រាបឈ្មួញទាំងនោះអោយរត់ទៅសែនព្រេនដាក់ខែដាក់ថ្ងៃជាមួយលោកលុះចុងក្រោយពេលដែលឈ្មួញល្មើសទាំងនោះរត់ទៅរកខ្លួនអស់ហើយ ក៍មេបញ្ជាការរូបនោះចាប់ផ្តើមមិនអោយកូនចៅទាំងពីរនាក់ទៅរញ៉េរញ៉ៃជាមួយឈ្មួញបន្តទៀត។
ប្រភពបានបន្តឲ្យដឹងថា បទល្មើសទាំងនោះមានដូចជាការដឹកជញ្ជូនឈើ រោងម៉ាស៊ីនអាឈើ ការរត់ពន្ធប្រេង និងទំនិញមិនបង់ពន្ធជាដើម ត្រូវបានក្រុមឈ្មួញយកលុយកាក់ទៅសែនមេបញ្ជាការរូបនោះ។ ដោយឡែកដោយសារតែទំនាស់ផលប្រយោជន៍នេះកាលពីពេលថ្មីៗនេះមន្ត្រីកងរាជអាវុធហត្ថទាំងពីរ ដែលតែងតែដើរកលាភសក្ការៈអោយមេរបស់ខ្លួនត្រូវបានប្រជាពលរដ្ឋប្តឹងពីបទជម្រិតទាប្រាក់បច្ចុប្បន្នអ្នកទាំងពីរត្រូវបានបញ្ជូនខ្លួនមកបញ្ជាការដ្ឋានកងរាជអវុធហត្ថខេត្តដើម្បីសួរនាំ។
ប្រភពបានបន្តទៀតថា មូលហេតុនាំអោយប្រជាពលរដ្ឋប្តឹងនោះគឺដោយសារមន្ត្រីកងរាជអាវុធហត្ថទាំងពីរទៅឃាត់រទេះដឹកឈើរបស់ឈ្មួញល្មើស១៤រទេះគោ ហើយត្រូវបានក្រុមឈ្មួញទាំងនោះអង្វរអោយប្រាក់ចំនួនប្រាំម៉ឺនរៀលនិងបញ្ជាំទូសព្ទម៉ាកNokiaអិនចុចពិលមួយគ្រឿងនៅហ្នឹងមន្ត្រីទាំងពីរនោះ ជាថ្នូហ្នឹងការដោះលែងព្រោះតែលុយមិនគ្រប់ដោយសារតែនៅតាមផ្លូវបានបង់លុយអោយទៅកុងត្រូលជជុះគ្មានរនាំងបាំងជាច្រើនកន្លែងមានដូចជានគរបាលបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ។
ជុំវិញបញ្ហាខាងលើលោក ស៊ូប៊ុនរឿន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបសេដ្ឋ បានបដិសេដ្ឋថា ជាការមិនពិតចំពោះការដែលអោយមន្ត្រីជាកូនចៅទាំងពីរដើស្រង់ស្ថិតិនោះគឺដើម្បីអនុវត្តភូមិឃុំសុវត្ថិភាព ចំណែកព័ត៌មានថាមានថាមានរោងម៉ាស៊ីនដាក់លុយខែលុយថ្ងៃនោះមិនពិតផងដែរ ព្រោះមិនមែនជាជំនាញរបស់លោកទេគឺជាជំនាញរបស់មេព្រៃ។ លោកបានបន្តថា ចំពោះដំណោះស្រាយទៅលើមន្រ្តីទាំងពីរយ៉ាងណានោះអោយទាក់ទងទៅខាងខេត្តព្រោះអ្នកទាំងពីរកំពុងតែធ្វើការសាកសួរនៅឯការិយាល័យស្រាវជ្រាវខេត្ត។
លោក អ៊ុកយីវ នាយប៉ុស្តិ៍ព្រះខែដែលទទួលពាក្យបណ្តឹងបានឲ្យដឹងថា ពិតជាមានការប្តឹងបែបនេះមែនហើយ ក្រុមអ្នកដឹកឈើខុសច្បាប់ទាំងនោះមានម្នាក់ជាបងប្អូន និងមន្ត្រីនគរបាលប៉ុស្តិ៍លោកផងដែរ។ លោកបានបន្តថាក្រោយពីប្តឹង ហើយនោះត្រូវបានមេបញ្ជាការកងរាជអាវុធខេត្តបានអោយលោកកោះអញ្ជើញក្រុមអ្នកដឹកឈើជាអ្នកប្តឹងទៅដោះស្រាយនៅឯសាលាខេត្តប៉ុន្តែត្រូវក្រុមទាំងនោះចេញទៅធ្វើការសំណង់នៅភ្នំពេញអស់ទៅហើយ។ លោកមេប៉ុស្តិ៍រូបនោះបានបញ្ជាក់ថា ឈើដែលដឹកទាំងនោះជាប្រភេទឈើជ្រលុងមូលៗគ្មានច្បាប់អនុញ្ញាតិទេ៕ ដោយ៖ពេជ្រ
ថ្ងៃនេះ | 39857 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82190 | នាក់ |
ខែនេះ | 229463 | នាក់ |
ឆ្នាំនេះ | 2973767 | នាក់ |
សរុប | 56572663 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net