រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្រ្តី បានសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងតាមផ្លូវច្បាប់ ក្រោយពីរកឃើញថា បានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ដោយខុសច្បាប់ នេះបើយោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបាននារៀលនេះ។
ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែធ្នូ បានបញ្ជាក់ថា ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ធឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងដកហូតដីរដ្ឋទំហំ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៣ ខែធ្នូ ក៏បានប្រគល់ភារកិច្ចទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១១។
ដោយឡែក នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹក និងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រ ដែលមានការប៉ះពាល់ ។
រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ ស.ជ.ណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល៕ប្រភព៖ Khmer First
ថ្ងៃនេះ | 36304 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78637 | នាក់ |
ខែនេះ | 225910 | នាក់ |
ឆ្នាំនេះ | 2970214 | នាក់ |
សរុប | 56569110 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:15 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net