ការហាត់ប្រាណគឺជាការជួយឱ្យមនុស្សមានសុខភាពល្អ និងជួយសម្រកនូវជាតិខ្លាញ់ទាំងឡាយដែលមាននៅក្នុងខ្លួន (មនុស្សធាត់) ប៉ុន្ដែប្រសិនជាលោកអ្នកហាត់ប្រាណមិនបានត្រឹមត្រូវតាមក្បួនខ្នាតទេ វាអាចបណ្ដាលឱ្យលោកអ្នកជួបនូវផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសការឈឺសន្លាក់ជាដើម។
ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណគឺជាការផ្ដល់ផលប្រយោជន៍ឱ្យសុខភាព ឬរាងកាយឱ្យបានមាំមួន ចលនាបេះដូងដើរបានល្អ និងធ្វើឱ្យ សារពាង្គរបស់មនុស្សស្វាហាប់ និយាយរួមធ្វើឱ្យសុខភាពរបស់អ្នកហាត់គឺល្អតែម្ដង។
មនុស្សធាត់គួរហាត់ប្រាណដោយរបៀបណា?
មនុស្សធាត់មានរបៀបហាត់ប្រាណដូចមនុស្សដទៃដែរ ប៉ុន្ដែគ្រាន់ថាមនុស្សធាត់គួរតែអនុវត្ដនូវគោលការណ៍៣ចំណុចដូច ខាងក្រោម ៖
1 . ត្រូវធ្វើលំហាត់ប្រាណឱ្យត្រូវនឹងខារយ៉ូ(ខារយ៉ូមានន័យថាជាការធ្វើលំហាត់ប្រាណដើម្បីឱ្យបេះដូងមានចលនាដើរបានល្អ ដូចជារត់ ការធាក់កង់ ការរត់លើម៉ាស៊ីនជាដើម)។ ហើយលក្ខណៈដែលហាត់ជាមួយនឹងម៉ាស៊ីននេះគឺមានម៉ោងដែលត្រូវហាត់ មិនមែនចេះតែហាត់នោះទេ ការហាត់ឱ្យបានជាប់ជាមធ្យមយ៉ាងតិចត្រូវហាត់៣០នាទីដែរ។ នៅពេលដែលលោកអ្នកហាត់មិនគ្រប់នាទី ឧបមាលោកអ្នកហាត់បានត្រឹមតែ១០ទៅ១៥នាទី វាធ្វើឱ្យខ្លាញ់ដែលមាននៅក្នុងខ្លួនរបស់លោកអ្ន្នកវាមិនទាន់ក្ដៅ។ ប្រការដែលល្អ ដើម្បីទទួលបាននូវសុខភាពល្អ លោកអ្នកគួរហាត់ប្រាណចាប់ពី៣០នាទីឡើងទៅទើបជាការប្រសើរ។
2 . ចំពោះមនុស្សធាត់គួរតែចៀសវាងនូវចំណីអាហារមួយចំនួនដែលមានជាតិកាបូអារ៉េ និងបាយ ដោយសារតែបាយវាផ្ទុក នូវជាតិប៉ាត់ស្ដា។ លោកអ្នកគួរតែបង្វែរអារម្មណ៍មកទទួលទានអាហារដែលមានសារធាតុសំខាន់ៗ ដូចជាបន្លែផ្លែឈើ។ ហើយការ ទទួលទានសាច់ លោកអ្នកគួរតែជ្រើសរើសប្រភេទសាច់ណាដែលមានពណ៌ស ដូចជាសាច់ត្រី សាច់មាន់ និងចៀសវាងនូវការទទួលទានសាច់ក្រហម មានដូចជាសាច់គោ ឬសាច់ជ្រូកជាដើម។
3 . លោកអ្នកគួរតែធ្វើលំហាត់ប្រាណមួយចំនួនដែលទាក់ទងនឹងចលនាដងខ្លួនរបស់លោកអ្នក។
សរុបសេចក្ដីមកគោលការណ៍ដែលបានរៀបរាប់ខាងលើនេះ ពិតជាមានប្រយោជន៍ណាស់ដល់មនុស្សធាត់។
អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណរបស់មនុស្សធាត់
ការហាត់ប្រាណតែងតែទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយអ្នកខ្លះចង់ហាត់ប្រាណដើម្បីសម្រកទម្ងន់ និងផលប្រយោជន៍មួយទៀតគឺចង់ឱ្យចលនាបេះដូងដើរបានល្អ។ ធម្មតាមនុស្សធាត់តែងតែមានខ្លាញ់ច្រើន វាមិនត្រឹមតែមាននៅលើដងខ្លួន ប៉ុណ្ណោះទេ វាអាចមាននៅក្នុងសរសៃឈាម ខ្លាញ់រុំបេះដូង។ សម្រាប់មនុស្សធាត់ការហាត់ប្រាណជួយសម្រកទម្ងន់ ឬសម្រកនូវសារធាតុផ្សេងៗ ហើយការដកដង្ហើមរបស់លោកអ្នកមានភាពងាយស្រួលទៀតផង។
ផលប៉ះពាល់នៅពេលដែលមនុស្សធាត់ហាត់មិនបានត្រឹមត្រូវ
ធម្មតាការធ្វើលំហាត់ប្រាណមិនថាមនុស្សធាត់ ឬស្គ្គមទេ នៅពេលអ្នកទាំងនោះធ្វើខុសនូវចលនាណាមួយ មានន័យថា ធ្វើមិនបានត្រឹមត្រូវតាមក្បួនខ្នាត វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់រាងកាយ និងសរីរាង្គខាងក្នុង។ ចំពោះការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារមានលក្ខណៈត្រឹមត្រូវតាមក្បួន វាមិនបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់សុខភាពនោះទេ ប៉ុន្ដែប្រសិនបើការហាត់ប្រាណ និងការទទួលទានអាហារមិនបានត្រឹមត្រូវ វាធ្វើឱ្យលោកអ្នកមានផលប៉ះពាល់ និងអាចឱ្យលោកអ្នកឈឺសន្លាក់ជាដើម។
ដំបូន្មានរបស់អ្នកប្រឹក្សា
ចំពោះមនុស្សធាត់ មុនដំបូងគួរតែហាត់ ឬធ្វើចលនាសន្សឹមៗ ការធ្វើបែបនេះដើម្បីចៀសវាងកុំឱ្យមានផលប៉ះពាល់ទៅដល់ សរីរាង្គ។ លោកអ្នកគួរតែទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ព្រោះវាជួយសម្រករាង និងធ្វើឱ្យមានសុខភាពល្អទៅដល់រាងកាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១ (ប្រភពពី៖ គេហទំព័រ សុខភាព កម្ពុជា)
ថ្ងៃនេះ | 42631 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 84964 | នាក់ |
ខែនេះ | 232237 | នាក់ |
ឆ្នាំនេះ | 2976541 | នាក់ |
សរុប | 56575437 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 22:59 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net