សហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាតពីរគ្រឿង និងក្រុមនាវិកមួយក្រុម ដើម្បីទ្រទ្រង់ និងការពារសន្តិសុខនៅស្ថានទូត ប្រចាំនៅទីក្រុង ទ្រីប៊ូលី នៅថ្ងៃពុធ ក្រោយពីមានការ សម្លាប់មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុង ប៊េងហ្គាស៊ីមក។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ ២០១២នេះថា ការសម្រេចចិត្តបញ្ជូននាវាពិឃាត ដែលបានប្រវែង ៥០ម៉ែត្រ ទៅប្រទេស លីប៊ី នេះ គឺក្រោយពេលដែលមន្រ្តីប្រចាំស្ថានទូតអាមេរិក បីនាក់ ត្រូវបានគេសម្លាប់ ក្នុងការវាយប្រហារមួយ នៅក្នុងស្ថានកុងស៊ុលអាមេរិកតែម្តង ដែលស្ថិតនៅទីក្រុង ប៊េងហ្គាស៊ី កាលពីថ្ងៃ អង្គារកន្លងទៅនេះ។
ទាក់ទិននឹងការសម្លាប់មន្រ្តីស្ថានទូតនេះដែរ មន្រ្តីជាន់ខ្ពស់ម្នាក់របស់អាមេរិក បាននិយាយថា «នាវាពិឃាតទំាងពីរគ្រឿងនោះ គឺនឹងត្រូវចូលចតក្នុងបរិវេណ នៃឆ្នេរសមុទ្រប្រទេសលីប៊ី ប៉ុន្តែ គឺស្ថិតនៅក្នុងកម្រិតនៃការប្រុងប្រយ័ត្នជានិច្ច»។
ជាមួយគ្នានោះដែរ លោក ចច លីតថល អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន ខណៈនោះបាន បដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជាក់លាក់ ទាក់ទងនឹងការបញ្ជូន នាវានោះទេ ដោយគ្រាន់តែនិយាយថា ជំហាននៃការប្រុងប្រយ័ត្នរបស់យោធាអាមេរិក «មិនមែនស្ថិតនៅត្រង់លើការ ប្រុងប្រយ័ត្នតែកាលៈទេសៈ មួយមុខនោះទេ ប៉ុន្តែវាក៏ជាការប្រុងប្រយ័ត្ន នូវអ្វីផ្សេងទៀត ដែលយើងត្រូវធ្វើផងដែរ»។
ដោយឡែកលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ភ្លាមៗនោះបានបញ្ជាក់ថា ត្រូវបង្កើនប្រព័ន្ធការពារសន្តិសុខ នៅគ្រប់ស្ថានទូតអាមេរិកទំាងអស់ ជុំវិញពិភពលោក ខណៈពេលមានការវាយប្រហារកាលពីថ្ងៃអង្គារ នៅទីក្រុង ប៊េងហ្គាស៊ី ដែលការវាយប្រហារនេះ ជារឿងដែលកើតឡើងក្នុងពេលតែមួយ ចំថ្ងៃដែលអាមេរិកប្រារព្ធខួប ១១ឆ្នាំនៃការវាយប្រហារ អគារពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កងម៉ារីនដែល បញ្ជូនទៅនោះគឺជាក្រុម សន្តិសុខកងនាវាប្រឆំាងភេរវកម្ម ដែលហៅកាត់ថា FAST ដែលកងម៉ារីនជើងទឹករបស់អាមេរិក នឹងបញ្ជូនទៅក្រៅប្រទេសនេះ ប្រយោជន៍ដើម្បីការពារសន្តិសុខ ផ្នែកការទូត នឹងដើម្បីគ្រប់គ្រងរ វាយប្រហារណាមួយ ដែលមិនទាន់លេចជារូបរាងឡើងនោះ៕ដោយ ជខ
ថ្ងៃនេះ | 39317 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81650 | នាក់ |
ខែនេះ | 228923 | នាក់ |
ឆ្នាំនេះ | 2973227 | នាក់ |
សរុប | 56572123 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net