អគ្គិសនីខេត្តបានបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គីសនីអោយប្រជាពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពរបស់ ឯ.ឧ ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ក្នុងពិធីបើកការដ្ឋាននោះ ឯ.ឧ ឃឹម ប៊ុនសុង បានធ្វើការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គភាពអគ្គិសនីសៀមរាប ដែលបានខិតខំពង្រីកបណ្តាញអគ្គិសនី ជូនទៅដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ឲ្យបានគ្រប់ទីកន្លែងក្នុងក្រុងសៀមរាប ដើម្បីផ្តល់នូវភាពងាយស្រួល ក្នុងការរស់នៅ និងសំរួលដល់ការធ្វើអាជីវកម្មផ្សេងៗ ការបង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងមុខរបរប្រចាំថ្ងៃ ។
ឯ.ឧ ឃឹម ប៊ុនសុង បន្តប្រសាសថា ខេត្តសៀមរាបឈានឆ្ពោះទៅមុខគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងក្រុម ប្រឹក្សាខេត្ត ដែលបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព សក្តានុពលទេសចរ ដោយការវិនិយោគឲ្យកាន់តែខ្លាំងក្លា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការពង្រីកបណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងជាពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម ក្រោមដំបូលសន្តិភាព ស្ថិរភាព សន្តិសុខ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យដ៏ស៊ីជម្រៅ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព។
ប្រជាពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់នគរធំ មានការត្រេកអរ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមឃឹម-ប៊ុនសុង ដែលបានតបណ្តាញអគ្គីសនី ជូនពួកគាត់ប្រើប្រាសដូចខាងលើនេះ តែពួកគាត់នៅមានសំនូមពរមួយទៀត ដែលជាគោលបំណងចង់បានរបស់ពួកគាត់ជាយូឆ្នាំមកហើយមិនទាន់បានសម្រេចនោះគឺ សុំអោយអាជ្ញាធរជួសជុលផ្លូវដីក្រហមមួយខ្សែ ដែលមានប្រវែងប្រហែល១ពាន់ម៉ែត្រ ស្ថិតពីចំនុចសាលាឆទានទំនប់អញ្ជាញ មកទល់ផ្លូវ៦០ម៉ែត្រ (ពីជើងទៅត្បូង)។
ពួកគាតលើកហេតុផលថា ផ្លូវមួយខ្សែនេះសាងសងតាំងពីមុនលោកស៊ូ-ភិរិន្ទ ឡើងជាចៅហ្វាយខេត្ត ហើយផ្លូវនេះដាច់យូរឆ្នាំហើយ មិនមានអ្នកណាគេអើពើអីទេ នៅរដូវវស្សាទឹកលិចចង់ត្រឹមចង្កេះ។ ពលរដ្ឋនៅសង្កាត់នគរធំសង្ឃឹមថា លោកអភិបាលខេត្តថ្មីនិងជួសជុលផ្លូវខាងលើនេះមុនទឹកលិចនៅរដូវវស្សាឆ្នាំនេះជូនពួកគាត់ធ្វើដំណើរអោយបានស្រួលជាក់ជាមិនខាន៕ ដោយ៖ ចៅចេក
ថ្ងៃនេះ | 34874 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77207 | នាក់ |
ខែនេះ | 224480 | នាក់ |
ឆ្នាំនេះ | 2968784 | នាក់ |
សរុប | 56567680 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net