សកម្មភាពដឹកជញ្ជួនឈើប្រភេទក្តារអា ប្រភេទបេង ធ្នង់ មុខធំៗ បង្កប់តាមរថយន្តម៉ាក សាន់យ៉ុង និងនីកសាន់ ពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ មកចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងក្រុងសៀមរាប ទាំងយប់ទាំងថ្ងៃស្ទើបាក់ថ្នល់ តែមន្រ្តីជំនាញឃុបឃិត អង្គុយទទួលទូរស័ព្ទរាប់ក្បាលឡានយកលុយមិនមានការបង្ក្រាប។
ប្រភពព័ត៌មានច្បាស់ការបានរាយការណ៍ថា ជារៀងរាល់ថ្ងៃមានរថយន្តដឹកឈើខុសច្បាប់ខាងលើ ដឹកពីស្រុកស្រយ៉ង់កោះកេរ្តិ៍ ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើខេត្តសៀមរាប ទាំងយប់ទាំងថ្ងៃបានដោយរលួន គ្មានការរំខានពីមន្រ្តីជំនាញ ឬស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធណាទេ ព្រោះពួកក្រុមឈ្មួញទាំងនោះ បានទូរស័ព្ទបង់លុយអោយស្ថាប័នទាំងខាងលើបានគ្រប់គ្រាន់ នៅពេលរថយន្តដឹកឈើវិលកង់ចេញដំណើរ។ ប្រភពបន្តថា មានរថយន្តប្រហែលជា២០គ្រឿងដែលកំពុងសប្បាយដឹកឈើខុសច្បាប់ទាំងនេះជារៀងរាល់ថ្ងៃ តែគាត់ស្គាល់មិនអស់ទេ គឺស្គាល់ខ្លះៗដូចមានក្នុងតារាង ឬបញ្ជីឈ្មោះខាងក្រោម។
ប្រភពពីអតីតអ្នករកស៊ីឡុងចុងខាតអស់សល់តែខោខ្លីម្នាក់បានអោយដឹងថា ក្រុងអ្នកដឹកឈើខាងលើ គឺគេបានមេរៀនមកពីសមត្ថកិច្ច ជាអ្នកបង្គាប់អំពីរបៀបរកស៊ីដឹកឈើខុសច្បាប់ ដូចជាដាក់ឈើប្រណិតពីក្រោម ហើយដាក់សិប្បកម្មពីលើតិចតួច ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចមកពីចម្ងាយ។ ប្រភពបន្តថា នៅពេលមានអ្នកកាសែតថតរូប រាយការណ៍ទៅមេព្រៃ មេព្រៃឆ្លើយថា ” ឡាន ឬរថយន្តគេដឹកសិប្បកម្មតិចតួច មិនដឹងទៅចាប់គេយ៉ាងមេច “ តែតាមការពិតគឺទាំងអ្នកដឹកឈើ និងមេព្រៃបានដាក់ម៉ូគ្នារួចហើយ ក្នុងការចូលរួមបំផ្លាញជាតិ ដើម្បីប្រយោជផ្ទាល់ខ្លួន។
ជាក់ស្តែងគេសង្កេតឃើញថា នៅក្នុងខេត្តសៀមរាបហាក់មានការដឹកជញ្ជួនឈើបែបអាណាធិបតេយ្យជាងគេ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប។
សូមបញ្ជាក់ថា រាល់ពេលមានការរាយការណ៍ពីសកម្មភាពរថយន្តដឹកឈើ ជូនអស់លោកមេព្រៃខេត្តសៀមរាប គឺអស់លោកតាំងពីលើដល់ក្រោមតែងតែនិយាយថា ”ជាប់រវល់នៅឆ្ងាយ ជាប់ប្រជុំ សុំទូរស័ព្ទទៅលោកនេះ លោកនោះ“ តែបើថាព្រមទៅបង្ក្រាបវិញ ពន្យាពេលទាល់តែក្រុមឈ្មួញទំលាក់ឈើពីរថយន្តអស់ ឬបើកគេចបាត់អស់ ទើបឃើញលោកមេព្រៃទៅដល់កន្លែងកើតហេតុ៕ ដោយ៖ ផ្លុងរ៉េត (សូមជួយចែករំលែកទៅមិត្តរបស់អ្នក តាមរយៈបណ្តាញសង្គម បើអ្នកស្រលាញ់ព្រៃឈើ)
ថ្ងៃនេះ | 35330 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77663 | នាក់ |
ខែនេះ | 224936 | នាក់ |
ឆ្នាំនេះ | 2969240 | នាក់ |
សរុប | 56568136 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net