បទល្មើសនេសាទកំពុងកកើតយ៉ាងអាធិបតេយ្យពេញឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមក្រសែភ្នែកលោក រឹមសំអុន នាយផ្នែករដ្ឋបាលជលផលប្រចាំការនៅទីនោះ។
សកម្មភាព រុញស៊ីប ខុសច្បាប់នៅពេលយប់យកត្រីទាំងតូចទាំងធំនៅបឹងទន្លេសាបក្នុងទឹកដីឃុំកំពុងឃ្លាំងរបស់ក្រុមប្រជាពលរដ្ឋមួយក្រុម ដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតបើកភ្លើងខៀវពីនាយផ្នែករដ្ឋបាលជលផលឈ្មោះរឹមសំអុនខាងលើទើបក្រុមជនល្មើទាំងនេះគ្មានការកោដក្រែងនឹងអំពើបំផ្លាញជាតិខុសច្បាប់នេះ និងហាក់ដូចជាប្រឆាំងបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។
ជាក់ស្តែងនៅយប់ថ្ងៃទី១៨ឈានចូលទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នេះក្រុមអ្នកយកព័ត៌មានរបស់យើងបានចុះទៅដល់បឹងទន្លេសាបក្នុងអាស័យដ្ឋានខាងលើ ហើយបានជួបប្រទះសកម្មភាពបទល្មើសនេសាទខុសច្បាប់ជាច្រើនករណី តែសកម្មភាពធំជាងគេនោះគឺការរុញស៊ីបដែលក្រុមជនល្មើសបានប្រើស៊ីបក្រឡាល្អិតឬក្រលាញឹក រុញយកត្រីទាំងធំ ទាំងតូចប៉ុនជើងធូបមិនសល់ ដែលនេះវាជាការបំផ្លាញមច្ឆាជាតិអោយហិនហោចជាមិនខាន។
ក្រុមអ្នកយកព័ត៌មានបានរាយការណ៍ថា ពួកគេបានថតបានទូកកាណូតធំៗដែលរុញស៊ីប៣គ្រឿងក្នុងចំណោម៥គ្រឿង ដែលម្ចាស់ទូកទីមួយឈ្មោះ ឆុង-ឆៃ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុធ ទីពីរឈ្មោះ គុណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ រស់នៅភូមិផ្សាឃ្លាំងក្រោម ទីបីឈ្មោះ ជា ភេទស្រីអាយុប្រហែលជាង២០ឆ្នាំ មានប្តីឈ្មោះ យ៉ អាយុប្រហែលជាង៣០ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិផ្សាឃ្លាំងក្រោម អ្នកទាំងបីរស់នៅក្នុងឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបដូចគ្នា(សូមមើលរូបភាពខាងក្រោម)។
នាង ជា ម្ចាស់ស៊ីបម្នាក់ក្នុ្ងចំណោមបីនាក់បានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆកាថា កាលពីយប់ថ្ងៃទី១៨ឈានចូលទី១៩ បន្ទាប់ពីកាសែតទៅថតស៊ីបនាងរួច ប្រហែល១ម៉ោងស្រាប់តែ ខាងផ្នែករដ្ឋបាលជលផលខាងលើហាក់មានប្រតិកម្ម បានបើកកាណូតទៅចាប់ស៊ីបរបស់នាង និងស៊ីរបស់លោកគុណ អូសយកទៅកន្លែងផ្នែកជលផល ដោយទាលុយពីកាណូតស៊ីបមួយគ្រឿងតំលៃ១លានរៀលទៅនិងថ្នូរនៃការដោះលែង។ នាង ជា បន្តថាខាងលោកគុណគេមានលុយបង់អោយជលផល១លានរៀលរួច ហើយគេបានយកកាណូតស៊ីបមកផ្ទះវិញតាំងតែពីយប់ តែរូបនាងវិញរកលុយបង់មិនទាន់បានទេ ទើបទុកកាណូតនៅកន្លែងផ្នែករដ្ឋបាលជលផលសិន។
ប្រជាពលរដ្ឋអ្នករកស៊ីរាយមងចងសន្ទួចស្របច្បាប់នៅឃុំកំពុងឃ្លាំងបានលួចខ្សឹបប្រាប់ថា ខាងជលផលនៅប្រចាំស្រុកខាងលើនេះ ពុំដែលចុះបង្ក្រាបបទល្មើសនេសាទធំៗទេ គឺបើកដៃអោយពួកក្រុមរុញស៊ីប រុញយកត្រីទាំងតូចទាំងធំ៣-៤តោនក្នុងស៊ីប១ក្នុង១យប់ ស្ទើដាច់ពូជត្រីអស់ហើយ។ ពួកគាត់បន្តថា ការរុញស៊ីប គឺបណ្តាលអោយដាច់មងដាច់សន្ទួចពួកគាត់អស់ទៀតផង បើពួកគាត់ទៅប្តឹងអស់លោកជលផល គឺពួកគេទៅចាប់ពួកស៊ីបអោយបង់លុយរាប់លានរៀលរួចដោះលែងអោយទៅរកស៊ីវិញដដែល។
អ្នកយកព័ត៌មានយើងបានរាយការសកម្មភាពល្មើសច្បាប់ខាងលើទៅលោក ព្រិន-សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប តែលោកអោយរាយការណ៍ទៅខាងនាយផ្នែកជលផលវិញ ប៉ុន្តែលោក រឹម-សំអុន នាយផ្នែករដ្ឋបាលជលផលមិនបានលើកទូរស័ព្ទទេ បើទោះខលចូលជាច្រើនដងយ៉ាងណាក៏ដោយ។
ក្រុមប្រជាពលរដ្ឋរកស៊ីស្របច្បាប់នៅឃុំកំពុងឃ្លាំ សូមសំនូមពរទៅសមត្ថកិច្ចពាក់ព័ន្ធមេត្តា ចុះបង្ក្រាបក្រុមរកស៊ីល្មើខុសច្បាប់ទាំងនេះផង និងជាពិសេសលោក ណៅធួក មេត្តាវែកមុខក្រុមរុញស៊ីបខុសច្បាប់ និងលោកជលផលចាប់ស៊ីបយកលុយរាប់លានរៀលខាងលើនេះផងទាន៕
ថ្ងៃនេះ | 39641 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81974 | នាក់ |
ខែនេះ | 229247 | នាក់ |
ឆ្នាំនេះ | 2973551 | នាក់ |
សរុប | 56572447 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:11 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net