មេដឹកនាំចលនាយុវជន នៃគណបក្សប្រឆាំង សម រង្ស៊ី បានបោះបង់ចោលនូវការធ្វើបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ខាងមុខនេះ ទៅជាការធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ វិញ។ នេះយោងតាមលោក សួង សុភណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី។
កាលពីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ លោក សួង សុភណ្ឌ បានប្រាប់តាមទូរស័ព្ទថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នៅក្រុមចលនាយុវជនគណបក្ស សម រង្ស៊ី នឹងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ចំនួនប្រមាណ ៤០០ នាក់ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ។ ពីដំបូងក្រុមយុវជនគណបក្សប្រឆាំង គ្រោងនឹងជួបជុំធ្វើបាតុកម្ម នៅថ្ងៃ២៣តុលា ខួបនៃថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ដោយទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងកែទម្រង់ គ.ជ.ប. ជាដើម។
លោក សួង សោភណ្ឌ បានបន្តថា នៅថ្ងៃទី២៣តុលានោះ ក្រុមយុវជននឹងកោរសក់ ចំនួន ៣០ នាក់ ឬច្រើនជាងនេះ ហើយដើរហែក្បួនពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ខាងមុខព្រះបរមរាជវាំង ដោយមានពាក់ជួតក្រណាត់នៅលើក្បាល ដែលសរសេរថា “ខ្ញុំស្រឡាញ់ព្រះករុណា”។
សូមបញ្ជាក់ថា កាលពីមុន ក្រុមយុវជនគណបក្សប្រឆាំង សមរង្ស៊ី បានប្រកាសពីគម្រោងធ្វើបាតុកម្មនៅថ្ងៃទី២៣ តុលា ដោយទាមទារឲ្យមានការគោរពពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ និងគោរពតាមរដ្ឋធម្មនុញ្ញ និងទាមទារឲ្យមានការកែសម្រួលសមាសភាពដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. និងការគោរពសិទ្ធិមនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យ ជាដើម៕
ថ្ងៃនេះ | 39910 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82243 | នាក់ |
ខែនេះ | 229516 | នាក់ |
ឆ្នាំនេះ | 2973820 | នាក់ |
សរុប | 56572716 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:23 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net