អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការដើម្បីស្តាប់ការវែកញែកដោយផ្ទាល់មាត់ទាក់ទិននឹងបណ្តឹងសារទុក្ខរបស់សហព្រះរាជអាជ្ញាពាក់ព័ន្ធនឹងលក្ខខណ្ឌ នៃការដោះលែង អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម នាថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ ចាប់ពីម៉ោង៩ និង៣០នាទីព្រឹកតទៅ។
អ្នកស្រី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហម សម្រេចធ្វើការដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ព្រោះតែលោកស្រីពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ ដើម្បីចូលរួមការជំនុំជម្រះក្តីបាន ដោយសារគាត់មានជំងឺវង្វេងវង្វាន់ដែលទំនងជាជំងឺបាត់បង់ការចងចាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការដោះលែងអ្នកស្រី អៀង ធីរិទ្ធ នេះ ត្រូវបានភ្ជាប់ជាមួយលក្ខខណ្ឌបណ្តោះអាសន្នមួយចំនួនដូចជា ៖ ១) ជនជាប់ចោទត្រូវតែផ្តល់អាស័យដ្ឋានដែលគាត់រស់នៅ និងសុំការអនុញ្ញាតពីតុលាការមុននឹងផ្លាស់ទីលំនៅ។ ២) ជនជាប់ចោទមិនត្រូវចាកចេញពីប្រទេសកម្ពុជា និងត្រូវប្រគល់លិខិតឆ្លងដែនរបស់គាត់ដល់តុលាការ។ ៣) ជនជាប់ចោទត្រូវតែចូលខ្លួនប្រសិនបើមានការកោះហៅពីតុលាការ។ ជាងនេះទៅទៀត អៀង ធីរិទ្ធ ត្រូវបានហាមឃាត់មិនឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការឡើយ៕
ថ្ងៃនេះ | 2521 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30809 | នាក់ |
ខែនេះ | 2521 | នាក់ |
ឆ្នាំនេះ | 3585181 | នាក់ |
សរុប | 52945107 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:23 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net