ដីកប់សពគ្រីស្ទាន ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបុគ្គលមួយក្រុម ឃុបឃិតគ្នាយកដីលក់ ហើយលួចគាស់ផ្នូរសពដោយគ្មានការឯកភាព ពីក្រុមគ្រួសារសពមួយចំនួន រហូតដល់មានរឿងចម្រូងចម្រាស ប្ដឹងផ្ដល់គ្នាដល់សាលាក្រុងសៀមរាប និងមន្ទីរធម្មការនិងសាសនា តែជាលទ្ធផល គ្មានដំណោះស្រាយណាមួយដែលសមស្រប អាចឲ្យម្ចាស់ផ្នូរសពទទួលយកបានឡើយ។
ផ្នូរសពគ្រីស្ទានមួយចុងក្រោយ ដែលសាច់ញាតិក្រុមគ្រួសារសព មិនព្រមគាស់ចេញពីដីកប់សព និងមិនព្រមទទួលយកប្រាក់សូកប៉ាន់ពីក្រុមអ្នកលក់ដីកប់សព ឥឡូវត្រូវបានពួកសត្វតិរច្ឆានមិនស្គាល់មុន លួចគាស់ផ្នូរសព រួចយកធាតុបោះចោលទៅក្នុងព្រៃ។
ព្រោះតែការលោភលន់ ធ្វើឱ្យមនុស្សលែងស្គាល់បុណ្យបាប សូម្បីតែដីកប់សពក៏ពួកគេសម្រេចចិត្ត លក់យកលុយដាក់ហោប៉ៅ ដើម្បីធ្វើមានបានលើគំនរទុក្ខអ្នកដទៃបានដែរ។
យោងតាមមាត្រា-២៦១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន)រៀល ទៅ ២,០០០,០០០ (ពីរលាន)រៀល។
ទន្ទឹមនឹងនេះមាត្រា-២៦២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយ ទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬទៅលើសំណង់ដែលកសាងឡើង សម្រាប់រំលឹកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ផងដែរ។
ម្ចាស់ផ្នូរសពគ្រីស្ទានដង្ហើយសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសតុលាការខេត្តសៀមរាបមេត្តាស៊ើបអង្កេតករណីខាងលើនេះផង ដើម្បីផ្តល់យត្តិធម៌ដល់គ្រួសារសព ដែលជាពលរដ្ឋខ្មែរកំពុងតែរងការជិះជាន់គៀបសង្កត់ពីក្រុមអ្នកមានលុយមានអំណាច៕ ដោយៈ ផ្លុង រ៉េត
ថ្ងៃនេះ | 35817 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78150 | នាក់ |
ខែនេះ | 225423 | នាក់ |
ឆ្នាំនេះ | 2969727 | នាក់ |
សរុប | 56568623 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:01 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net