បែកធ្លាយរឿង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចាប់បានរថយន្ដដឹកឈើប្រណិត និយាយត្រូវរូវគ្នាជាមួយឈ្មួញ ធ្វើការដោះលែងវិញក្រៅផ្លូវច្បាប់
ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-5850 ដឹកឈើប្រណិតប្រភេទឈើធ្នង់ជាច្រើនសន្លឹក ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចាប់បាន ហើយក៏បានដោះលែងវិញភ្លាមៗ បន្ទាប់ពីនិយាយត្រូវរូវគ្នា ជាមួយនិងមេឈ្មួញដែលជាម្ចាស់រថយន្ដដឹកឈើខាងលើនេះ កាលពីថ្ងៃ អង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទីរសៀល។
សូមបញ្ជាក់ផងដែរថា រថយន្ដដែលដឹកឈើប្រណិត ប្រភេទឈើធ្នង់សន្លឹកនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិ ដងទុង នៅតាមបណ្ដោយជើងភ្នំ ផ្លូវយុទ្ធសាស្ដ្រ ក្រវាត់ព្រំដែនខ្មែរនិងថៃ លុះចូលមកដល់ចំណុចក្នុងភូមិ ស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការស្ទាក់ចាប់បាន និងឆែកឃើញមានវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់សន្លឹក ចំនួន ១១ សន្លឹក មុខទទឹងចាប់ពី ០៥ តឹក ទៅដល់ ០៧ តឹក កម្រាស់ពី ០៦ ហ៊ុន ដល់ ០៨ ហ៊ុន ប្រវែងចាប់ពី ១ ម៉ែត្រ ដល់ ១,២ ម៉ែត្រ (មួយម៉ែត្រពីរតឹក) និងបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីបាននិយាយត្រូវរូវគ្នាក្រៅផ្លូវច្បាប់ ជាមួយនិងមេឈ្មួញម្ចាស់រថយន្ដដឹកឈើរួចមក។
អ្នកតាមដានហេតុការណ៍ខាងលើនេះបានដាក់ការសង្ស័យថា ប្រហែលជាលោក វុន វ៉ាន់ ទទួលសំណូកសូកប៉ាន់ ពីម្ចាស់រថយន្ដដឹកឈើខុសច្បាប់ច្រើនហើយមើលទៅ បានជាថ្លើមធំហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់ក្បត់តួនាទីខ្លួនយ៉ាងនេះ។
នៅក្នុងករណីនេះផងដែរ តើអស់លោកមន្ត្រីជំនាញថ្នាក់លើ យល់ឃើញយ៉ាងម៉េចដែរ បើមន្ត្រីរូបនេះចាប់បានបទល្មើសជាក់ស្ដែងហើយ បែជាដោះលែងទៅវិញយ៉ាងដូច្នេះ? ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ តើគួរមានចំណាត់ការបែបណាចំពោះរឿងហ្នឹង?
ជាចុងក្រោយខ្ញុំសូមអំពាវនាវទៅដល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងឯកឧត្ដម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានចំណាត់ការចំពោះមេព្រៃឈ្មោះ វុន វ៉ាន់ ម្នាក់នេះផងទាន ព្រោះមន្ត្រីជំនាញរូបនេះ ចាប់បានបទល្មើសរថយន្ដដឹកឈើប្រណិត ជាក់ស្ដែងហើយ មិនអនុវត្ដទៅតាមផ្លូវច្បាប់ឬតាមតួនាទីរបស់ខ្លួននោះទេ បែជាដោះលែងទៅវិញ ដោយមិនគិត មិនខ្វល់ពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចេញបទបញ្ជាក្ដែងៗរាល់ថ្ងៃ និងមិនគិតពីការវិនាសហិនហោចព្រៃឈើ ធនធានធម្មជាតិដែលជាសម្បត្តិរួមឡើយ។ ដោយ÷ ម៉េង ឈិនចិន
ថ្ងៃនេះ | 39686 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82019 | នាក់ |
ខែនេះ | 229292 | នាក់ |
ឆ្នាំនេះ | 2973596 | នាក់ |
សរុប | 56572492 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:13 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net