ក្រុមប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប យំសោកបោកខ្លួន ព្រួយបារម្ភខ្លាចបាត់បង់ដីលំនៅឋាន និងដីបង្កបង្កើនផល ដោយសារអាជ្ញាធរជាតិអប្សរានៅពេលថ្មីៗនេះបានយកតំបន់មួយចំនួន នៅសង្កាត់នេះ ដាក់ចូលជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលពលរដ្ឋខេត្តសៀមរាបស្អប់ខ្ពើមបំផុត។
ទុកសោករបស់ពលរដ្ឋសង្កាត់ជ្រាវនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបិទផ្សាយផែនទីចាប់ពីចំណុច ត្រពាំងអូរ និងដីទួលប្រាសាទបុរាណនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។
លោក សំ សុខា ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បានថ្លែងនៅថ្ងៃនេះថា ការដាក់ឲ្យមានតំបន់អាជ្ញាធរជាតិអប្សរានោះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការសង់លំនៅឋាន និងការបង្កបង្កើនផលកសិកម្មជាដើម។ លោកបន្ដថា ដីធ្លីពួកគាត់មួយចំនួនបានកាន់កាប់តាំងពីដូនតា រាប់រយឆ្នាំណាស់មកហើយ និងខ្លះទៀតបានទិញតគ្នាដើម្បីតាំងទីលំនៅស្ថាន ប៉ុន្ដែឥឡូវបែជា អាជ្ញាធរជាតិអប្សរា មកប្រកាសថា ជាតំបន់ដែលខ្លួនគ្រប់គ្រងទៅវិញ។
បុរសវ័យ៧០ឆ្នាំរូបនោះ ខកចិត្ដចំពោះរដ្ឋាភិបាលដែលយកកន្លែងរស់នៅដ៏សុខសាន្តរបស់ពួកគាត់ជាច្រើនឆ្នាំមកនោះឲ្យទៅស្ថាប័នអប្សរាគ្រប់គ្រងទៅវិញ ដែលអាចប្រឈមបាត់បង់ដីនៅពេលខាងមុខ។ លោកតា បានមានប្រសាសន៍ទៀតថា អាយុ៧០ឆ្នាំទៅហើយទើបបានដីមួយឡូសំរាប់រស់នៅ ឥឡូវគេថាអប្សរាទៀតហើយតំបន់អប្សរាគឺគេហាមមិនអោយធ្វើអីទេ មិនឲ្យលក់ មិនអោយសាងសង់សូម្បីបង្គន់អាចម៌ ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ពលរដ្ឋនៅភូមិក្រសាំងបានឲ្យដឹងស្រដៀងគ្នាថា ពួកគាត់រស់នៅក្នុងសង្កាត់ជ្រាវនោះមិនដឹងថាជាតំបន់អាជ្ញាធរជាតិអប្សរាកើតឡើងនៅពេលណានោះទេ ប៉ុន្ឌែអ្នកភូមិបន្ដថា នៅពេលមន្ទីរសុរិយោដីបិទប្រកាសក្បាលដីនៅសង្កាត់ជ្រាវនេះ ទើបពួកគាត់ភ្ញាក់ផ្លើល ដោយឃើញមានគំនូសកំណត់ដីរបស់អាជ្ញាធរជាតិអប្សរាគ្រប់គ្រងមួយចំនួន។
លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ ដោយលោកមានប្រសាសន៍ថា លោកទើបដឹងថា មានពីតំបន់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥ នេះឯង។ លោកបន្ដថា មកដល់ថ្ងៃទី៧ ខែមករានេះលោកទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលរងផលប៉ះពាល់ចំនួន៦៦៣ក្បាលដី។ លោកទទួលថា ទីនោះមានត្រពាំង ទីទួលប្រាសាទ ប៉ុន្តែពលរដ្ឋមិនដែលប៉ះពាល់ដល់វត្ថុមានតម្លៃនោះទេ។
ករណីនេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុនកិរិយា មានប្រសាសន៍ថា ដីនៅតំបន់សង្កាត់ ជ្រាវ ស្ថិតនៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យនៅឆ្នាំ១៩៩៥។ លោកស្រីបន្ដថា អាជ្ញាធរជាតិអប្សរាបានប្រកាសបិទផ្សាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពលរដ្ឋបានវាយកំទេចស្លាកអប្សរាចោល។ លោកស្រី ចៅស៊ុនកិរិយា បានបន្ថែមថា តំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានទំហ៊ំដីជាង៤ម៉ឺនហិកតា ប៉ុន្ដែមិនស្ថិតនៅមួយកន្លែងនោះទេ។
ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវក្រុងសៀមរាប ស្នើសុំទៅរដ្ឋាភិបាលកម្ពុជា មេត្តារំសាយអាជ្ញាធរអប្សរាចេញពីសង្កាក់ជ្រាវទៅ ព្រោះនៅសង្កាត់នេះមានតែកូនថ្លុកក្របី និងទីទួលដំបូកគ្រាន់ចងគោក្របីតែប៉ុណ្ណោះ វាមិនមានប្រាសាទបុរាណធំដី ហើយក៏មិនមានត្រពាំងបុរាណអ្វីធំដំនោះដែរ បើមិនជឿសូមរដ្ឋាភិបាលចុះមកពិនិត្យដោយខ្លួនឯងចុះ៕
ថ្ងៃនេះ | 39795 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82128 | នាក់ |
ខែនេះ | 229401 | នាក់ |
ឆ្នាំនេះ | 2973705 | នាក់ |
សរុប | 56572601 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net