នាង កុលដាវី តារាសម្តែងដែលតែងមានរឿងអាស្រូវ ត្រូវបានគេរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ម្សិលមិញនេះ សមត្ថកិច្ចក្នុងសង្កាត់កាកាប បានធ្វើការឃាត់រថយន្តម៉ាក Lexus Lx 470 របស់នាងទុក ព្រោះតែរថយន្តនោះមានស្លាកលេខមិនប្រក្រតី។
ចំពោះសេចក្តីរាយការណ៍នេះ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិសែនជ័យ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា សមត្ថកិច្ចរបស់លោក ពិតជាបាន ឃាត់រថយន្តម៉ាក Lexus Lx 470 របស់នាង កុល ដាវី ពិតប្រាកដមែន។ នោះគឺដោយសារស្លាកលេខរថយន្តរបស់នាងមានលក្ខណៈខុសប្រក្រតី អាចជាប់សង្ស័យក្នុងករណីណាមួយ។ លោក ប៊ន សំអាត បានបញ្ជាក់ថា តាមការពិតស្លាកលេខរថយន្ត របស់នាង គឺជាស្លាកលេខត្រឹមត្រូវ ប៉ុន្តែបែរជាមានការគូសលើស្លាកលេខដើមហើយដាក់លេខផ្សេងទៅវិញ ដូចជា លេខ ៩កែ ទៅជាលេខ៨ ទើបសមត្ថកិច្ចសម្រេចឃាត់រថយន្តនេះ នឹងបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញ ធ្វើការតាមដានត្រួតពិនិត្យឲ្យបានច្បាស់។
ពាក់ព័ន្ធនឹងករណីនេះ នាង កុល ដាវី ដែលជាម្ចាស់រថយន្ត បានថ្លែងថា នាងមិនដឹងទាល់តែសោះថា ស្លាកលេខរថយន្តរបស់នាងខុសពីប្រក្រតី ដោយនាងគិតថា មិនដឹងជាមានក្មេង ណា មកគូសវាសលើស្លាកលេខនេះ ខណៈដែលនាងចតចោលពេលជិះទៅសម្តែង ឬទៅថតម្តងៗនោះ។ នាង កុល ដាវី បញ្ជាក់ទៀតថា បើទោះបីជាសមត្ថកិច្ចឃាត់រថយន្តនាងទុក ត្រួតពិនិត្យពិតមែន ក៏នាង មិនមានការភិតភ័យទៅលើទង្វើខុសច្បាប់អ្វីដែរ ព្រោះនាងមិនមែនជាអ្នកខុស ហើយបានប្រគល់រថយន្តឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតតាមសម្រួល អត់មាន បញ្ហាអ្វីធំដុំទេ ហើយបើឃើញថាស្លាកលេខរថយន្តនោះខុសប្លែក ក៏នាងមិនបារម្ភដែរ ព្រោះនាងមិនដឹងខ្លួនជាកំហុសអចេតនា។
សូមបញ្ជាក់ថា រថយន្តរបស់តារាសម្ដែង កុល ដាវី គឺជារថយន្តម៉ាក Lexus Lx 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2H-9887 ប៉ុន្តែគេបែរជាឃើញមានបាញ់ ថ្នាំកែទៅជាលេខ 2H-8882 ទៅវិញ ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចសម្រេចឃាត់រថយន្តរបស់នាងទុកដើម្បីសួរនាំ និងស៊ើបអង្កេតបន្តនោះ៕ ដោយ: Khmer7News
ថ្ងៃនេះ | 43066 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85399 | នាក់ |
ខែនេះ | 232672 | នាក់ |
ឆ្នាំនេះ | 2976976 | នាក់ |
សរុប | 56575872 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net