យុវជនម្នាក់រងរបួសធ្ងន់ខណៈពេលជិះម៉ូតូដឹកមិត្តស្រីមកពីដើរលេងនៅកោះពេជ្រមកដល់មុខផ្ទះកំពុងលើកទូរស័ព្ទហៅអ្នកផ្ទះបើកទ្វារ ស្រាប់តែត្រូវជនសង្ស័យបាញ់១គ្រាប់ ប្លន់យក ម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១០ កក្កដា នៅមុខផ្ទះលេខ១១ ក្រុម១៤ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុកពី ស៊េរី២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI 8588 ទៅសុំម្តាយរបស់មិត្តស្រីដឹកទៅដើរ លេងនៅ កោះពេជ្រ ពេលត្រឡប់មកវិញជនរងគ្រោះបានជិះម៉ូតូតាមមហាវិថីព្រះមុនីរ៉េតបត់តាមផ្លូវចំការដូង លេខ២១៧ មកដល់ចំណុចស្ពានដែកចំការដូងបានបត់តាមផ្លូវ លេខ៣៧១ បត់ចូល ទៅផ្ទះមិត្តស្រី ដោយមិនបានដឹងថាជនសង្ស័យជិះម៉ូតូដេញតាមតាំងពី ចំណុចណាមកទេ ខណៈពេលមកដល់មុខផ្ទះមិត្តស្រីជនរងគ្រោះបានលើកទូរស័ព្ទហៅសាច់ ញាតិមិត្តស្រី បើកទ្វារផ្ទះឲ្យ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមកដល់បានឆក់ទូរស័ព្ទពីជនរងគ្រោះមិនបានសំរេចហើយបានដកកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះរងរបួសមួយគ្រាប់ ហើយបានគំរាមមិនឲ្យស្រែករួចប្លន់យកម៉ូតូជនរងគ្រោះជិះ ទៅបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួស១គ្រាប់បៀមជាប់ភ្លៅខាងឆ្វេង ។ នារីជាមិត្តស្រីមាន ឈ្មោះ មិន សុធារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញសំបកកាទុសមួយគ្រាប់បន្សល់ទុកនៅកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវមិត្តស្រីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
រហូតដល់ម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដា នៅមុខមន្ទីរពេទ្យមិត្ត ភាពខ្មែរសូវៀត តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ជាមួយនគរបាលប៉ុស្ត៍បឹងទំពុនបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងម៉ូតូមួយគ្រឿង ដែលសង្ស័យពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូស្កុកពីមួយគ្រឿងនៅចំណុចកើត ហេតុខាងលើ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ថាជាជនសង្ស័យពាក់ព័ន្ធនឹងរឿងអ្វីទេ ដោយហាមមិនឲ្យអ្នកសារព័ត៌មានថតទេ ។
ក្នុងនោះសមត្ថកិច្ចបាននាំមិត្តស្រីរបស់ជនរងគ្រោះទៅមើលមុខជនសង្ស័យ និងនាំនាងនិងជនសង្ស័យទាំង៣នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ៕ដោយ កែវ ឈីម
ថ្ងៃនេះ | 35664 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77997 | នាក់ |
ខែនេះ | 225270 | នាក់ |
ឆ្នាំនេះ | 2969574 | នាក់ |
សរុប | 56568470 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:58 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net