ប្រជាពលរដ្ឋឃុំដំបូងរូង ស្រុកភ្នំស្រួច ជាច្រើនគ្រួសារកំពុងក្តៅក្រហាយនិងមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺរឿងដោះលែងបុរសពីរនាក់ដែលវាយអ្នកភូមិឲ្យរងរបួសធ្ងន់ដោយពលរដ្ឋលើកឡើងថាជារឿងអយុត្តិធម៌ និងមានភាពមិនប្រក្រតី។
ក្រុមពលរដ្ឋបានឲ្យដឹងថាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ សាលាដំបូងខេត្តកំពង់ស្ពឺបានដោះលែងជនពីររូបដែលមានឈ្មោះទី១.លោកហែមស៊ុនដារ៉ា និងទី២.លោកមិត្តភាពរស់ នៅភូមិស្រែជើងរាស្ត្រ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលអ្នកទាំងពីរនេះត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាវាយលើបុរសអ្នកភូមិពីរនាក់ទី១.ឈ្មោះ នួនចាន្នី និងទី២.ឈ្មោះ ងួនម៉ៅ មានទីលំនៅជាមួយជនប្រើហឹង្សាខាងលើបណ្តាលអោយរងរបួសផ្នែកក្បាលធ្ងន់ធ្ងរទាំងពីរនាក់កាលពីថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ។
ក្រុមពលរដ្ឋបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុជាច្រើនថ្ងៃនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ជនបង្កហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួន និងសរសេរនុំរឿងបញ្ជូនទៅតុលាការ។ហើយនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ មានតំណាងប្រជាពលរដ្ឋប្រមាណ៧០គ្រួសារមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺទាមទារកយុត្តិធម៌ដោយសារពួកគាត់គិតថាការដោះលែងនោះមានភាពមិនប្រក្រតីដោយសារតែមានការអន្តរាគមន៏ពីអស់លោកអ្នកមានអំណាចថ្នាក់លើ។
ក្រុមពលរដ្ឋបានបញ្ជាក់អោយដឹងថា ដីដែលមានជម្លោះនោះមានទំហំប្រហែលជា២០០ហិកតា គឺលោកស្រីរ៉ែនផលចាន់ឌី និងលោកកងភារុន នេះជាអ្នកចង់គ្រប់គ្រងដោយយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់មកគំរាមកំហែងប្រជាពលរដ្ឋមិនអោយរស់នៅនិងអាស្រ័យផលរហូតបង្កជាអំពើហឹង្សារបែបនេះ។
ជុំវិញបញ្ហានេះស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌលោក សោមបូរា បានឲ្យដឹងថាសំណុំរឿងនេះវាផុតពីសមត្ថកិច្ចនគរបាលព្រោះថា ក្រោយពីយើងបញ្ជូនសំណុំរឿងទៅអោយគេហើយគឺខាងតុលាការជាអ្នកចាត់វិធានការក្រោយមកឮថាមានការដោះលែង និងឮថាមានអ្នកអន្តរាគមពីលើនោះលោកអត់បានដឹងទេ ហើយពិបាកហ្នឹងដឹងណាស់ព្រោះថ្នាក់លើហ្នឹងមានច្រើនម្យ៉ាងទៀតបើយើងហ៊ានទៅសួរខាងតុលាការនោះខ្លាចក្រែងគេថាអោយយើង។
លោក កែវសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺហាក់មិនចង់ឆ្លើយទាក់ទងនិងបញ្ហានេះដោយលោកលើកឡើងថាអោយសួរទៅ (ខាងចៅក្រមគេណាព្រោះរឿងហ្នឹងនៅលើចៅក្រមតែក្រោយមកលោកថាគឺរឿងហ្នឹងគេដាក់អោយនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអត់មានដោះលែងអោយរួចពីកាតព្វកិច្ចនៃសំណាញ់ច្បាប់ទេនៅជាប់ដដែលគ្រាន់តែនៅក្រៅឃុំហើយក៍បិទទូរស័ព្ទ )។
ប្រភពព័ត៌មានក្រៅផ្លូវថ្នល់បានឲ្យដឹងថា ជនបង្កហេតុទាំងពីរនាក់នោះជាដៃជើងអ្នកមានអំណាចទាក់ទង និងទំនាស់ដីធ្លីខណៈដែលអ្នកមានអំណាចនោះមានទំនាស់ជាមួយក្រុមពលរដ្ឋក៍កើតជាអំពើហឹង្សារបែបនេះ តែក្រោយមកដោយមានការអន្តរាគមពីថ្នាក់លើទើបមានការដោះលែងព្រោះតែអ្នកទាំងពីរនោះជាខ្សែបក្ខពួករបស់អ្នកមានអំណាច។
ក្រុមពលរដ្ឋដដែលបានលើកឡើងថាប្រសិនបើតុលាការមិនអនុវត្តនីតិវិធីអោយបានត្រឹមត្រូវយុត្តិធម៌នោះពួកគាត់ និងនាំគ្នាសុំអន្តរាគមពីសម្តេចតេជោហ៊ុនសែននិងក្រសួងយុត្តិធម៌នៅពេលខាងមុខបន្តទៀត៕ ដោយ៖សុភា
ថ្ងៃនេះ | 39857 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82190 | នាក់ |
ខែនេះ | 229463 | នាក់ |
ឆ្នាំនេះ | 2973767 | នាក់ |
សរុប | 56572663 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net