ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាស្ទើគ្រប់គ្នាធ្លាប់បានលឺ និងខ្លះធ្លាប់បានឃើញតំបន់ព្រៃស្អាកដែលមានដើមឈើដុះខ្ពស់ៗធំៗកន្លែងខ្លះគ្មានពន្លឺថ្ងៃចាំចូលដល់ដី ដែលជាប្រភពសត្វស្លាប សត្វពាហនៈស្ទើគ្រប់ប្រភេទនោះ ឥឡូវត្រូវបានគេកាប់រុករានឡើងវាលស្អាតទៅហើយ។
បើតាមប្រជាពលរដ្ឋធ្លាប់រស់នៅទីនោះបានប្រាប់ថា កាលពីជាង១០ឆ្នាំមុន តំបន់ព្រៃស្អាកដែលបច្ចុប្បន្នមានព្រំប្រទល់រវាងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងស្រុកវារិន ខេត្តសៀមរាប ត្រូវបានគេស្គាល់ថា ជាតំបន់ព្រៃដ៏សែនក្រាស ស្ទើតែគ្មានអ្នកហ៊ានដើរចូល មិនថាពេលយប់ ឬពេលថ្ងៃនោះទេ ព្រោះតែក្នុងព្រៃមានសត្វគ្រប់ប្រភេទ និងមានភាពងងឹតទៀតផង។
ប្រជាពលរដ្ឋនៅតំបន់ព្រៃស្អាកនេះបានអះអាងថា ដោយសាមានព្រៃក្រាសទើបបណ្តាលអោយមានសត្វជាច្រើនចូលចិត្តរស់នៅ។ បើលោកអ្នកធ្វើដំណើរឆ្លងកាត់នៅពេលយប់ នោះអ្នកនិងឃើញមានសត្វឈ្លូស ជ្រូកព្រៃ ទន្សាយ សំពោច និងសត្វប្រភេទផ្សេងទៀត ដែលពួកវាដើរឆ្លងកាត់ផ្លូងទាំងហ្វូងៗ។ ពួកគាតថា ឥឡូវព្រៃស្អាកជិតក្លាយជាវាលរហោស្ថានហើយ ព្រោះតែការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញទុច្ចរិត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើលោកអ្នកធ្វើដំណើរឆ្លងកាត់តាមដងផ្លូវតំបន់ព្រៃស្អាក លោកអ្នកអាចឃើញកន្លែងខ្លះត្រូវរងការកាប់បំផ្លាញឡើងវាលតាំងពីមុខដល់ខាងក្រោយ តែកន្លែងខ្លះវិញនៅសល់តែខាងមុខបន្តិចប៉ុណ្ណោះ គ្រាន់តែដើរចូលតែប៉ុន្មានម៉ែត្រទៅខាងក្រោយនោះលោកអ្នក និងឃើញថា ជិតក្លាយជាវាលខ្សាច់សាហារ៉ាទៅហើយ។
បើទោះជាបច្ចុប្បន្នប្រភេទឈើប្រណិតល្អៗរងការកាប់ជិតអស់ក៏ដោយ តែវាក៏នៅសេសសល់ប្រភេទឈើខ្លះដូចជា គគី ផ្ចឹក យាយ (ឈើទាល) ផ្តៀក មួយចំនួនដែលពពួកក្រុមឈ្មួញ គ្រប់ប្រភេទកំពុងបញ្ជាទិញពីប្រជាពលរដ្ឋ និងក្រុមទាហ៊ាននៅតំបន់នោះដែលជាអ្នកអារ កាប់ គាស់ប្រលំ លក់អោយជារៀងរាល់ថ្ងៃ។
តំបន់ព្រៃស្អាកជាតំបន់ហាមឃាត់ ដែលគេហៅថា តំបន់អភិរក្សគូលេនព្រហ្មទេព ហើយតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានលោក ខេង-សុជាតិ គ្រប់គ្រងប៉ែកខេត្តឧត្តរមានជ័យ និងលោក ហុង-តារាវុធ គ្រប់គ្រងប៉ែកខាង ខេត្តសៀមរាបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូរសំលេងរណាយន្ត (អ្នកស្រុកហៅថារណាង៉ោង) លាន់លឺកងរំពង ពេញព្រៃក្បែរៗ ស្នាក់ការបរិស្ថាន របស់កូនចៅលោក ហុង-តារាវុធ និងលោក ខេង-សុជាតិ ស្ទើជារៀងរាល់ថ្ងៃ តែមន្រ្តីទាំងនោះហាក់ដូចជា ត្រចៀកធ្ងន់ ស្តាប់មិនលឺទាល់តែសោះ មិនដឹងថាមកពីមូលហេតុអ្វី។ នៅរដូវវស្សាឈើមិនស្រូវត្រូវបានកាត់ ដូចរដុវប្រាំងទេព្រោះភ្លៀងធ្លាក់ បណ្តាលអោយរថយន្តដែលចូលដឹកឈើជាប់ផុង ពិបាកធ្វើដំណើរ។ តែបើរដូវប្រាំងវិញ លោកអ្នកអាចឈប់រថយន្តស្តាប់សូរសំលេងរណាអារឈើដែលលាន់លឺកងរំពងពេញព្រៃ ហើយការស្តាប់សំលេងនេះ មិនគិតថ្លៃទេ។
ពាក្យចាស់ពោលថា ”ខ្មោចស្រុកអោយដៃទើប ខ្លោចព្រៃហ៊ានចូល“ បើលោក ហុង-តារាវុធ និងលោក ខេង-សុជាតិ មិនអោយកូនចៅបើកដៃអោយ ក្រុមអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនោះចូលកាប់ឈើទេ តើពួកគេអាចកាប់បានដែរឬទេ?
បើយោងតាមសម្តីពីអ្នករកស៊ីកាប់ឈើទាំងនោះធ្លាប់បានបង្ហើបថា អ្នកចូលកាប់ឈើនៅតំបន់ព្រៃស្អាក ត្រូវបង់លុយ១០ម៉ឺនរៀលក្នុងរណាយន្ត១ ក្នុង១ខែ តែបើអ្នកណាហ៊ានលូចអាកាប់ឈើមិនបង់លុយ សមត្ថកិច្ចជំនាញខាងលើ និងចាប់ទាំងមនុស្ស ចាប់ទាំងវត្ថុតាងជាមិនខាន។
ប្រជាពលរដ្ឋនៅតំបន់ព្រៃស្អាកដែលជាអ្នកប្រកបរបរធ្វើស្រែចំការឆ្ងល់ថា តើថ្ងៃណាទើប ឯកឧត្តម ម៉ុក-ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាក់វិធានការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃស្អាកនេះ ដើម្បីទុកអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ព្រៃនេះខ្លះ ឬឯកឧត្តមចង់បើកភ្នែកម្ខាង បិទភ្នែកម្ខាងអោយកូនចៅសន្សំលុយវេជូនក្រាន់ចាយវាយខ្លះដែរទេដឹង?៕