ប្រជាកសិករ និងអ្នកដឹកទឹកលក់តាមរឺម៉កមួយចំនួននៅខេត្ដសៀមរាប បានរិះគន់មន្ដ្រីពន្ធដារ ដែលបានផាកពិន័យលើគ្រឿងយន្ដកសិកម្មនិងរឺម៉កពួកគេ ដោយសារមន្ដ្រីទាំងនោះមិនបានឲ្យវិក័យប័ត្រ និងសរសេរចំនួនទឹកប្រាក់ពេលផាកពិន័យ។
លោក អែម សាយ នៅភូមិសាសាកំរើក ក្រុងសៀមរាប ថ្លែងថា មានមន្ដ្រីពន្ធដារ ប៉ូលីស និងកងរាជអាវុធហត្ថ បានដាក់គោលដៅចាំត្រូតពិនិត្យ និងផាកពិន័យលើយានយន្ដដែលល្មើសច្បាប់ ហើយបានឃាត់គោយន្ដថាឡេថងរបស់គាត់ បង្ខំឲ្យបង់លុយចំនួន១២ម៉ឺនរៀល។ កសិកររូបនេះ បន្តថា សមត្ថកិច្ចចោទថា គោយន្ដនោះមិនមានពន្ធផ្លូវ។ លោកថា មន្ដ្រីពន្ធដារបានផាកពិន័យគាត់ដោយមិនសរសេរចំនួនទឹកប្រាក់ក្នុងវិកយប័ត្រ ។
លោក អៀប វិបុល ជាអ្នកដឹកទឹកលក់តាមរឺម៉ក និយាយថា គាត់ត្រូវបានមន្ដ្រីពន្ធដារផាកពិន័យរឺម៉កកញ្ចាស់មួយគ្រៀងចំនួន៣ម៉ឺនរៀល តែដោយសារអត់មានលុយគ្រប់ចំនួនគាត់បានបង់តែចំនួន១៥០០០រៀល ហើយមន្ដ្រីនោះ មិនបានប្រគល់វិក័យឲ្យទេ។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទងមន្ដ្រីសមត្ថកិច្ច ដែលរងការចោទប្រកាន់នោះបានទេ ដោយសារពលរដ្ឋមិនស្គាល់ឈ្មោះមន្រ្តីទាំងនោះ។
ប្រធានរដ្ឋបាលពន្ធដារ លោក ចៅ ម៉ៅមុន្នី មានប្រសាសន៏ថា ការបង់ពន្ធផ្លូវលើគ្រឿងយន្ដកសិកម្ម មានតំលៃថោក ទៅតាមប្រភេទកំលាំងម៉ាស៊ីន។ លោកបញ្ជាក់ថា តាមច្បាប់ត្រូវពិន័យទាំងឆ្នាំចាស់និងឆ្នាំថ្មីដែលមិនបានបង់ ។ លោកថា រីឯស្ទីកឃរ័សម្រាប់សំគាល់ពន្ធផ្លូវត្រាក់ទ័រមិនអាចយកទៅបិទជាប់ គោយន្ដថាឡេថងបានទេ ។
យ៉ាងនេះក្ដី បើតាមបង្កាន់ដៃផាកពិន័យពន្ធផ្លូវ ដែលសរសេរមិនច្បាស់ ដែលចុះហត្ថលេខាដោយ លោក ហន សម្ភស្ស ដែលអ្នកយកព័ត៌មានយើងទទួលបាន បង្ហាញថា ទឹកប្រាក់នោះមានចំនួនតែបីម៉ឺនរៀលប៉ុណ្ណោះ ខុសពីការលើកឡើងរបស់ប្រជាកសិករថា បានបង់លុយពន្ធផ្លូវចំនួន១២ម៉ឺនរៀល។ រីឯប័ណ្ណបង់ពន្ធផ្លូវលើគោយន្តជាប័ណ្ណសម្រាប់ត្រាក់ទ័រមែន។
មន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សនជ័យ មានប្រសាសន៏ថា មន្ដ្រីពន្ធដារដែលទទួលលុយលើសពីចំនួនចុះក្នុងវិក័យប័ត្រ ចាត់ទុកអំពើពុករលួយ ។លោកជម្រុញឲ្យក្រសួងសេដ្ឋកិច្ច សិក្សាឲ្យបានច្បាស់លាស់ ថាតើគ្រឿងចក្រ និងមធ្យោបាយដឹកជញ្ជូនកសិកម្ម មានប៉ុន្មានប្រភេទមាន នៅស្រុកខ្មែរ ដែលត្រូវបង់ពន្ធ ដើម្បី ជៀសវាងមន្ដ្រី ពន្ធដារឆ្លៀតឱកាសពុករលួយ៕ ដោយ៖ បូ សាវី
ថ្ងៃនេះ | 35161 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77494 | នាក់ |
ខែនេះ | 224767 | នាក់ |
ឆ្នាំនេះ | 2969071 | នាក់ |
សរុប | 56567967 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:35 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net