សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទោសមន្ត្រីក្រោមបង្គាប់របស់លោកនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីមួយ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ថា ទុកបញ្ហាដីរបស់ប្រជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ មិនឱ្យលោកដឹងអស់រយៈពេល៥ឆ្នាំ ដែលស្មើនឹង ១.៨២៥ថ្ងៃ។
សម្តេច ហ៊ុនសែន បានលើកយកបញ្ហាកាន់កាប់ដីរបស់ប្រជាពលរដ្ឋក្នុងអាងទឹកចាស់មួយកន្លែងស្ថិត ក្នុងឃុំអង្គប្រាសាទ និងឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ ដោយសម្តេចបន្ទោសថា មន្ត្រីពាក់ព័ន្ធបានប្រជុំសម្របសម្រួលបញ្ហានេះតាំងពីឆ្នាំ២០០៧ មកម្លេះ ប៉ុន្តែលោក សុខអាន មិនរាយការណ៍អំពីបញ្ហាទុក្ខលំបាករបស់រាស្រ្ត។ សម្តេចបន្តថា ” អារឿងកំប៉ិចកំប៉ុកមិនគួរអោយដឹងចេះយកមកប្រាប់ តែរឿងដីធ្លីពលរដ្ឋធំប៉ុនមេឃ មិនរាយការណ៍ ទុកអោយមានបញ្ហាដល់ទៅ៥ឆ្នាំ“។ សម្តេចមានប្រសាសន៍ថា ពេលនេះសម្តេចសម្រេចប្រគល់ដីនោះទៅឱ្យពលរដ្ឋដូចការទាមទារបស់ពួកគាត់។
ក្នុងឱកាសនេះផងដែរ សម្តេច អំពាវនាវអោយពលរដ្ឋកុំយកដីដែលរដ្ឋចែកជូនទៅលក់យកលុយលេងល្បែងស៊ីសងដល់ទៅចាញ់អស់ តាំងនាំគ្នាដើរពនៀចររកការងារធ្វើ។ សម្តេចបន្តថា និងចុះឈ្មោះអ្នកទទួលបានប្លង់កម្មសិទ្ធិដីដែលរដ្ឋចែកជូនទាំងអស់ទៅក្នុងប្រព័ន្ធកុំព្យួទ័រ ជៀសវាងអ្នកបានដីហើយយកទៅលក់អស់រួចទៅសុំនៅខេត្តផ្សេងៗទៀត។
ពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជាតែងតែនិយាយតៗគ្នាតាមតុកាហ្វេថា វាជារឿងទំលាប់ទៅហើយ ដែលអស់លោកមន្រ្តីក្រោមឱវាតមួយចំនួនរបស់សម្តេច ហ៊ុនសែន រាយការណ៍តែស្នាដៃល្អៗ សំរាប់ឡើងបុណ្យឡើងសក្តិ យកមុខយកមាត់ តែបើរឿងទុក្ខលំបាករបស់រាស្រ្ត ឬខ្លួនឯង បក្ខពួកខ្លួនឯងធ្វើខុសនាំគ្នាជូយលាក់លៀម ឬហៅថា យកដៃបាំងមេឃមិនអោយគេដឹង៕
ថ្ងៃនេះ | 2376 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30664 | នាក់ |
ខែនេះ | 2376 | នាក់ |
ឆ្នាំនេះ | 3585036 | នាក់ |
សរុប | 52944962 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:16 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net