ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានដាស់តឿនមន្ត្រីសុខាភិបាលរដ្ឋទាំងអស់ឲ្យគោរពក្រមសីលធម៌ វិន័យគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនក្នុងការសង្គ្រោះអ្នកជំងឺ មិនថាថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យ ដើម្បីចៀសវាងការរិះគន់នានាពីសាធារណជន ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងចំៗពីករណីធ្លាក់ចុះនូវសីលធម៌គ្រូពេទ្យម្នាក់ ក្នុងការបដិសេធមិនបង្កើតកូនដល់ស្ត្រីម្នាក់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទុកឲ្យស្ត្រីនោះឆ្លងទន្លេលើផ្លូវរថភ្លើងកាលពីខែកុម្ភៈ ដែលធ្វើឲ្យអាប់ឱនដល់គ្រូពេទ្យល្អដទៃទៀត លោកមានប្រសាសន៍ថា សេវាពិនិត្យសុខភាពព្យាបាលជំងឺ ត្រូវមានជាប្រចាំរៀងរាល់ថ្ងៃ ដោយ«ត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈ»។
លោកថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលថា ការរិះគន់អាចកើតមានឡើងគ្រប់ពេលនៅពេលមានកំហុសតែមួយករណី តែការធ្វើល្អរាប់ម៉ឺនមិនត្រូវបានគេសរសើរឡើយ។
សារព័ត៌មានក្នុងស្រុកបានសរសេរពីករណីស្ត្រីលក់លៀសហាលឈ្មោះ ជា ចែត អាយុ២៩ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ បានឈឺពោះ ក៏ទៅមន្ទីរពេទ្យបង្អែកសម្តេចឪដើម្បីសម្រាល តែត្រូវបានបុគ្គលិកមន្ទីរពេទ្យបដិសេធមិនទទួល និងថា គ្មានពេទ្យប្រចាំការ។ ស្ត្រីនោះក៏ធ្វើត្រឡប់មកផ្ទះវិញ តែក៏ឆ្លងទន្លេបង្កើតបានកូនស្រីនៅតាមផ្លូវរថភ្លើង ដែលមានស្ត្រីចំណាស់ម្នាក់ជាអ្នកជួយបង្កើតឲ្យ។
ករណីនេះ មានការភ្ញាក់ផ្អើលសម្បើមនៅភ្នំពេញ និងមានសប្បុរសជនជាច្រើនផ្តល់ថវិកា និងសម្ភារៈយកមកប្រគល់ឲ្យស្ត្រីនោះ ហើយលោកស្រី ប៊ុន រានីហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ។
ក្រៅពីសីលធម៌គ្រូពេទ្យ លោកហ៊ុន សែន បានបន្តលើកឡើងពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលនៃបក្សកាន់អំណាចរបស់លោក ដែលសម្រេចបានដូចជាផ្លូវថ្នល់ស្ពានជាដើម ដែលមានកត្តាជួយជំរុញដល់ពលរដ្ឋមកទទួលសេវាសុខាភិបាលបានទាន់ពេល។
លោកនាយករដ្ឋមន្ត្រីថ្លែងថា បញ្ហាការកសាងផ្លូវថ្នល់ ស្ពាន មានចំណែកធំណាស់ក្នុងការជួយវិស័យ សុខាភិបាល ព្រោះអី បើមានឡានពេទ្យ ឧបករណ៍ពេទ្យគ្រប់គ្រាន់ តែបើគ្មានផ្លូវដឹកមកនោះ តើពួកគាត់មកមន្ទីរពេទ្យតាមណាទៅ។ ជួនកាលជំងឺមិនសមស្លាប់ អាចស្លាប់បាន ព្រោះវាខ្វះផ្លូវ ខ្វះស្ពាន ដូច្នេះរាជរដ្ឋាភិបាល ត្រូវគិតបញ្ហានេះ ជាកញ្ចប់តែម្តង ដោយមិនមែនតែបញ្ហាប្រាក់បៀរវត្សរបស់មន្ត្រីសុខាភិបាលទេ តែត្រូវសម្លឹងព្រៃទាំងមូល មិនមែនមើលឈើមួយដើមៗទេ។
លោកនាយករដ្ឋមន្ត្រី ក៏អំពាវនាវ ឲ្យមន្ត្រីសុខាភិបាលខិតខំបន្តទៀត ក្នុងការតាមដានជំងឺឆ្លង ដូចជាផ្តាសាយបក្សី ទោះមានការស្ងប់ស្ងាត់ក្នុងប៉ុន្មានសប្តាហ៍នេះក៏ដោយ តែត្រូវតែមានការតាមដានជាប្រចាំ និងស្នើឲ្យមានការបរិច្ចាគឈាមជាបន្តទៀត ជាពិសេសពីក្រុមយុវជន។
លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបិទសន្និបាតថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការសង់មណ្ឌលសុខភាពថ្មី មានចំនួន៩៩កន្លែងហើយប្រជាពលរដ្ឋក្រីក្រមានរហូតដល់ជាង៣លាន៨សែន បានទទលការអនុគ្រោះថ្លៃសេវា គឺជាចំនួនកើនលើសឆ្នាំ២០១១ ជិតទ្វេដង៕
ថ្ងៃនេះ | 43402 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85735 | នាក់ |
ខែនេះ | 233008 | នាក់ |
ឆ្នាំនេះ | 2977312 | នាក់ |
សរុប | 56576208 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net