នរណាក៏ដឹងដែរថា ឱ្យតែរថយន្ដដឹកទំនិញ ក្រុមហ៊ុនសូរងួន របស់ លោកឧកញ៉ាសូរ ងួន ភាគច្រើនបំផុត គឺជា រថយន្ដមហាកញ្ចាស់ទ្រុឌទ្រោម មហាបង្ក គ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ(ស្លាប់និងរបួស រួចហើយបន្សល់ភាពពិការ) អ្នកបើកបរ មហាឈ្លើយនិង មហារំលោភច្បាប់ចរាចរណ៍ផ្លូវគោក នៃប្រទេសកម្ពុជា។
ប៉ុន្ដែជាក់ស្ដែង ការមិនទាន់ធ្វើបច្ចុប្បន្ន ភាពមធ្យោបាយដឹកជញ្ជូនរបស់ខ្លួននោះ បាន បង្កឱ្យមានការកកស្ទះចរាចរអស់រយៈ ពេលជាង៤ម៉ោង ដោយសារតែរថយន្ដដឹក កុងតឺន័រផ្អៀងក្រឡាប់ធ្លាក់ទៅលើផ្លូវថ្នល់ ចាប់តាំងពីម៉ោង៥និង១០នាទីនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ នៅកណ្ដាលផ្លូវលេខ ២៧១ កែងផ្លូវទេពផន ។
ការកកស្ទះនេះ បើគិតជាការខាតបង់ គឺ មិនតិចជាងរាប់សិបដុល្លារនោះទេ ដោយសារ តែអ្នកធ្វើដំណើរមិនអាចចរាចរបានដូចប្រក្រតី ព្រោះវាកកស្ទះដល់ទៅជាង៤ម៉ោង ។ ម្យ៉ាងទៀតពេលវេលាម៉ោងធ្វើការរបស់ពួកគេ ក៏ត្រូវខាតបង់ អាចថា កន្លែងការងារ របស់អ្នកដំណើរទាំងនោះ ស្ដីបន្ទោសចំពោះ ភាពយឺតយ៉ាវមកកាន់ការិយាល័យ ។
នៅពេលដែលមានកើតគ្រោះថ្នាក់ចរាចរ ឬកកស្ទះបែបនេះ តើលោកឧកញ៉ា មានការមើលឃើញអំពីផលវិបាកជាច្រើន ដែលកើតចេញពីរថយន្ដដ៏កញ្ចាស់ទាំងនោះរបស់ខ្លួនដែរឬទេ? ឬក៏ដឹងហើយតែធ្វើជាមិនដឹង ។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ធ្លាប់ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្ដភាពកម្ពុជា-ចិន ព្រែកតាមាក់ថា“ហេតុផលមានតែមួយប៉ុណ្ណោះ សម្រាប់ការបិទក្រុមហ៊ុននេះ ប្រសិនបើពួកគេមិនរៀបចំស្ថានភាពដឹកជញ្ជូនឱ្យមានរបៀបទេនោះ”។
សម្ដេចបានលើកឡើងថា រថយន្ដដឹក ទំនិញ ក្រុមហ៊ុនរបស់ លោកឧកញ៉ាសូរ ងួន បានធ្វើឱ្យបាក់ស្ពានព្រះមុនីវង្ស នៅរាជធានី ភ្នំពេញ ។ សម្ដេចតេជោ បានលើកឡើងថា “អ្វីៗគ្រប់យ៉ាង ដែលពួកគេប្រើគឺសុទ្ធតែចាស់ ដូចជាកង់ឡាននិងអ្នកបើកបរមិនល្អ”។ ការព្រមានរបស់សម្ដេចតេជោ បានធ្វើឡើង ជាច្រើនដងមកហើយ ចំពោះក្រុមហ៊ុនរបស់ លោកឧកញ៉ា រូបនេះ ជាពិសេសថែមទាំង បានព្រមានបិទក្រុមហ៊ុនជាច្រើនលើកជាច្រើនសារផងដែរ ។
ថ្ងៃនេះ | 35597 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77930 | នាក់ |
ខែនេះ | 225203 | នាក់ |
ឆ្នាំនេះ | 2969507 | នាក់ |
សរុប | 56568403 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:55 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net