ឈ្មោះការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្តាប់ទៅវាពិរោះខ្លាំងណាស់ មើលពីសំបកក្រៅទៅវាល្អមើលណាស់ តែបើនិយាយពីកិច្ចការបម្រើរាស្ត្រវិញ សេរ៉ូលើសេរ៉ូ ដែលធ្វើអោយប្រជាពលរដ្ឋមានបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ខកចិត្តស្អិតទ្រូង ព្រោះតែការអសកម្មរបស់មន្ត្រីនៅការិយាល័យនេះតាំងពីក្រោមដល់លើ។
ជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចចូលប្រើអាខោនហ្វេសប៊ុគរបស់គាត់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយចោរនោះបានយកអាខោនហ្វេសប៊ុគមួយនេះផ្ញើសារទៅភាគីម្ខាងទៀត (កន្លែងវេលុយ លក់មាស លក់ពេជ្រ) អោយវេលុយអោយពីរលើកគឺ លើកទីមួយចំនួនប្រាំបួនលានរៀល និងលើកទីពីរចំនួនប្រាំមួយលានរៀល សរុបគឺ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល។ មិនតែប៉ុណ្ណោះចោរនោះបានផ្ញើសារទៅអ្នកផ្សេងជាច្រើននាក់ទៀត ធ្វើអោយមានការភ្ញាក់ផ្អើលដល់ម្ចាស់អាខោនហ្វេសប៊ុគ ដែលគាត់ពុំដឹងខ្លួនសោះ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដដែលម្ចាស់អាខោហ្វេសប៊ុគ បានទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប វេលាប្រហែម៉ោង៣រសៀល ដើម្បីសុំដាក់ពាក្យបណ្តឹង តែជាអកុសល្យមន្រ្តីដែលប្រចាំការក្នុងការិយាយល័យនេះ បានច្រានចោលមិនទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍នោះទេ ថែមទាំងពោលពាក្យថា ”ករណីបែបនេះវាបានកើតឡើងច្រើនណាស់ ដោះស្រាយមិនចេញទេ ហើយបើចាប់ចោរបានក៏យកលុយមិនបានដែរ ព្រោះចោរវាចាយអស់ហើយ បានត្រឹមតែដាក់គុគតែប៉ុណ្ណោះ“។ បន្ទាប់មកជនរងគ្រោះជាម្ចាសអាខោនហ្វេសប៊ុគបានត្រឡប់មកផ្ទះវិញ ហើយបារម្ភថា ចោរអាចយកហ្វេសប៊ុគគាត់ទៅឆបោកលុយអ្នកផ្សេងទៀត ដូចនេះ គាត់បានពឹងប្អូនរបស់គាត់ អោយជួយយកអាខោនហ្វេសប៊ុគគាត់មកវិញ ហើយជនរងគ្រោះម្ចាស់អាខោនហ្វេសប៊ុគក៏បានបដិសេធជាមួយម្ចាស់លុយផងដែរថា គាត់ពុំបានអោយវេលុយអោយទេ ហើយលេខទូរស័ព្ទដែលទទួលលុយក៏មិនមែនជាលេខរបស់គាត់ដែរ តែម្ចាស់លុយនៅតែដាក់បន្ទុកអោយគាត់ចេញសងដដែល។
លុះដលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ព្រឹកមិញនេះ ម្ចាស់អាខោនហ្វេសប៊ុគបានទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាម្តងទៀត ដើម្បីសុំធ្វើសេចក្តីរាយការណ៍ពីករណីខាងលើដដែល តែខាងមន្ត្រីប៉ូលីសនៅការយាល័យនេះ មិនព្រមទទួលយកសេចក្តីរាយការណ៍របសជនរងគ្រោះនោះទេ ហើយឆ្លើយយកលេសថា “បើអាខោហ្វេសប៊ុគយកមកវិញបានដោយខ្លួនឯងហើយ ខាងប៉ូលីសមិនទទួលសេចក្តីរាយការណ៍ទេ ហើយថែមទាំងគម្រាមជនរងគ្រោះថា សងលុយគេទៅ បើមិនអញ្ចឹងថ្ងៃទី១មិថុនា ម្ចាស់លុយគេប្តឹងទៅតុលាការ អោយចាប់ខ្លួនហើយ”។ បន្ទាប់មកជនរងគ្រោះបានលខទូរស័ព្ទទៅលោក ម៉ៅ ហាក់ ស្នងការរងទទួលបន្ទុកការិយាល័យបច្ចេកវិទ្យាផ្ទាល់ តែលោក ម៉ៅ ហាក់ ក៏បដិសេធមិនទទួលសេចក្តីរាយការណ៍ដូចកូនចៅក្រោមឱវាទរបស់គាត់ដែរ។
សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ មានករណីអ្នកលក់ប៉ើតប៉ោងនៅផ្លូវ៦០ម៉ែត្រ ត្រូវបានគេពង្រត់កូនស្រីអាយុជាង១០ឆ្នាំ យកទៅពួកជួលបន្ទប់ក្នុងក្រុងសៀមរាប តែឪពុករកមិនឃើញ ហើយទូរស័ព្ទកូនស្រីគាត់ខលចូលតែមិនមានអ្នកលើកទទួល ដូច្នេះគាត់ក៏សម្រេចចិត្តទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអោយជួយឆែកមើលទីតាំងកន្លែងកូនគាត់ស្នាក់នៅតាមរយៈលេខទូរស័ព្ទ តែជាអកុសល្យក្រុងមន្ត្រីទាំងនេះ បដិសេធមិនព្រមទទួលពាក្យបណ្តឹង និងមិនទទួលសេចក្តីរាយការណ៍ ហើយអោយឪពុកជនរងគ្រោះទៅប្តឹ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។ កាលនោះឪពុកជនរងគ្រោះបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា គាត់ចង់ដាច់ខ្យល់ស្លាប់ បើមិនមែនជាកូនស្រីទេ ជារបស់ទ្រព្យល្មមៗដែលបាត់ គាត់សុខចិត្តក្រវាត់ចោល មិនបាច់ប្តឹងទេ ព្រោះទៅប្តឹងនៅប៉ុស្តិ៍ស្លក្រាមគេមិនទទួល រត់ទៅក្រុង ក្រុងអោយទៅខេត្ត រត់ទៅខេត្ត ខេត្តអោយមកក្រុងវិញ រត់ចុះរត់ឡើងៗៗ ចុងក្រោយបានខាងអធិការនគរបាលក្រុងទទួលពាក្យបណ្តឹងជួយរកកូនស្រីគាត់។
ពលរដ្ឋនៅខេត្តសៀមរាប មានការងឿងឆ្ងល់ថា តើការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ម៉ៅ ហាក់ ស្នងការរង បង្កើតឡើងដើម្បីអ្វី? ព្រោះពេលពលរដ្ឋមានបញ្ហាពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យា រត់ទៅរកជំនួយពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខាងលើនេះ តែបែជាដេញពលរដ្ឋចេញ ហើយប្រើភាសា គម្រោះគម្រើយ ត្រគោះបោះបោក មិនគោរពវិជ្ជាវីវៈក្នុងនាយជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ។
ពលរដ្ឋខេត្តសៀមរាប សូមផ្ញើសារទៅឯកឧត្តម តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មេត្តាត្រួតពិនិត្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផង ថាតើគួរទុកបន្តទៀត ឬរំសាយចោល ជៀសវាងបំផ្លាញថវិការរដ្ឋឥតប្រយោជន៍ ព្រោះធ្វើការពាក់ព័ន្ធករណីបច្ចេកវិទ្យាអត់បានផង សូម្បីតែរឿងប៉ុនក្រចកដៃដូចករណីខាងលើនេះ?៕ ដោយៈ ផ្លុង រ៉េត រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ