លោក មុត-អៀម អាយុ៦៩ឆ្នាំ រស់នៅភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានអធិការនគរបាលស្រុកអន្លង់វែង ឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ពីបទឆបោកលុយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នា។
លោក ស៊ុយ-សេង អធិការនគរបាលស្រុកអន្លង់វែងបានប្រាប់ក្រុមអ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ខែមិថុនានេះថា លោកបានចាប់បុរសជាប្រជាពលរដ្ឋម្នាក់ខាងលើពីបទឆបោក ហើយលោកបានបញ្ជូនទៅសាលាដំបូងខេត្តតាំងពីល្ងាចថ្ងៃទី២៨មកម្លេះ។ លោកអធិការបន្ថែមថា ខាងប៉ូលីសចាប់ខ្លួនអ្នកឆបោកលុយមិនមែនចាប់អ្នកការសែតទេ បើចង់ដឹងរឿងលំអិតសួរទៅតុលាការចុះ។
លោក កូយ-កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ដដែលនេះថា បុរស់ម្នាក់ដែលប៉ូលីសចាប់ខ្លួនបញ្ជួនមកតុលាការខាងលើនេះ គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលចោទថា លោកមុត-អៀម នេះបានឆបោកប្រាក់ពីប្រជាពលរដ្ឋ២លើក គឺលើកទី០១ចំនួនជាង៤០ម៉ឺនរៀល លើកទី២ជាង៣០ម៉ឺនរៀល។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ ប្រជាពលរដ្ឋនៅភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាង៣០គ្រួសារបានផ្តល់បទសំភាសន៍អោយអ្នកសារព័ត៌មានយើងនៅមុខអធិការដ្ឋាននគរបាលស្រុកអន្លង់វែងថា លោកមុត-អៀម ជាមនុស្សស្លូតត្រង់មិនមែនជាជនឆបោកដូចការចោទខាងលើទេ។ ពួកគាត់បន្តថា ប្រាក់ដែលលោក មុត-អៀម បានទទួលពីប្រជាពលរដ្ឋនោះគឺពលរដ្ឋបានរៃអោយគាត់ក្នុងមួយគ្រួសារចំនួន៥ពាន់រៀល ៣ពាន់រៀល ដែលជាឈ្មួលអោយគាត់ជួយថតរូបផ្តិតរូបអោយពួកគាត់ ព្រោះលោក អៀមមានកាមេរា ហើយពួកគាត់មិនចង់ចំណាយពេលទៅថតម្នាក់ម្តង់នៅឯស្រុកអន្លង់វែង។
ពលរដ្ឋបានបញ្ជាក់បន្ថែមថា គាត់អោយលោក មុត-អៀម ថតរូបពួកគាត់ទាំងផ្ទះទាំងគ្រួសារ ដើម្បីយកទៅភ្នំពេញជូនសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនដើម្បីអោយជួយអន្តរាគមន៍អោយពួកគាត់មានដីល្លីនៅពិតប្រកដ និងសុំអោយពួកគាត់មានឈ្មោះបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
លោកស្រី សាមុតរ៉ា និងកូនក្នុងបន្ទប់គ្រួសារ៨នាក់ សូមសំនូមពរទៅសម្តេច ហ៊ុន-សែន និងលោកជំទាវអោយជួយរកយុត្តិធម៌អោយពួគាត់ផង ព្រោះនេះជាការចោទប្រកាន់ដោយអយុត្តិធម៌សំរាប់ក្រុមគ្រួសាររបស់គាត់។
លោក អ៊ុក-សុភារិន្ទ ចាងហ្វាងកាសែតក្រុងសៀមរាប បានអោយដឹងនៅរសៀលថ្ងៃទី២៩នេះថា កូនចៅរបស់លោក ពិតជាមិនបានប្រព្រឹត្តិខុសច្បាប់ដូចការចោទប្រកាន់ខាងលើនោះទេ។ គាត់គ្រាន់តែត្រូវបានប្រជាពលរដ្ឋពឹងពាក់អោយជួយថតរូប ហើយគេអោយលុយមួយគ្រួសារ៣ទៅ៥ពាន់រៀលទៅគាត់នោះវាជាថ្លៃផ្តិតរូបថត មិនមែនឆបោកទេ។ លោកសុភារិន្ទបានន្តថា លោកបានទំនាក់ទំនងតាមទូរស័ព្ទទៅលោកព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យសុំធានាកូនចៅរបស់គាត់អោយនៅក្រៅឃុំ តែលោកព្រះរាជអាជ្ញាថា មិនបានទេ បើមានការអ្វីទាក់ទងទៅលោក ហាង-សុភា ចៅក្រមស៊ើបសួរចុះ។ លោកសុភារិន្ទ បានអះអាងថា លោកនិងធ្វើលិខិតស្នាមទៅក្រសួងព័ត៌មាន និងសង្គមស៊ីវិលដើម្បីអោយជួយអន្តរាគមដោះលែងកូនចៅលោក ព្រោះគាត់ជាមនុស្សស្លូតត្រង់គ្មានកំហុសដូចការចោទទេ។ លោកសុភារិន្ទ ចាងហ្វាកាសែតក្រុងសៀមរាបសូមអោយលោកព្រះរាជអាជ្ញា និងលោកចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យមានត្តាពិចារណានិងជួយផ្តល់យុត្តិធម៌ដល់លោក មុត-អៀម ផង៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 2521 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30809 | នាក់ |
ខែនេះ | 2521 | នាក់ |
ឆ្នាំនេះ | 3585181 | នាក់ |
សរុប | 52945107 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:24 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net