សុភាសិតខ្មែរ១ពោលថា ”ដឹកឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា“ ចូរបកស្រាយ
កវីនិពន្ធបុរាណបានបន្សល់ទុកនូវស្នាដៃជាច្រើនសំរាប់អប់រំដាស់តឿនមនុស្សប្រុសស្រី ទាំងអស់នៅគ្រប់ទីកន្លែង អោយមានសណ្តាប់ធ្នាប់ល្អសមរម្យ។ អាស្រ័យហេតុនេះហើយទើបមានសុភាសិតខ្មែរមួយបានពោលថា ”ដឹកឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា“ តើសុភាសិតមួយឃ្លានេះមានអត្ថន័យខ្លឹមសារយ៉ាងណាដែរ?
ដើម្បីជាត្រីវិស័យសំរាប់ដោះស្រាយ បញ្ហាខាងលើនេះអោយងាយយល់ និងជៀសវាងការភាន់ច្រឡំយើងគប្បី យល់អត្ថន័យនៃពាក្យមេបាជាមុនសិន។ មេបា គឺសំដៅលើ ឳពុកម្តាយ អាណាព្យាបាល គ្រូឧបជ្ឈាយ ឬអ្នកទទួលខុសត្រូវ។ ប្រជាកសិករខ្មែរតែងតែ ច្នៃឧបករណ៍ប្រើប្រាសផ្សេងៗយកមកប្រើប្រាសដើម្បីបំពេញការងារស្រែចំការរបស់គាត់ ដូចជា នង្គ័ល រនាស់ ចប រទេះ ដឹង និងសំភារៈ មួយចំនួនផ្សេងទៀត។ ដឹងគឺជាសំភារៈសំរាប់យកទៅចាំងរំលីងឈើអោយត្រង់ស្មើ ឬអោយរលោងស្អាត។ បទពិសោធន៍នៃការប្រើសំភារៈដឹងនេះទាក់ទងនឹងសុភាសិតមួយឃ្លាគឺ ”ដឹងឆ្លើយព្រោះដង“ វាមានន័យថា ដងរបស់វាងើយឡើង ជ្រុលពេកធ្វើអោយការចាំងឈើ មិនបានស្រួល ឬមិនមុតល្អ ព្រោះវាចេះតែខ្ទាតឡើង លើវិញនៅពេលដែលកាប់ឬចាំង។ នេះមកពីការបញ្ចុះដងនិងផ្លែមិនស្រួលបួលត្រឹមត្រូវ។ ពេលខ្លះមកពីដងរលុងពេក ហើយត្រូវប្រើស្នៀតសៀតជុំវិញដងជាច្រើន។ ផ្សេងទៀតមកពីដងនោះជាឈើមិនល្អ មានថ្នាំងច្រើនហើយវៀច ក៏បណ្តាលអោយទើសទែងក្នុងការកាប់ចាំងនោះដែរ។ ដូចនេះហើយការបញ្ចុះដងដឹង ផ្លែមិនជាប់ណែនល្អ ឬដងមិនល្អ នាំអោយការប្រើប្រាសជួបនឹងបញ្ហា។
ផ្លែដឹងប្រៀបនិងកុលបុត្រកុលធីតាប្រុសស្រី ដែលពុំទាន់ស្គាល់ច្បាស់ពីល្អអាក្រក់ ឬអំពើខុសឆ្គងផ្សេងៗនៅឡើយទេ ឯដងដឹងប្រៀបធៀបទៅនឹងឳពុកម្តាយ អាណាព្យាបាល គ្រូឧជ្ឈាយដែលជាអ្នកគ្រប់គ្រង។ ក្នុងជីវភាពរស់នៅរបស់មនុស្សយើងគេសង្កេតឃើញថា មាតាបីតាមួយចំនួនមានចិត្តទូលាយធូរលុងពេក ក្នុងការដាស់តឿនព្រានប្រដៅកូនចៅ ខ្លះទៀតអាណាព្យាបាលខ្លួនឯងផ្ទាល់ ជាអ្នកប្រព្រឹត្តិមិនល្អ មានចរិតមិនសមរម្យ បែបនេះជាគំរូអាក្រក់ដល់កូនចៅ។ ឳពុកម្តាយអាណាព្យាបាល គ្រូឧជ្ឈាយ គប្បីខិតខំកែប្រែខ្លួនឯង អោយល្អសព្វយ៉ាង ដើម្បីធ្វើជាគំរូល្អដល់កូន ចៅជំនាន់ក្រោយ។ កូនល្អ ឬអាក្រក់អាស្រ័យលើមាតាបិតា អ្នកគ្រប់គ្រងនេះហើយ។ សមដូចពាក្យចាស់ពោលថា ”ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឬល្អពុម្ភទើបល្អព្រះ“។ ក្នុងសង្គមយើងតែងឃើញកុមារ និងយុវជនមួយចំនួន មានចរិតលក្ខណៈមិនសមរម្យថ្ងៃថ្នូរប្រព្រឹត្តអំពើអាក្រក់ពាលាសាហាវយង់ឃ្នង កាប់ចាក់ ខិលខូចមិនចូលរៀនសូត្រ ទាំងនេះជាកំហុសឳពុកម្តាយ និងអ្នកគ្រប់គ្រង មិនមែនជាកំហុសរបស់កុមារ និងយុវជនទាំងនោះឡើយ។ សេចក្តីអាក្រក់ទាំងនេះ បណ្តាលមកពីអ្នកគ្រប់គ្រងមានលក្ខណៈធូររលុងមិនបាននែនាំព្រានប្រដៅអោយត្រឹមត្រូវច្បាស់លាស់ មិនឆ្លៀតឱកាសតាមដានសកម្មភាពរៀនសូត្ររបស់កូនចៅ យូរទៅនិងក្លាយជាទំលាប់អាក្រក់ កែលែងបាន។ មួយវិញទៀតអ្នកទំលាប់លួចក្លាយជាចោរ ឯអួតទំលាប់ខ្ជិល ខូចនិងក្លាយជាទំលាប់អាក្រក់ ដែលសង្គមស្អប់ខ្ពើម។ ផ្សេងពីនេះទៀតគ្រួសារខ្លះជួបនិងវិបត្តិច្រើន មិនបានទទួលការអប់រំនែនាំល្អ ត្រឹមត្រូវពីសំណាក់ឳពុកម្តាយ។ ជួនកាលទៀតមាតាបិតាខ្លះទំរើសកូន ធ្វើអោយកូនៗភ្លើតភ្លើនភ្លេចអ្វីដែលល្អត្រឹមត្រូវដូចនេះអាកប្បកិរិយា ឆ្គាំឆ្គងបណ្តាលមកពីម៉ែឳអាណាព្យាបាល មិនបានអប់រំនែនាំ។ ក្នុងអក្សរសិល្ប៍រឿងកុលាបប៉ៃលិនចរិតឆ្មើងឆ្មៃរបស់ឃុននារីបានបញ្ចាំងអោយឃើញពីភាពមិនយកចិត្តទុកដាក់ អប់រំកូនរបស់លោកហ្វូង។ មកពីគាត់ជាប់រវល់និងមុខរបរច្រើនពេក ម្យ៉ាងទៀតគាត់មានកូនស្រីតែមួយផង ជាហេតុធ្វើអោយគាត់ទំរើស ដល់ឃុននារីដែលជាកូន។ សរុបសេចក្តីមកសំភារៈដឹងយកមកប្រើមិនស្រួលប្រាកដជាបន្ទោសទៅលើដងហើយ ឯចរិតលក្ខណៈមិនត្រឹមត្រូវរបស់កូនចៅ ក៏ត្រូវបានគេបន្ទោសមកលើឳពុកម្តាយដែរ។
ឆ្លងតាមការបកស្រាយខាងលើរកឃើញជាសុភាសិតនេះ មានអត្ថន័យល្អត្រឹមត្រូវ សំរាប់ដាស់តឿនពញ្ញាក់ស្មារតីដល់អាណាព្យាបាលគ្រប់រូប អោយខិតខំអប់រំនែនាំកូន និងទំលាប់ធ្វើអំពើល្អដោយខ្លួនឯងផ្ទាល់ សំរាប់គំរូដល់កូនចៅ។ ដូចនេះកុលបុត្រកុលធីតាទាំងឡាយអើយ ត្រូវតែបោះបង់ចោលនូវគំនិតមាយាត មិនល្អ និងអំពើអាក្រក់ ជាពិសេសកុំសេបគ្រឿងញៀន និងកុំសេបគ្រឿងស្រវឹងក្នុងវ័យសិក្សា៕ ដោយ៖ លោកគ្រូ ជៀប-អង្គាវឌ្ឍនា