តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?

ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 09 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 09:10 នាទី ចំនួនអានៈ 2553

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ។ យើង​​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

មាតិកា

១ ប្រវត្តិ

២ ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ

៣ ទំនៀមចូលឆ្នាំ

៤ វាលុកចេតិយ

៥ រួមអានិសង្ស

៦ អានិសង្សវាលុកចេតិយ

៧ ផ្សឹកវាលុកចេតិយ

៨ ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

       ៨.១ អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ

ថ្ងៃ ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេងអាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិតអាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ពាហនៈ លា
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ពាហនៈក្ងោក

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្តត ​។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ​ដែល​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា "សាមញ្ញសសង្ក្រាន្តត" (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្តត) ។ មហាសង្ក្រាន្តត​ ដែល​ប្រើ​របៀប​គន់​គូរ​តាម ​ចន្ទគតិ ​ហៅថា "អាយន្តសង្ក្រាន្តត" (ពេល​ដែល ​ព្រះអាទិត្យ ​ដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ ចន្ទ​គតិ ​ដោយ​យោង​ទៅ​ ​សុរិយគតិ ព្រោះ​ ចន្ទគតិ​ មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិ ​ច្រើន ។ ចំណែក​ឯ ​ថ្ងៃ​ចូលឆ្នាំ​តាម ​ចន្ទគតិ​ មិន​​ទៀង​ទាត់​ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​ ។ ប៉ុន្តែ​ នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខ ​ទេ ។ ដូចនេះ​ សង្ក្រាន្តត ​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ ។

ពិធី​ផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​ត​ទៅ ៖ ​ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ ​។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​ ។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ​។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

  • ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។

 

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះ​បរម​សាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​ដាច់ ឆ្នាំ​ចាស់ ចូល​ឆ្នាំថ្មី ដោយ​ពិស្តារ​ អ្នក​ដែល​បាន ផ្ងូត​ទឹក​ឲ្យ​មាតា​ បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏​មហិមា សំបូរ​ដោយ​រតនៈ​ ៧ ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូប​ឆោម​ល្អ និង សំបូរ​ដោយ​ចតុរង្គសេនា ជាអ្នកបាន​សេចក្តី​សុខ​គ្រប់​យ៉ាង ។ អ្នក​ដែល​បាន​លែង​សត្វតិរច្ឆាន ដូចជា​ មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែលបាន​លេងសត្វអំបាលនោះ អ្នក​នោះ​រមែង​ជា​អ្នក​មាន​អាយុ​យឺន​យូរ ជា​អ្នក​មាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុង​កាល​ទាំង​ពួង​ប្រកប​តែ​សេចក្តី​សុខ ។ ដោយ​ផល្លានិសង្ស​ដែល​បាន​ស្រង់​ព្រះ​សង្ឃ អ្នក​នោះ​ទោះទៅកើតក្នុងភពណាៗ​រមែង​មាន​រូប​ឆោម​ល្អ​ជា​ទី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ​ ជា​អ្នក​មាន​សំបុរកាយ​ផូរផង់ ជា​ទី​គាប់​ចិត្ត​ជាទីគួរ​ឲ្យ​មើល ជា​អ្នក​មាន​ប្រាជ្ញាស្រួច ជា​អ្នក​ក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះ​ចប់​នូវ​ព្រះបិដក ជា​អ្នក​មាន​អាយុ​យឺន​យូរ​រាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវ​គណញាតិ សុទ្ធ​តែ​ជា​អ្នក​ឧត្តម​ថ្លៃ​ថ្លា។ ទាំង​នេះ​ជា​អានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំង​នោះ ។

អានិសង្សវាលុកចេតិយ

ក្រៅពី មហាសំការសូត្រ នៅមាននិទាន​មួយ​ទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់​តែងជាភាសាខ្មែរ​យូរ​លង់​ណាស់​មក​ហើយ ​មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយក​រឿងនេះទេសន៍ ។ ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​នោះ និទាន​​មួយ​​ក្នុង​​ចំណោម​​និទាន​​ទាំង​ ៣ នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍ គឺ ៖

  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ ពាណិជ​ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិសជាតំណាង​ ចូលាមុណីចេតិយ ដែល​​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ ​នៅ​ឋាន​ត្រៃត្រឹង្ស​ ។ ស្រេច​ហើយ​ពួក​ពាណិជទាំង​​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​​បន្ត​ទៀត ។ បារិកពោធិសត្វ និង ​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយបានទៅកើតជាទេវ​បុត្រ​នៅ​ឋាន​សួគ៌ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង ត្រា​រាប់​ពុំ​បាន​ឡើយ​ ។ ក្នុង​​ទី​បំផុត ​បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ​អំណាច​ផល្លានិសង្ស ដែល​បាន​សាង​ វាលុកចេតិយ ។
  • វិភាគ​ និង​កំណត់​សម្គាល់៖

បើ​អ្នក​អាន​វិភាគ​បន្តិច​លើ​សាច់​រឿង​និទាន​នេះ គេ​អាច​រក​ឃើញ​ថា​ វា​ប្រហែល​ជា​រឿង​និទាន​​ដែល​ប្រឌិត​ឡើង​ដោយ​​ពួក​អ្នក​កាន់​​លទ្ធិព្រាហ្មណ៍ ឬ​ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ ដែល​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់​មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរព​រាប់ទុក​​ថា​ជា​ពុទ្ធសាសនា​របស់​ខ្លួន ។ ពុទ្ធសាសនា​និកាយ​មហាយាន​​មាន​ទស្សនវិជ្ជា​និង​កិច្ច​បូជា​​ស្រដៀង​គ្នា​នឹង​លទ្ធិព្រាហ្មណ៍​ ដោយ​លាយ​ចម្រុះ​ជា​មួយ​នឹង​កិច្ច​ខាង​សាសនា​របស់​ជនជាតិ​ដើម​របស់​អ្នក​ស្រុក​នៃ​ប្រទេស​ទាំង​នោះ​ផង ។ ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​គ្នា​ច្រើន​​ទាំង​ខាង​ទ្រឹស្តី និង ការ​អនុវត្ត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​ ដែល​មាន​វប្បធម៌ និង ​សាសនា​ដើម​​របស់​មនុស្ស​ម្ចាស់​ស្រុក​ផ្សេង​ៗ​គ្នា​ ។​​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ការ​បែក​ខ្ញែក​ជា​ច្រើន​និកាយ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន សូម្បី​នៅ​ទីបេ​​​ក៏​មាន​និកាយ​ធំ​ៗ​ចំនួន​ ៤ និង​និកាយ​តូច​ៗ​ច្រើន​ទៀត ។ ពួក​គេ​​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ពោធិសត្វ​ច្រើន​រាប់​មិន​អស់ ដែល​ទុក​ដូច​ជា​កប៉ាល់ (យានធំ)​ កំពុង​រង់​ចាំ​ជួយ​ស្រោច​ស្រង់​ចម្លង​​មនុស្ស​យក​ទៅ​ដាក់​នៅ​ស្ថាន​ សុខាវតី (Sukhavati or Pure Land) ដែល​គេ​ជឿ​​ថា​ជា​ស្ថាន​​ស្ថិត​នៅ​ចម្ងាយ​មួយ​លាន​គីឡូម៉ែត្រ​ភាគ​ខាងលិច​ផែន​ដី ដែល​នៅ​ទី​នោះ​មាន​ព្រះ​ពុទ្ធ​មួយ​អង្គ​​ព្រះ​នាម​ អមីតាភៈ (Buddha Amitabha)។ ពួក​គេ​បង្រៀន​ថា​ ព្រះ​ពុទ្ធ​​ អមិតាភៈ បាន​សន្សំ​កុសល​រាប់​ម៉ឺន​ជាតិ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ដែល​កំពុង​គង់​មាន​ជីវិត​នៅ​ឯ​ស្ថាន​ សុខាវតី ។ ពួក​អ្នក​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​​ជឿ​ថា​ បើ​មនុស្ស​ណា​ម្នាក់​បាន​សូត្រ​ឈ្មោះ​ព្រះ​ពុទ្ធ​ អមិតាភៈ ឲ្យ​បាន​ដប់​ដង​មុន​ពេល​ស្លាប់​​ ពេល​នោះ​គេ​នឹង​បាន​ទៅ​កើត​នៅ​ស្ថាន ​សុខាវតី ។ អ្នក​បួស​នៅ​ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន​ ជាពិសេស​នៅ​ទីបេ ត្រូវ​ស្បថ​ (ទាំង​អស់​មានចំនួន ៤៨) ថា​បើ​ខ្លួន​បាន​ក្លាយ​ជា​ព្រះ​ពោធិសត្វ​ពេល​ណា​ គេ​មិន​ត្រូវ​ចូល​ទៅ​ស្ថាន​ សុខាវតី​ចោល​មនុស្ស​លោក​ទេ ពោល​គឺ​នៅ​រង់ចាំ​ចម្លង​មនុស្ស​លោក​ឲ្យ​អស់​ពី​ផែនដី​ទៅ​ដាក់​ទី​នោះ​សិន​ ទើប​ខ្លួន​អាច​ចូល​ទៅ​តាម​ក្រោយ ។ ក្នុង​រាល់​អំពើ​ និង ការ​បង្រៀន​ទាំង​អស់ ពួក​គេ​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ​ ករុណា (compassion) ពោល​គឺ​ការ​ផ្សាយ​មេត្តា​ចំពោះ​គ្រប់​សត្វ​ទាំង​អស់​ ជា​ពិសេស​មនុស្ស ។​ សង្ឃ​ក្នុង​និកាយ​នេះ​មិន​ឆាន់​សាច់​សត្វ​ទេ ព្រោះ​ពួក​លោក​យល់​ថា​​វា​គឺ​ជា​​ទង្វើ​ដែល​​​លើក​ទឹក​ចិត្ត​ដល់​ការ​សម្លាប់​សត្វ​មាន​ជីវិត​បន្ត​ទៀត ។​ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​នូវ​ទ្រឹស្តី, ជំនឿ និង កិច្ច​នានា​នៃ​ពុទ្ធសាសនា​មហាយាន ? យើង​ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ខ្លះ​ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​កាន់​ពុទ្ធសាសនា​និកាយ​មហាយាន​ដែរ ហេតុ​នេះ​ហើយ​ទើប​​​យើង​ឃើញ​មាន​និទាន​ឬ​ជាតក​ច្រើន​រាប់​សឹង​មិន​អស់​ដែល​ពោល​សរសើរ​ពី​អានិសង្ស​អស្ចារ្យ​​នៃ​ទាន​​នេះ​ឬ​ទាន​នោះ​ សូម្បី​តែ​វត្ថុ​ទាន​តែ​​បន្តិច​ក៏​អាច​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ រស់​នៅ​ក្នុង​​​វិមាន​ស្កឹម​ស្កៃ​ បើ​កើត​នៅ​លើ​​ផែនដី​ក៏​បាន​ជា​មនុស្ស​មាន​អំណាច​ផុត​គេ​​ប្រកប​ដោយ​​អ្នក​បម្រើ​ ឬ​ប្រពន្ធ​រាប់​មិន​អស់​ ។ ការ​បង្រៀន​បែប​នោះ​​គឺ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ការ​ឲ្យ​វត្ថុ​ទាន និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​​ និង​ប្រតិបត្តិ​តាម​ធម៌​ពិត​របស់​ព្រះ​ពុទ្ធ​ទេ ។ វា​ជា​ការ​បង្រៀន​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​យល់​ច្រឡំ​ថា​ជា​ពាក្យ​របស់​ព្រះ​ពុទ្ធ​ ។

  • និទានទី ២ ដំណាលពី​នាយ​នេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់​ មិន​ដែល​បាន​ធ្វើ​បុណ្យ​​ម្តងសោះ​ ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១​រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់​ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះគិតរួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង ពុន​បាយ ១​កញ្ចប់​ចេញ​​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង ។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​​ទទូច​សុំ ។ អត់មិនបាន​ក៏​រំលែក​បាយ ១ ពំនូត​ប្រគេន ។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល​ ឬ យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះបានធ្វើបុណ្យខ្លះ​ទេ ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​​ធ្វើ​​បុណ្យ​​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅ​ភ្លើង​នរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមក​​វិញ​ យមបាល​នឹក​ឆ្ងល់ ក៏សួរ​បញ្ជាក់​ថែម​ទៀត ។ ទទួល​នាយនេសាទក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ​ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើបឆ្លើយថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប​ដែរ ។ ពួកយមបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃ​ទី ៨ យើង​នឹង​យក​ខ្លួន​មកទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះថា អន្នំលោកង្សិន៍​​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូ​ណ៌ទៅ​ដោយ​សម្បត្តិ​ និង ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា​ មាន​នាង​សុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍​​ទេវបុត្រ​សោយ​សម្បត្តិ​​បាន ៦ ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក​ ហើយចូល​ទៅ​​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ​ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​​ពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា​ «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាលម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និងង​រួច​អំពី​​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះសូម​ព្រះអង្គ​ធ្វើ​តាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃ​នោះ ។ លុះ​ដល់​ថ្ងៃទី​ ៨ វេលាព្រឹកព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណឱរ៉ៃ​ចេញ​មក​ទទួល ។ នាង​បដិសេធ​​​យមបាល​ ដោយ​​​​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ​ ។ នាង​អះ​អាង​ថា​៖ ស្វាមីរបស់​​យើង​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ ។ បាបកម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅតែត្រូវការយកខ្លួន​គាត់​ទៅធ្វើទោស ចូរ​​រាប់​ខ្សាច់​ ១​ពែង​នេះឲ្យ​អស់ ​ទើប​អាច​យក​ទៅ​បាន​ ។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ ។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ​កំពស់​ស្មើ​ចុង​ត្នោត ​តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល​ គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ​។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត​ ក៏​នាំគ្នា​ត្រលប់​ទៅយមលោកវិញ ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល​អង្វែង​ត​មក​ទៀត ។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​​ហើយ ។
  • និទានទី៣ ដំណាល​អំពៅ​ចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ​ប្រលាក់​ទៅ​ដោយ​ដីខ្សាច់រាល់ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅកំជិល​ខ្សាច់​» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គ​ចុះមកធ្វើ​ជា​ប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាង​​ទេព​ធីតា​ទេ ។ ទើប​ព្រះ​នាង​ទៅរកម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​​ខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់​ទាល់​​តែ​ព្រម​យក​ ។ ចៅ​កំជិល​ខ្សាច់ តាំងពីបាននាងទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពីមុនមក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នានឹងប្រពន្ធនោះ​ណាស់ ។ ទាល់តែ​ល្បីកេរ្តិ៍ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាន​​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នាណា​ស់ ។ គ្រា​​នោះ​​ពួក​​មន្ត្រី​សេនាបតី​ជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែនដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅកំជិលខ្សាច់សមគួរ​​ជា​ព្រះរាជាម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែន​ដី ។ បុស្បុក​ក៏ទៅត្រូវលើចៅកំជិល​ខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យ​សោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោកថាបានដោយ​ហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាល​កើត​មានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់​បច្ចុប្បន្នកាល ។
  • បំបួសភ្នំ

លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់​សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើន​​ព្រះ​បរិត្ត​ នៅ​ធម្មសាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់ ។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយទៅជាន់រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក​ ទុក​ត្រូវ​ទទួល​បាប ។

  • ​កំណត់​សម្គាល់៖

តាម​ការ​​ពិនិត្យ​មើល​ និង វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំង​អស់​ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ពូន​ភ្នំ​ខ្សាច់​​ឬ​កិច្ច​ដទៃ​ទៀត​​ខាង​សាសនា យើង​អាច​សន្និដ្ឋាន​បាន​ថា​ វា​ជា​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​បន្សល់​ទុក​នៅ​ក្នុង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ ព្រោះ​ខ្មែរ​បាន​ទទួល​រង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជា​ច្រើនរយ​ឆ្នាំ ។ ដូច្នេះ​ ទោះ​បី​ជា​ខ្មែរ​បែរ​មក​កាន់​ព្រះ​ពុទ្ធសាសនា​ក៏ដោយ ក៏​ល្បែង​របាំ និង ប្រពៃណី​របស់​សាសនា​ព្រាហ្មណ៍​នៅ​បន្ត​មាន​សេសសល់​ក្នុង​ផ្នត់​គំនិត​ និង កិច្ច​នានា​ខាង​សាសនា​ផង​ដែរ ។ ​ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា ​ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំង​ឡាយ​ខាង​សាសនា​ព្រាហ្មណ៍​កុំ​ឲ្យ​សាប​សួន្យ​ អ្នក​និពន្ធ​បាន​ប្រឌិត​រឿង​ជា​ច្រើន​ដោយ​ភ្ជាប់​សាច់​រឿង​ទៅ​នឹង​តួអង្គ​ព្រះ​ពុទ្ធ ឬ​ព្រះ​ពុទ្ធសាសនា ។ នេះ​គឺ​ជា​សិល្បវិធី​ដូរ​សម្បក​វេច​ខ្ចប់​ទំនិញ​ចាស់ ឬ​ទំនិញ​លែង​មាន​ការ​ពេញ​និយម​ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ ឲ្យ​នៅ​តែ​បន្ត​ជាវ​របស់​នោះ​ប្រើ​​ទៀត ។ វិធី​ងាយ​ស្រួល​សម្រាប់​សម្គាល់​រក​មើល​កិច្ច​ខាង​លទ្ធិព្រាហ្មណ៍​ដែល​បន្លំ​​ខ្លួន​ចូល​ក្នុង​កិច្ច​ខាង​ពុទ្ធសាសនា​ នោះ​គឺ​ការ​រក​មើល​ឲ្យ​ឃើញ​នូវ​រាល់​អន្តរាគមន៍​ពី​សំណាក់​តួអង្គ​អាទិទេព​​ណាមួយ​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ​ ឬ​ការ​រក​មើល​ឲ្យ​ឃើញ​សាច់​រឿង​ទាំង​ឡាយ​ណា​ដែល​គេ​តាក់​តែង​ឡើង​ឲ្យ​​តួ​អង្គ​ព្រះ​ពុទ្ធ​សម្តែង​ភាព​អស្ចារ្យ អាច​ហោះ​ឡើង​ស្ថាន​សួគ៌, ចុះ​ស្ថាន​នរក ឬ​អាច​ដឹង​កំណើត​របស់​ខ្លួន​រាប់​ម៉ឺន​ជាតិ ។

អ្នក​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​បរិសុទ្ធ​​ ឲ្យ​តម្លៃ​ទៅ​លើ​​ប្រាកដ​និយម, លើ​ការ​ពិចារណា​ និង ពិសោធន៍​រក​ការពិត; ពួក​គេ​​បដិសេធ​ចោល​រាល់​អច្ឆរិយភាព​ (ភាព​អស្ចារ្យ)​ ដែល​គ្មាន​​តថភាព ឬ​មនុស្ស​និយម ។ ព្រះ​ពុទ្ធ​មិន​ដែល​ពោល​អួត​ខ្លួន​ថា​ជា​អាទិទេព​​​ អាច​បែរ​ត្រឡប់​ក្រោយ​​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស ឬ ឲ្យ​ពរ​មនុស្ស​ម្តង​ណា​សោះ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​ៗ​ ចេះ​តែ​ប្រឌិត​រឿង​​​លើក​តម្កើង​តួ​អង្គព្រះ​ពុទ្ធ ។ ការ​ធ្វើ​ដូច្នោះ​គឺ​ជា​វិធី​​អួត​យក​ឈ្នះពួក​​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍ និង​ អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ដែល​ពូកែ​អួត​សរសើរ​អាទិទេព​របស់​ពួក​គេ​​​ថា​ ​ជា​​អាទិទេព​អាច​​បង្កើត ​និង​​​​រំលាយ​ផែន​ដី​និង​លំហ​មេឃ​ រួច​បង្កើត​វិញ​តាម​អំពើ​ចិត្ត​, ឬ​អួត​ថា​ជា​ព្រះ​ពិត ​ឬ​ព្រះ​អង្គ​សង្គ្រោះ​ ដែល​​​បាន​​បង្កើត​​ផែន​ដី ​​និង​វត្ថុ​សព្វ​យ៉ាង​លើ​ផែន​ដី, ​​ឬ​ថា​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស, ជ្រែក​ទឹក​ជ្រែក​ដី, ស្លាប់​ហើយ​រស់​វិញ, អាច​ចុះ​ស្ថាន​នរក ឬ​ឡើង​ស្ថាន​សួគ៌​តាម​​ចិត្ត, ឬ​ថា​​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ ​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជឿ​​​លើ​ព្រះ​នោះ​ ។

ព្រះ​ពុទ្ធបាន​​ទូន្មាន​ឲ្យ​សាវ័ក​ព្រះ​អង្គ​​យក​ធម៌​ ឬ ទ្រឹស្តី​​របស់​ព្រះ​អង្គ​មក​ពិចារណា បើ​ឃើញ​ថា​ត្រូវ​ក៏​យក​ទៅ​អនុវត្ត​ចុះ បើ​ឃើញ​​ត្រង់​ណា​ខុស​ ឬ​មិន​ទាន់​សម័យ​និយម ឬ​ក្បួន​វិទ្យាសាស្ត្រ ក៏​បោះ​ចោល​ទៅ​ ។ ព្រះ​ពុទ្ធ​បាន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​មនុស្ស​ជំនាន់​ក្រោយ​ ថា​កុំ​ឲ្យ​ជឿ​នរណា​ម្នាក់​ដោយ​សារ​តែ​គេ​ពោល​អួត​ខ្លួន​ថា​ជា​បណ្ឌិត ​ឬ​គ្រូ​អាចារ្យ​ ឬ​សាមណ​សង្ឃ ។ ព្រះ​ពុទ្ធ​បាន​ប្រ​ដៅ​​មនុស្ស​ឲ្យ​​ប្រើ​ប្រាជ្ញា (បញ្ញា) ដើម្បី​យក​សម្តី​មនុស្ស​នោះ ​ឬ​ព័ត៌​មាន​នោះ​ គម្ពីរ​នោះ ឬ​កិច្ច​វិធី​នោះ​ មក​ពិចារណា​ប្រៀប​ធៀប​ និង​ពិសោធ​​រក​ការ​ពិត​សិន សឹម​សម្រេច​ចិត្ត​ថា​គួរ​ជឿ​ ឬ​មិន​ជឿ​ ។ ព្រះ​ពុទ្ធ​បាន​បរិនិព្វាន (សោយ​ទិវង្គត) អស់​រយៈកាល​ជាង​ ២៥០០ ឆ្នាំ​ហើយ ។ កាល​​ព្រះ​អង្គ​ត្រាស់​ដឹង ព្រះ​អង្គ​បាន​សម្តែង​ទុក​ថា តថាគត​​ឈប់​​​វិល​ចូល​ក្នុង​រង្វង់ (វដ្ត) កើត​ស្លាប់​ៗ​​ (សំសារៈ) ដែល​​ជា​អន្ទាក់​ដែល​ពួក​មនុស្ស​កាន់​លទ្ធិព្រាហ្មណ៍​បាន​បង្កើត​ឡើង ​ដើម្បី​បោក​ប្រាស់ និង​គាប​សង្កត់​​ជន​សាមញ្ញ​ ទៀត​ហើយ (នោះ​គឺ​ការ​សម្រេច​និព្វាន) ។ ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យសាវ័ក​របស់​ព្រះ​អង្គ​សាង​រូប​សំណាក​អ្វី​មួយ​, ឬ​​យក​រូប​កាយ​ ឬ​សំណល់​រូប​កាយ​របស់​ព្រះ​អង្គ ​ទៅ​ទុក​គោរព​បូជា​​ដូច​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍​បាន​ធ្វើ​ចំពោះ​តួ​អង្គ​អវតារ ​នៃ​អាទិទេព​របស់​ពួក​គេ​នោះ​ទេ ព្រោះរូប ​​ឬ​សំណល់​កាយ​របស់​ព្រះ​អង្គ​ ​​គ្មានសេស​​សល់​អ្វី​ជា​ខ្លឹមសារសម្រាប់​អ្នក​គោរព​ឡើយ ។ ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​ព្រះ​អរហន្ត​​​រួច​ហើយ គឺ​ព្រះ​អង្គ​បាន​ជា​បុគ្គល​ដែល​លះដាច់​​ហើយ​នូវ​វត្ថុ​សម្ភារៈ​សព្វ​យ៉ាង​កើត​ឡើង​ឬ​ច្នៃ​​​ឡើង​​ពី​វត្ថុ​បាន​ពី​​ផែន​ដីនេះ​​; ព្រះ​អង្គ​លែង​ជាប់​ជំពាក់​នឹង​សេចក្តី​ស្អប់, សេចក្តី​ស្រឡាញ់, ឬ​ពាក្យ​ពោល​សរសើរ ​របស់​មនុស្ស​សាមញ្ញ​ហើយ ។ លើស​ពី​នោះ​ទៀត ព្រះ​ពុទ្ធ​ក៏​បាន​បរិនិព្វាន​បាត់​ទៅ​ហើយ​ដែរ គឺ​លែង​មាន​​ឥន្ទ្រីយ៍​ទាំង​ ៦ (ភ្នែក, ត្រចៀក, ​ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត) ដែល​អាច​ទទួល​ដឹង​រស​នៃ​​​វត្ថុ​សព្វ​​យ៉ាង ​ដូច​មនុស្ស​​មាន​ជីវិត​រស់​នៅ​ឡើយ ។ ចុះ​ហេតុដូច​ម្តេច​បាន​ជា​មនុស្ស​​ភាគ​ច្រើន​នៅ​​បន្ត​​ច្រៀង​សរសើរ​ព្រះ​អង្គ, នៅ​តែ​បូជា​ព្រះ​អង្គ​ដោយ​ភ្លើង​ទៀន​ និង ផ្សែង​ធូប​, នៅ​តែ​ដាក់​ដង្វាយ​ឬ​ចង្ហាន់​ប្រគេន​ព្រះ​អង្គ​​, បន្ត​សុំ​ខមាទោស​ចំពោះ​ព្រះ​អង្គ, នៅ​តែ​សន្សំ​ទុក​ និងបូជា​ចំពោះ​ឆ្អឹង​​របស់​ព្រះ​អង្គ​​ដែល​អគ្គី​បានឆាប​ឆេះ​​អស់​នោះ​​ទៀត​? កិច្ច​ទាំង​អស់​នោះ​គឺ​ជា​សំណល់​​ នៃ​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ​ដែល​មនុស្ស​នៅ​រស់​បាន​ទទួល​ប្រយោជន៍​បន្តិច​​ៗ​ម្នាក់​ ពី​ការ​ធ្វើ​កិច្ច​ទាំង​នោះ ។ កិច្ច​ទាំង​នោះ​មិន​មែន​ជា​កិច្ច​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ ព្រោះ​​មនុស្ស​ស្លាប់​គ្មាន​​សល់​ការ​ឈឺ​ចាប់, ការ​ស្រេក​ឃ្លាន, ការ​ចង់​បាន ​ឬ​វត្ថុ​​សម្រាប់​​​ទទួល​ទេ ​ប្រៀប​ដូច​ជា​​គោ​ងាប់​ដែល​មិន​អាច​ងើប​ឡើង​ឆី​ចំបើង ​និង​ទឹក​​ដែល​កសិករ​ដាក់​នៅ​ចំពោះ​មុខ​វា​នោះ​ដែរ ។ ​

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​តរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែក​ឋានទៅ មានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការ​ថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់​បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាច​​​ម្តង​​ទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខ​ភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។ គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បីវេរ​ភត្ត​​ប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនា​ព្រះសង្ឃ​សំដែង​ធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រព្រឹត្ដ​ទៅ​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ និង ដំណាំ​កសិកម្ម​ផ្សេងៗ ។ មុន​ពេល​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំ​គ្រឿង​សម្ភារៈ​​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។

នៅ​ពេល​ចូល​ដល់​ថ្ងៃ​ទី ១ នៃ​ថ្ងៃ​បុណ្យ​ចូល ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្រ្កាន្ត (sankranti) ។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធសាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ ។

នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ៍នបត ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​នៅ​ពេល​ចូល​​ថ្ងៃទី ៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​ហៅថា វារៈឡើងស័ក ឬ ថ្ងៃ​ឆ្លង ។ នៅ​ថ្ងៃនោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំសេចក្ដី​សុខ​ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ ។

អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

តើ​ជនជាតិ​​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?

​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។

តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី១ ​ជាថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។

ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី ។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសិរី​សូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង ។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យ​មាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក ។

និមិត្ត​សញ្ញា​តំណាង​ឲ្យ​រាសី​ ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ

ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ (លទ្ធិហ៊ីនឌូ) ទើប​ជនជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា ។ ​តាម​ក្បួន​តារាសាស្ត្រ​ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល​ និង​ នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ ។ គេ​យល់​ថា​​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​តាម​គន្លង​គោចរ​ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់​ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ ។

ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ​ (តារា) ជា​ច្រើន​នៅ​​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម​ឬ​​ពពែ​ឈ្មោល, គោឈ្មោល, រូប​មនុស្ស​ប្រុស​ស្រី​ពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ​ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ​ ត្រី​ឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះ​ហើយ​ទើប​ពួក​​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ​ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំង​នោះ​តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ ចំណែក ឬ ​ល្វែង(រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា​ មេសៈ ឬ​មេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬ​កញ្ញារាសី, តុលា ឬតុ​លារាសី, វិច្ឆិកៈ ឬ​វិច្ឆិករាសី, ធនុ ឬ​ធនុរាសី, មករៈ ឬ​មកររាសី, កុម្ភៈ ឬ​កុម្ភរាសី និង មីនៈ ឬ​មីនរាសី ។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​​មេសរាសី (ខែ​ មេសា) ជា​រាសី​ទី​មួយ​ ទើប​​ជនជាតិ​ខ្មែរ​ចាប់​គិត​​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ ចេត្រ តាម​លំអាន​រៀង​មក ។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ ។

បើ​តាម​ក្បួន​ចន្ទគតិ ខែ មិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី ។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ មេសា ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូលទៅ​កាន់​ ​មេសរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល) ។ ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត ។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, ​រាសី​ធំ ឬ មហារាសី)ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី ។

សព្វ​ថ្ងៃ​ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទគតិ និង សុរិយគតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​​សម្រាប់​កិច្ចការរាជការ ខ្មែរ​​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្តសាសនា​ ​ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកលលោក​​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ គ្រិស្តសករាជ ។ ​
រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សទាំងអស់។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។ សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖ • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។ • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។ • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។ ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។ 1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា 2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគ 3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា 4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា 5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី 6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា 7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសាជារៀងរាល់ឆ្នាំពុំដែលខានឡើយ ៕ តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក រដូវក្ដៅ និង សរទរដូវ ប្រជាជនខ្មែរ បានអនុវត្ត យកខែទីប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឬ ពេលខ្លះត្រូវចំថ្ងៃទី ១៤ ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រមហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២ ហៅថ្ងៃ វារវនបត និងថ្ងៃទីបីហៅថ្ងៃវារឡើងសក្ដិជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។

ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រាត់៕នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ៕ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត៕ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ចំណេះដឹងទូទៅ  សិល្បៈ &កំសាន្ដ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1740ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1343ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2103ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1512ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2359ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1687ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1610ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1466ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1317ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1818ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14428នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160912នាក់
ខែនេះ    544192នាក់
ឆ្នាំនេះ   1926424នាក់
សរុប   51286350នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 11:55