លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមតំណាងឲ្យនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២។ ហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ លោក ហោ ណាំហុង នឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ។
ទន្ទឹមនឹងនេះ បើតាមសេចក្តីប្រកាសព័ត៌មាន លោក ហោ ណាំហុង ក៏នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ ព្រមទាំងចូលរួមកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
លើសពីនេះទៀត លោក ហោ ណាំហុង ក៏នឹងចូលរួមផងដែរ នូវកិច្ចប្រជុំជាន់ខ្ពស់ នៃអនុសញ្ញាអាវុធគីមី និងចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិចំនួន០៤ រួមមាន ៖ ១-អនុសញ្ញាស្តីពីការទទួលខុសត្រូវខាងរដ្ឋប្បវេណី ចំពោះការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាម ផ្លូវគោក ផ្លូវដែក និងផ្លូវទឹកក្នុងប្រទេស, ២-អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីរូបិយាណត្តិអន្តរជាតិ និងប័ណ្ណសងតាមបញ្ជាអន្តរជាតិ, ៣-អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការចាត់តាំងតំណាងសម្រាប់ទូទាត់បំណុលក្នុងពាណិជ្ជកម្ម អន្តរជាតិ និង ៤-អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់គមនាគមន៍អេឡិច ត្រូនិកក្នុងកិច្ចសន្យាអន្តរជាតិ៕
ថ្ងៃនេះ | 2521 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30809 | នាក់ |
ខែនេះ | 2521 | នាក់ |
ឆ្នាំនេះ | 3585181 | នាក់ |
សរុប | 52945107 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:23 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net