គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកថ្ម បុកជាមួយរថយន្តដឹកប្រហុក នៅត្រង់ចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៨ ខែកុម្ភៈ បានបណ្តាលឲ្យខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ទាំងមូលគ្មានអគ្គិសនីប្រើប្រាស់ឡើង គិតចាប់តាំងពីព្រលឹមព្រឹកថ្ងៃម្សិលមិញ រហូតមកដល់ពេលនេះ។ នោះក៏ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យបាក់បង្គោលតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសថៃមកកាន់ខេត្តសៀមរាបអស់ចំនួន១២ដើម។
ចំពោះការដាច់ចរន្តអគ្គិសនីនៅខេត្តសៀមរាបនេះ លោក ចៀម កោសេន ប្រធានអគ្គិសនីខេត្តសៀមរាបបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ពេលនេះខាងអគ្គិសនីខេត្តកំពុងតែធ្វើការទាំងយប់ទាំងថ្ងៃនៅកន្លែងកើតហេតុ ដើម្បីតភ្ជាប់អគ្គិសនីឡើងវិញ។ លោកបានបញ្ជាក់ថា ប្រសិនបើដំណើរការតភ្ជាប់មានភាពរលូន និងគ្មានឧបសគ្គទេ យ៉ាងយូរនៅថ្ងៃសៅរ៍ ខេត្តសៀមរាបនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ។
ចំពោះការប្រើរយៈពេលតភ្ជាប់អគ្គិសនីឡើងវិញរហូតដល់ចុងសប្តាហ៍នេះ ត្រូវបានលោក ចៀម កោសេន ឲ្យដឹងថា នោះក៏ព្រោះតែបង្គោលភ្លើងដែលនឹងយកមកជំនួសបង្គោលភ្លើងដែលបាក់ចំនួន១២ដើម គឺត្រូវដឹកមកពីប្រទេសថៃ ដោយមានក្រុមហ៊ុន EM ជាអ្នកទទួលខុសត្រូវលើការតបណ្តាញនេះ ហើយបង្គោលភ្លើងដែលត្រូវជួសជុលឡើងវិញនោះគឺត្រូវគាស់គ្រឹះចាស់ចេញ ហើយត្រូវដាំគ្រឹះថ្មីឡើងវិញ។
ដោយសារតែបញ្ហានេះ លោក ចៀម កោសេន បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងកន្លែងកំសាន្តនានា សូមជួយបញ្ឆេះម៉ាស៊ីនភ្លើងជាបណ្តោះអាសន្នសិន ទំរាំបណ្តាញអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញ។
ងាកមកមើលករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យបង្គោលតបណ្តាញអគ្គិសនីចំនួន១២ដើមត្រូវបាក់ទាំងស្រុង និង៣៥ដើមទៀតទ្រេតនោះ មិនទាន់មានការបញ្ជាក់នៅឡើយទេថា តើត្រូវខាតបង់ប្រាក់អស់ចំនួនប៉ុន្មាន និងភាគីណាជាសងថ្លៃខូចខាតទាំងនោះឡើយ៕ ដោយ សំណាង ប្រភពពី ខ្មែរ៧មករា
ថ្ងៃនេះ | 35330 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77663 | នាក់ |
ខែនេះ | 224936 | នាក់ |
ឆ្នាំនេះ | 2969240 | នាក់ |
សរុប | 56568136 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net