ច្រើនឆ្នាំមកហើយដែលប្រធានពេទ្យសត្វស្រុកចំការលើបានប្រព្រឹត្តអំពើពុករលួយក្នុងការគាបជំរិតអ្នករកស៊ីកាប់គោ ជ្រូក ក្របី តាមតែអំពើចិត្តគេមិនដែលឃើញលោក កឹម សារឿន ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមយកចិត្តទុកដាក់កែទម្រង់ឲ្យបានល្អប្រសើរឡើងនោះទេដែលគេសង្ស័យថា ផលប្រយោជន៍នៃអំពើពុករលួយទំនងជាធ្លាក់ដល់ដៃលោក កឹម សារឿន ខ្លះដែរហើយមើលទៅ ។
សេចក្តីរាយការណ៍ពីខេត្តកំពង់ចាមបានឲ្យដឹងថាប្រធានផ្នែកផលិតកម្មនិងបសុពេទ្យស្រុកចំការលើខេត្តកំពង់ចាម បានឃុបឃិតឲ្យមានការពិឃាតសត្វគោ ក្របី ជ្រូក មានជំងឺគឺឲ្យតែគេបង់លុយគឺក្នុងមួយក្បាល៥ម៉ឺនរៀល ជាការស្រេចគឺមន្ត្រីពេទ្យសត្វមិនឈឺក្បាលវិលមុខក្នុងការត្រួតពិនិត្យអ្វីនោះឡើយ ។ មានបញ្ហាជា ច្រើនដែលប្រជាពលរដ្ឋបានរាយការណ៍ថាករណីពិឃាតសត្វមានជំងឺកើតឡើងយ៉ាងអនាធិបតេយ្យដោយសារមន្ត្រីពេទ្យសត្វពុករលួយ ។
មានការបញ្ជាក់ផងដែរថាប្រធានពេទ្យសត្វស្រុកចំការលើបានឃុបឃិតឲ្យមានការពិឃាតសត្វនៅក្រៅទីសត្តឃាតរាប់សិបកន្លែងជាថ្នូរនិងប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ គឺករណីនេះជាការផ្គើន បំផុតទៅនិងគោលការណ៍របស់ក្រសួងកសិកម្ម ។ តាមធម្មតាការពិឃាតសត្វត្រូវធ្វើឡើងតាមទី សត្តឃាតដ្ឋានដើម្បីរក្សាអនាម័យបរិស្ថានជាចៀសវាងការឆ្លងជំងឺពីសត្វទៅមនុស្សប៉ុន្តែប្រធានពេទ្យ សត្វស្រុកចំការលើមិនដែលខ្វល់ខ្វាយពីបញ្ហានេះទេ ធ្វើយ៉ាងណាឲ្យតែគាត់បានលុយច្រកហោបៅ ផ្ទាល់ខ្លួន។
សេចក្តីរាយការណ៍ខាងលើបានឲ្យដឹងថា ចំពោះប្រាក់ពន្ធអាករពិឃាតដែលអាជី វកម្មពិឃាតសត្វក្នុងស្រុកចំការលើទាំងមូលមានជាង៥០នាក់ដែលក្នុងម្នាក់ៗ ត្រូវបង់ជាមធ្យមចំនួន ៨០ម៉ឺនរៀលបើសរុបក្នុងមួយឆ្នាំមិនតិចជាង៤០លានរៀលនោះឡើយ ប៉ុន្តែមានការបង់ចូលជាថវិ ការជាតិតិចតួចបំផុត ។ បញ្ហានេះកើតឡើងដោយសារតែប្រធានពេទ្យសត្វស្រុកចំការលើបានឃុប ឃិតជាមួយផ្នែកគណនេយ្យក៏ដូចជាមន្ទីរកសិកម្មក្នុងការបំបាត់ចំណូលពន្ធ ។
បើតាមមន្ត្រីតូចតាចមួយចំនួនបានឲ្យដឹងថាពន្ធអាករពិឃាតសត្វនៅទូទាំងស្រុកចំការលើត្រូវបានបង់ចូលជាថវិការជាតិប្រមាណ៥ទៅ៧លានរៀលប៉ុណ្ណោះក្នុងមួយឆ្នាំ បើទោះបីជាពន្ធអាករសរុបក្នុងមួយឆ្នាំ ប្រមូលបានជាក់ស្តែងប្រមាណ៤០លានរៀលក៏ដោយ ។ ដោយសារធ្លាប់ប្រព្រឹត្តិអំពើពុករលួយរាប់ សិបឆ្នាំមកហើយនោះ បច្ចុប្បន្ននេះប្រធានពេទ្យសត្វស្រុកចំការលើបានចេញមករត់ការឲ្យប្រពន្ធរបស់គាត់កាប់ជ្រូកខុសច្បាប់ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយគ្មានក្រែងញញើតអ្វីឡើយ។
ពាក់ករណីខាងលើនេះយើងពុំទាន់អាចសុំការបំភ្លឺ ពីប្រធានមន្ទីរកសិកម្ម និងប្រធានពេទ្យសត្វបានទេ៕
ថ្ងៃនេះ | 38889 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81222 | នាក់ |
ខែនេះ | 228495 | នាក់ |
ឆ្នាំនេះ | 2972799 | នាក់ |
សរុប | 56571695 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net