ពលរដ្ឋនៅតាមដងផ្លូវគ្រួសក្រហមពីឃុំ តាលោ រហូតដល់ ឃុំ បឹងខ្នារ បាននិយាយថាយ៉ាងហោចណាស់ក៏មានរថយន្តដឹកអុសនិងគោយន្តដឹកធ្យូង ជាងម្ភៃគ្រឿងដែរក្នុងមួយថ្ងៃៗដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ បាកាន។តែលោកមេព្រៃទាំងនោះមិនរវល់មើលទេព្រមទាំងបើកភ្លើងខៀវឲ្យ ដឹកម៉ាសប្បាយទៀតផងឲ្យតែបានលុយដាក់ក្នុងហោប៉ៅ ។
ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពួកគាត់បានឃើញ មានរថយន្តដឹកអុសនិងធ្យូងតែពេលយប់ៗទេជួនកាលបើគេដឹកពេលថ្ងៃ គឺមានការគ្របតង់ដើម្បីបិទបាំងភ្នែកមហាជននិងដើម្បីកុំឲ្យ សមត្ថកិច្ចចាប់អារម្មណ៍។លុះដល់ពេលក្រោយមកស្រាប់តែរថយន្តដឹកអុស ទាំងនោះបែរជាដឹកនៅពេលថ្ងៃតែម្ដងដោយមិនមានការគ្របឬបិទបាំង នោះទេ ព្រោះពួកគេបានស្គាល់ចិត្តថ្លើមជំនាញ និងសមត្ថកិច្ចអស់ហើយ និយាយរួមឲ្យតែបង់លុយ ទៅជាការស្រេចទៅហើយ ។
រីឯពលរដ្ឋជាច្រើនដែលរស់នៅចំណុចត្រពាំងកកោះ និងស្រះស្ដេច ក្នុងភូមិប្រហាល ឃុំតាលោដែលមានមុខរបរកាត់អុសលក់នោះបានឲ្យដឹងថា សព្វថ្ងៃនេះអុសមួយម៉ែត្រគុប លក់បាន១៥០០០រៀលគឺគេមកទិញដល់កន្លែងតែម្ដង។បើតាមសម្ដីម្ចាស់ រថយន្តបាននិយាយប្រាប់ពួកគាត់ថាអុសនេះយកទៅលក់ឲ្យអ្នកដុតឡឥដ្ឋ និងឡក្បឿងដោយមិនបានចំណេញប៉ុន្មាននោះទេ ព្រោះប្រេងក៍ថ្លៃ ហើយបង់ផ្លូវជាហូរហែទៀតផង គឺ ៣០០០០រៀល ក្នុងមួយជើងឡាន ។
ចំណែកពលរដ្ឋម្នាក់ដែលនៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្តនិងគោយន្តដឹកអុសនិងធ្យូងចំនួន២០ទៅ៣០ គ្រឿងដែរ ដែល តែងតែឈប់បង់លុយ ឲ្យមេព្រៃក្នុងមួយថ្ងៃ មិនដែលខាននោះទេ។ អ្នកខ្លះបាននិយាយ ថាធ្វើជាមន្ត្រីមេព្រៃគឺមានការងាយស្រួលណាស់ចងតែអង្រឹងដេកនៅ ក្បែរផ្លូវ គេយកលុយមកឲ្យ ដល់កន្លែងតែម្ដង មិនថាយប់ឬថ្ងៃទេ គិតទៅស្រួលទាល់តែមែនទែន ទោះបីព្រៃឈើ រលាយអស់យ៉ាងណាក៏ដោយ មេព្រៃគាត់មិនខ្វល់នាំតែឈឺក្បាល គិតតែយកលុយដាក់ក្នុង ហោប៉ៅទៅវាជាការស្រេចបាត់ទៅហើយ ។
លោក ពិន សង្គមឧត្ដម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១២ថា សព្វថ្ងៃនេះលោក កំពុងជាប់រវល់ ចុះវាស់វែងដីធ្លីមិនបាននៅកន្លែងទេ ស៊ឹងតែបាត់បង់ការងារជំនាញរបស់ខ្លួនទៅហើយ ។ ការដឹកជញ្ជូន អុសគុប និងធ្យូងនោះ តាមច្បាប់គឺមិនអនុញ្ញាតឲ្យដឹកជញ្ជូនទេនេះជាជនឆ្លៀតឱកាសនៅពេល ដែលឃើញជំនាញកំពុងជាប់រវល់៕
ឯកឧត្ដម ឆេង គីមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មានចំណាត់ការបែបណា ចំពោះមន្ដ្រីរដ្ឋបាលព្រៃឈើ ដែលដេកចាំយកលុយបែបនេះ។
ថ្ងៃនេះ | 38459 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80792 | នាក់ |
ខែនេះ | 228065 | នាក់ |
ឆ្នាំនេះ | 2972369 | នាក់ |
សរុប | 56571265 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net