ដោយមានការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ វែកមុខឃាតក ដែលបានរៀបគម្រោងគិតទុកជាមុន សម្លាប់លោក ហង្ស សេរីឧត្តម ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន កាសែត វរជនខ្មែរ ប្រចាំខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីតុលាការបានបង្ហាញឲ្យឃើញពីតម្រុយ និងពន្លឺក្នុងការបំបែកសំណុំរឿងឃាតកម្មបិទមុខមួយនេះ ។ ជាក់ស្តែងកាលពីព្រឹកម៉ោង ៩ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ូលិសបានរកឃើញកន្លែងធ្វើឃាតលោក ហង្ស សេរីឧត្តម ហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃរួចមក ដែលការរកឃើញកន្លែងធ្វើឃាតនេះ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះនៅក្នុងផ្ទះមួយដាច់ ស្រមាលពីគេបន្តិច កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងសាកសួរ ដើម្បីស្វែងរកជនដៃដល់។
ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដរតនគិរី លោក ជា សុភក្ដ្រ បានដឹក នាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះទៅឆែកឆេរផ្ទះរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មទៅលើលោក ហង្ស សេរីឧត្តម ដែលត្រូវគេសម្លាប់ រួចញាត់ចូលក្នុងគូទរថយន្ដ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះរបស់មន្ដ្រីអាវុធហត្ថឈ្មោះ អាន ប៊ុនហេង ហៅអេង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលង់ ទល់មុខវិមានសពកម្ពុជា-វៀតណាម ខាងក្រោយតារាងបាល់ទាត់មួយ ហើយនៅក្បែរនោះមានហាងផឹកស៊ីមួយកន្លែងគេនិយមហៅថា ហាងដើមទឹកដោះ ឬហាងចំការដូង ប៉ុន្ដែខណៈដែលកម្លាំងនគរបាលនិងអាជ្ញាធរ មូលដ្ឋាន ចុះឆែកឆេរនោះ ឈ្មោះ អាន ប៊ុនហេង ជាម្ចាស់ផ្ទះរូបនេះ រត់គេចខ្លួនបាត់ហើយ។
សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការប៉ូលិសបាន អានដីកាឆែកឆេរ ជូនដល់ម្ចាស់ផ្ទះដើម្បីចូលត្រួតពិនិត្យរកមើលវត្ថុតាងបទល្មើស ពាក់ព័ន្ធនឹងការធ្វើឃាតលោក ហង្ស សេរីឧត្តម ។ ជាមួយគ្នានេះប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន ឈ្មោះអ៊ាន ប៊ុនហេង ហៅអេង ខណៈហៅឱ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ លោកអ៊ាន ប៊ុនហេង បើទោះណាមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សភាពបែបនេះធ្វើឱ្យគេសង្ស័យទៅលើរូបលោកខ្លាំងមែនទែន ព្រោះតែគាត់ជាម្ចាស់ផ្ទះហើយស្បែកជើងពណ៌ខ្មៅ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់គាត់។
អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែជាភរិយារបស់លោក ហង្ស សេរីឧត្តម បានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២ ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយមកគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងអ្វីទេ ។ រហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។
មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់ គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំ ហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន។ ពាក់ព័ន្ធករណីនេះផងដែរ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្កោលទោសចំពោះអំពើឃាតកម្មដ៏សាហាវឃោរឃៅលើលោក ហង្ស សេរីឧត្តម និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខក្រុមជនល្មើសដើម្បី នាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ការរកឃើញតម្រុយរបស់ក្រុមឃាតកដែលធ្វើឃាតលោក ហង្ស សេរីឧត្តម ទទួលបានការកោតសរសើរពីមតិជាតិនិងអន្តរជាតិ ហើយគ្រប់គ្នាបាននគាំទ្របេសកកម្មដ៏មានតម្លៃរបស់មន្ត្រីតុលាការ និងសមត្ថកិច្ច នគរបាល៕
ថ្ងៃនេះ | 34653 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 76986 | នាក់ |
ខែនេះ | 224259 | នាក់ |
ឆ្នាំនេះ | 2968563 | នាក់ |
សរុប | 56567459 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net