សៀមរាបគឺជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួននៅប៉ែកឧត្តរ ដែលសម្បូរបទល្មើសដឹកជញ្ជូនឈើក្រញូងឆ្លងកាត់ពេលយប់ៗ និងជាកន្លែងដែលមេឈ្មួញធំៗយកឈើមកស្តុកទុកសំរាប់ធ្វើការនាំចេញទៅខេត្តកំពង់ចាម ដើម្បីលក់ចេញទៅ ប្រទេសវៀតណាម ដោយឈ្មួញទាំងនោះត្រូវរូវគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់តាមដងផ្លូវទាំងអស់។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ មានការបង្រ្កាបបទល្មើសឈើក្រញូងទ្រង់ទ្រាយធំដែលពុំធ្លាប់មាន ដែលស្តុកទុកក្នុងព្រៃជិត២០តោន ស្ថិក្នុងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចដែលឈើទាំងនោះត្រូវបានគេស្គាល់ថា ម្ចាស់ឈើជាមន្ត្រីប៉េអឹមក្រុងឈ្មោះ លោក ហុង (ឈ្មោះហៅក្រៅ)។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រីបានបង្ហើបអោយដឹងថា លោកហុងមិនមែនទើបតែរកស៊ីដឹកឈើថ្មីៗនោះទេ គឺរកស៊ីជិត១០ឆ្នាំមកហើយ តែមិនដែលឃើញមានសមត្ថកិច្ចណាគេធ្វើការបង្ក្រាបទាល់តែសោះ។ ពលរដ្ឋបន្តថា រាល់ពេលលោកហុងដឹកឈើក្រញូងចូលខេត្តសៀមរាបគឺគាត់បានបង់លុយអោយមន្រ្តីជំនាញតាមដងផ្លូវអស់ហើយ តែការបង្ក្រាបឈើរបស់គាត់ទ្រង់ទ្រាយធំបែបនេះ គឺប្រហែលមកពីសមត្ថកិច្ចកាច់កុងគ្នា ឬចែកលុយគ្នាមិនស្មើតែប៉ុណ្ណោះ។ ពលរដ្ឋបន្ថែមថា ការស្តុកទុកឈើច្រើនបែបនេះគឺទំនងជាទុកនាំចេញដោយដឹកតាមរថយន្តយឺឌុប ដែលបង្កប់ក្រោមស្រូវអង្ក ឬដាក់ក្រោមដំឡូងមី ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចមួយចំនួនដែលមិនបានបង់លុយអោយ។
លុះដល់ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ទើបសមត្ថកិច្ចចំរុះបានរាប់ និងថ្លឹងឃើញឈើគ្រញូងមានចំនួន ១២៧០៤ដុំ និង ២១៨៧៩ គីឡូក្រាម ស្មើ ១៨ម៉ែត្រគូប ២៣២ ផ្លាន ដែលជាប្រភេទឈើក្រាកក់សុទ្ធមិនមានជាប់ស្រាយ។
គេសង្កេតឃើញថា រដ្ឋបាលព្រៃឈើតាំងពីលើដល់ក្រោមនៅខេត្តសៀមរាប ពីមួយជំនាន់ ទៅមួយជំនាន់ ហាក់មិនសូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទលើ្មព្រៃឈើជាដុំកំភួននោះទេ ដូចពាក្យចាស់ពោលថា ˝ដេកសមដួល រមួលសមគ្រេច ឬហៃអើៗដូចអាជ័យធ្លាក់ទឹក“ ។
បទល្មើសដឹកឈើក្រញូងភាគច្រើនចេញដំ ណើរពីខេត្តសៀមរាបនៅម៉ោង៨ល្ងាចដល់ម៉ោង២ទាបភ្លឺ តែម៉ោងនេះជាម៉ោងដែលមន្ត្រីជំនាញសំរាកបិទទូរស័ព្ទអស់ហើយ តែបើមានអ្នកខ្លះបើកទូរស័ព្ទខលចូលក៏ឆ្លើយថា ˝នៅឆ្ងាយ មកមើលម្តាយឈឺ នៅតែឯងគ្មានកូនចៅ ឡើយមកប្រជុំនៅឯក្រុងភ្នំពេញ មានអ្នកខ្លះឆ្លើយឌឺថា ដេញចាប់វាអោយបានជំនួសមេព្រៃមើល ឬទូរស័ព្ទខលចូលហើយនិយាយស្តាប់គ្នាមិនបាន លឺដាច់ៗ និយាយ អាឡូ! អាឡូ!ៗៗៗៗៗៗៗៗរូចក៏បិទបាត់ទៅ“។
លោក ឃឹម-ប៊ុនសុង អភិបាលខេត្តឡើងថ្មី ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រឿងបង្ក្រាបបទល្មើសឈើក្រញូងមិនមែនជាតួនាទីរបស់លោកទេ វាជាតួនាទីរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តទាំងមូល៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 2319 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30607 | នាក់ |
ខែនេះ | 2319 | នាក់ |
ឆ្នាំនេះ | 3584979 | នាក់ |
សរុប | 52944905 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:10 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net