សកម្មភាពដឹកឈើតាមរថយន្តសាន់យ៉ុង រថយន្តនីកសាន់ និងរឺម៉កធំៗពីខេត្តព្រះវិហារ ចូលខេត្តសៀមរាបដូចហែរកឋិនទាន តែមន្ត្រីរដ្ឋបាលព្រៃឈើមិនចុះបង្ក្រាប ថែមទាំងនិយាយថា ជិតដល់បោះឆ្នោតថ្នាក់លើអោយបន្ថូបន្ថយដល់ក្រុមអ្នករកស៊ីខុសច្បាប់ទាំងនោះទៅវិញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ និងយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣នេះ មានរថយន្តសាន់យ៉ុង រថយន្តនីកសាន់ រឺម៉កដឹកឈើក្មានច្បាប់ ពីខេត្តព្រះវិហារដោយឆ្លងកាត់តាមស្រុកស្វាយលើខេត្តសៀមរាប ចូលយកមកលក់អោយដេប៉ូលក់ឈើនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាបជាច្រើនកន្លែង។
អ្នកយកព័ត៌មានយើងបានរាយការណ៍ជូនលោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តសៀមរាប តែលោកថា ជាប់រវល់ចុះវាស់វែងដីជាមួយយុវជនស្ម័ក្រចិត្តមិនអាចមកត្រួតពិនិត្យរថយន្តដឹកឈើខាងលើបានទេ សូមអោយទូរស័ព្ទទៅលោក ឡឹងសុខា វិញ។
លោក ឡឹងសុខា មន្រ្តីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំអាចចុះបង្ក្រាបបានទេ ព្រោះរយៈពេលកន្លងទៅចុះបង្ក្រាបព្រៃឈើបែជាមារឿងទៅវិញ ម្យ៉ាងទៀតថ្នាក់លើប្រជុំសុំអោយបន្ថូបន្ថយខ្លះដល់អ្នករកស៊ីកំបិចកំប៉ុកព្រោះជិតបោះឆ្នោតហើយ។
លោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៨នេះ ថា ” គ្មានពាក់ព័ន្ធអីជាមួយការបោះឆ្នោតទេ កុំចេះតែនិយាយផ្តេសផ្តាស “ រួចក៏បិទទូរស័ព្ទបាត់ទៅ។
លោក ស៊ូភិរិន្ទ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកដដែលនេះថា ” ខាងសាលាខេត្តក៏មិនដែលបានផ្សព្វផ្សាយដំណឹងផ្តេសផ្តាសអញ្ចឹងដែរ អ្នកណាវានិយាយចាប់វាម៉ោ ឬមួយអ្នកកាសែតចេះតែប្រឌិតខ្លួនឯងទេដឹង? មើលមើអ្នកដឹកឈើមានច្បាប់ពីខាងណា? សាលាខេត្តមិនដែលចេញប្បាប់អោយដឹកឈើទេ “។ លោក ស៊ូភិរិន្ទ បានបន្ថែមថា ” ខ្ញុំនៅខេត្តសៀមរាបនេះគ្មានផ្ទះ១ខ្នង ឬដី១ចំអាមទេ រាល់ថ្ងៃមានតែខិតខំកសាងស្ថាបនា អោយខេត្តសៀមរាបរីកចំរើនតែប៉ុណ្ណោះ“។
ចែ ឈុន (ហៅចែពៅ)ថៅកែដេប៉ូទទួលទិញឈើគ្មានច្បាប់ម្នាក់ដែលបានទិញឈើខាងលើក្នុងចំណោមដេប៉ូជាច្រើន បានគំរាមអ្នកសារព័ត៌មានយើងថា ” ហាមចុះផ្សាយឈ្មោះខ្ញុំ និងកុំយករូបថតខ្ញុំទៅផ្សាយអោយសោះ ប្រយ័ត្នខ្ញុំប្តឹង! ព្រោះប្តីខ្ញុំក៏ធ្វើការបមន្ត្រីរាជការដែរ! ចាំបាច់មកថតអី! នាំគ្នាយកលុយទៅចាក់សាំងទៅ “។
បើតាមការស៊ើបអង្កេត បានអោយដឹងថា ក្រុមដេប៉ូលក់ឈើរាប់រយកន្លែងនៅខេត្តសៀមរាប ជាពិសេសគឺដេប៉ូតាមផ្លូវភូមិជន្លង់នេះតែម្តង គឺពុំដែលទិញឈើពីក្រុមហ៊ុនដែលបង់ពន្ធជួនរដ្ឋនោះទេ គឺពួកគេទិញតែឈើពីសង្គមងងឹត រកស៊ីលោតឆ័ត្រអត់ច្បាប់តែប៉ុណ្ណោះ ព្រោះបានចំណេញច្រើន។
ប្រភពព័ត៌មានពីអ្នករកស៊ីបានអោយដឹងថា ពួកគេបានបង់លុយអោយមេព្រៃតាមដងផ្លូវ គ្រប់ទីកន្លែងទើបអាចដឹកឈើចូលបាន បើមិនបង់លុយវិញ ដាក់តែ២ដុំក៏មេព្រៃតាមចាប់ដែរ។
ពលរដ្ឋខេត្តសៀមរាបនិយាយថា ព្រៃឈើវាជាសម្បត្តិរួម គួរណាស់តែអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធ និងមន្រ្តីជំនាញនាំគ្នាទប់ស្កាត់អ្នកដែលរកស៊ីមិនស្របច្បាប់ទាំងតូចទាំងធំ ព្រោះទីមួយវាបាត់បង់ព្រៃឈើ អស់ដោយគ្មានថវិការចូលរដ្ឋ ចូលតែហោប៉ៅពួកប្រព្រឹត្តអំពើពុករលួយ និងពួករកស៊ីក្បត់ជាតិតែប៉ុណ្ណោះ។ ពលរដ្ឋយល់ឃើញថា នៅពេលអស់ព្រៃឈើ វាបណ្តាលអោយមានអាកាសធាតុរាំងស្ងួត ភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ ហើយគ្រោះថ្នាក់ទាំងនេះ វាមិនមែនប៉ះចំតែអ្នកបំផ្លាញព្រៃឈើនោះទេ គឺវាប៉ះទាំងអ្នកដែលមិនបានកាត់បំផ្លាញព្រៃឈើផងដែរ៕
ថ្ងៃនេះ | 2868 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31156 | នាក់ |
ខែនេះ | 2868 | នាក់ |
ឆ្នាំនេះ | 3585528 | នាក់ |
សរុប | 52945454 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:47 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net