លោកនាយករដ្ឋមន្ត្រីព្រមានថា នឹងមិនចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឬដោះស្រាយជម្លោះដីធ្លីឲ្យទេ បើសិនជាដីនោះមានទំនាស់ទាក់ទងនឹងរឿងនយោបាយ។
លោក ហ៊ុន សែន ថ្លែងដូចនេះនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តព្រះវិហារ នៅថ្ងៃទី២៣ វិច្ឆិកា។
បញ្ហានេះ អ្នកវិភាគបានអះអាងថា ករណីប្រជាពលរដ្ឋងាកទៅពឹងលើគណបក្សនយោបាយ អង្គការនានា ដើម្បីដោះស្រាយនោះ គឺដោយសារតែការបាត់បង់ជំនឿទៅលើអាជ្ញាធរមូលដ្ឋានដែលគ្មានវិធានការសមស្រប ឬគ្មានយុត្តិធម៌សម្រាប់ពួកគាត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តព្រះវិហារ នៅថ្ងៃទី២៣ វិច្ឆិកា ថា គោលនយោបាយចែកប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាលក្ខណៈទ្រង់ទ្រាយធំច្រើនលានហិកតារ ហើយក្នុងនោះដែររដ្ឋាភិបាលក៏បានត្រៀមទុកដីសម្រាប់ចែកជូនប្រជាពលរដ្ឋនៅពេលអនាគតផងដែរ នៅពេលដែលប្រជាជនកាន់តែមានកំណើនខ្ពស់។ លោកបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីមានទំនាក់ទំនងដោយផ្ទាល់ដល់ការលើកកម្ពស់ជីវភាពប្រជាជន។
ការអង្កេតផ្នែកសេដ្ឋកិច្ច សង្គមកិច្ច បានបង្ហាញថា យ៉ាងហោចណាស់មានក្បាលដីចំនួនជាង ២លាន ៨សែន ជាដីកសិកម្មនៅប្រទេសកម្ពុជា ហើយតាមតួលេខបញ្ជាក់ថា កសិករមានដីកសិកម្មជាមធ្យមប្រមាណ ១ហិកតារ។ ផ្ទុយទៅវិញ ការស្រាវជ្រាវថ្មីនានាបានបង្ហាញថា គ្រួសារមានដីធ្លីមានប្រមាណកន្លះហិកតារសម្រាប់គ្រួសារនីមួយៗ ដែលបានបង្ហាញអំពីអសមភាពនៃការកាន់កាប់ដីនៅប្រទេសកម្ពុជា។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គ្រួសារចន្លោះពី ១២% ទៅ ១៥% នៃចំនួនគ្រួសារនៅជនបទ គឺគ្មានដីកសិកម្មទេ ហើយអ្នកដែលគ្មានដីធ្លីនឹងកើនឡើងជារៀងរាល់ឆ្នាំប្រមាណ ២% ។ តាមការប៉ាន់ស្មានដោយក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ទំនាស់ដីធ្លីមានកើនឡើងលើសពី ២០% រៀងរាល់ឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា ទំនាស់ដីធ្លីដែលកើតឡើងដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចជាមួយប្រជាពលរដ្ឋ គឺត្រូវកាត់ចេញឲ្យប្រជាពលរដ្ឋវិញ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនដោះស្រាយទំនាស់ដីធ្លីណាដែលទាក់ទងនឹងរឿងនយោបាយនោះទេ។
តែទោះយ៉ាងណា លោកបានអះអាងថា ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី មិនមានការរើសអើងមកពីគណបក្សណាមួយឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ជម្លោះដីធ្លីដែលកើតឡើង គឺដោយសារអាជ្ញាធរមូលដ្ឋានមិនមានវិធានការដោះស្រាយសមស្របណាមួយ ដែលជំរុញឲ្យអ្នកដែលមានជម្លោះដីធ្លី ប្រើប្រាស់អង្គការ ឬតំណាងរាស្ត្រឲ្យជួយដោះស្រាយជូនពួកគាត់ជំនួសវិញ។
លោក អំ សំអាត បញ្ជាក់ទៀតថា តួនាទីរបស់តំណាងរាស្ត្រមកពីគណបក្សណាក៏ដោយ ត្រូវមានភារកិច្ចសម្រាប់ជួយប្រជាពលរដ្ឋពេលមានទុក្ខលំបាក។
រដ្ឋាភិបាលកម្ពុជា បានអនុម័តកំណែទម្រង់ដីធ្លីជាគោលនយោបាយដីធ្លីមួយ កំណត់យកការងាររដ្ឋបាល ការគ្រប់គ្រង និងការបែងចែក ជាគោលនយោបាយស្នូលក្នុងការពង្រឹងវិស័យកសិកម្ម។ ក្នុងនោះ អាទិភាពជាចម្បង គឺត្រូវពង្រឹងសុវត្ថិភាពកាន់កាប់ដីធ្លី តាមរយៈការចុះបញ្ជីដីធ្លី។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា កន្លងមក បានបង្ហាញថា ប្រទេសកម្ពុជា បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ១លាន ៦សែនប័ណ្ណ ចេញឲ្យប្រជាជនរួចរាល់ហើយ ដែលស្មើនឹងប្រមាណ ២៥% នៃក្បាលដីសរុប ហើយរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានចំនួន ៦៥% នៅឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។