នៅម៉ោង ៥ និង ៣៥ នាទីល្ងាចថ្ងៃទី១៧ ខែតុលានេះ ព្រះបរមសពព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដង្ហែតាមព្រះទីនាំង មកដល់បរមរាជ្យវាំង ក្រោមការទទួល ដោយពលរដ្ឋយ៉ាងណែនណាន់តាន់តាប់ ប្រកបដោយទឹកចិត្តក្តុកក្តួល និងសោកសង្រេងក្រៃលែង។
ខណៈដែលព្រះទីនាំង រថយន្ត ដែលរចនាជារូបហង្ស ដង្ហែព្រះបរមសពព្រះមហាវីរក្សត្រ បានមកដល់បរមរាជវាំងនោះ សំឡេងសោកសង្រេង បានលាន់ឡើងពីពលរដ្ឋ ដែលឈរអមសងខាងផ្លូវយ៉ាងពាក់ពពូននោះ។
នាទីនោះ ក៏មានវត្តមានព្រះសង្ឃជាច្រើនរយអង្គ ចូលរួម ដើម្បីបង្សុកូល។ ចំនួនអ្នកមកចូលរួមបានកាន់ច្រើនឡើងៗ នៅក្នុងអំឡុងម៉ោងជាងបួន។
នៅមុនក្បួនមកដល់សមត្ថកិច្ច បានរៀបចំឲ្យអ្នកចូលរួមនៅផ្នែកខាងមុខ អង្គុយចុះ និងអ្នកនៅខាងក្រោយអាចឈរបាន។ ការរៀបចំបែបនេះ ដើម្បីឲ្យអ្នកចូលរួម អាចមើលឃើញទាំងអស់គ្នា។ ប៉ុន្តែនៅពេលក្បួនព្រះទីនាំង មកដល់គេពុំអាចឃាត់ឃាំង បាននូវចំនួនមនុស្សដ៏កកកុញ ដែលចង់ឃើញព្រះភក្ត្រព្រះមហាវីរក្សត្រជាចុងក្រោយនោះឡើយ។
ចំនួនមនុស្ស ដែលក្រោកឈរស្រុះគ្នា បានកើតឡើង នៅពេល ដែលក្បួនព្រះទីនាំងមកដល់។ នៅមុនក្បួនព្រះទីនាំងមកដល់ គេសង្កេតឃើញវត្តមានលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញវត្តមាននៅទីនោះដែរ ដើម្បីបញ្ជាដល់សមត្ថកិច្ចរបស់លោកក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនមហាជន ដែលចូលរួម៕
ថ្ងៃនេះ | 2700 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30988 | នាក់ |
ខែនេះ | 2700 | នាក់ |
ឆ្នាំនេះ | 3585360 | នាក់ |
សរុប | 52945286 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:33 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net