គណបក្សខ្មែរឈប់ក្ររបស់លោក ក្រវ៉ាញ ដារ៉ន បានប្រកាសធ្វើកូដកម្មអហិង្សាមួយចាប់ពីម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់នាថ្ងៃអាទិត្យ ទី១១ ខែសីហា ខាងមុខ ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោត ដែលគណបក្សមួយនេះមើលឃើញថា មានភាពមិនប្រក្រតីជាច្រើន និងស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ។
យោងតាមសេចក្តីជូនដំណឹងរបស់លោ ក្រវ៉ាញ ដារ៉ន កាលពីថ្ងៃទី៦ ខែសីហា កូដកម្មអហិង្សានេះ នឹងមានការចូលរួមពីមនុស្សចំនួន៦០០នាក់ដែលមានពីខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ តាកែវ និងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការស្នើសុំនេះមិនទាន់បានទទួលការយល់ព្រមពីសាលារាជធានីភ្នំពេញនៅឡើយទេ។
នាកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃូន ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងចលនាកូដកម្មដែលមានអ្នកចូលរួមលើសពី២០០នាក់នោះ សាលារាជធានីត្រូវស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃជាមុនសិន។
លោក ក្រវ៉ាញ ដារ៉ន បានលើកឡើងថា ការបោះឆ្នោតដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានឡើងនូវភាពមិនប្រក្រតីនៅគ្រប់មណ្ឌល ការិយាល័យបោះឆ្នោតទូទាំងប្រទេសដោយសារកង្វះខាតរបស់មន្ត្រី គ.ជ.ប ដែលវាជាហេតុបណ្តាលឲ្យគ្មានតម្លាភាព សេរី និងយុត្តិធម៌។
ប្រធានគណបក្សដែលមានសញ្ជាតិខ្មែរ-អាមេរិករូបនេះ បានកត់សម្គាល់ពីភាពមិនប្រក្រតីដ៏គួរឲ្យកត់សម្គាល់ចំនួន៨ចំណុច ដែលភាគច្រើនបង្កឡើងដោយគណបក្សប្រជាជនកម្ពុជានាអំឡុងពេលនៃការឃោសនា ដូចជាការប្រើប្រាស់ធនធានរដ្ឋ បុគ្គលិករដ្ឋ ការប្រើប្រាស់វិធីឃោសនាតាមរូបភាព កាសែត ទូរទស្សន៍ វិទ្យុ និងការចុះដោយផ្ទាល់តាមភូមិជាដើម។
ទាក់ទងនឹងអំឡុងពេលនៃការបោះឆ្នោត គណបក្សខ្មែរឈប់ក្រក៏បានរកឃើញករណីមិនប្រក្រតីជាច្រើនផងដែរជាពិសេស ទាក់ទងនឹងការបន្លំសន្លឹកឆ្នោត ការទិញដូរ ឈ្មោះស្ទួន មានឈ្មោះតែមិនអាចបោះបាន និងបញ្ហាទឹកខ្មៅ។
លោក ក្រវ៉ាញ ដារ៉ន បានអំពាវនាវឲ្យមានការសើរើរៀបចំ គ.ជ.ប សារជាថ្មី ហើយស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប សមាគមសិក្សានយោបាយអាស៊ី និងអន្តរជាតិ រួមទាំងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិផ្សេងទៀត។
គណបក្សខ្មែរឈប់ក្រ ត្រូវបានគេកត់សម្គាល់នាអំឡុងពេលនៃការឃោសនាត្រង់គោលនយោបាយមួយ គឺផ្តល់សេវាកម្ម Wifi ដោយសេរី និងការនាំយកអ្នកជំនាញពីសហរដ្ឋអាមេរិកមកជួយអភិវឌ្ឍប្រទេសកម្ពុជា ប្រសិនបើគណបក្សមួយនេះឈ្នះឆ្នោត៕ ប្រភពពី ថ្មីៗ
ថ្ងៃនេះ | 2333 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30621 | នាក់ |
ខែនេះ | 2333 | នាក់ |
ឆ្នាំនេះ | 3584993 | នាក់ |
សរុប | 52944919 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:12 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net