ព័ត៌មានក្ដៅ

តោះពួកម៉ាក​យើង​នាំគ្នា​អាន ច្បាប់ស្រី

ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:44 នាទី ចំនួនអានៈ 1358

នេះបទកំណត់ចងជា

ភុជង្គលីលា

ចងជាច្បាប់ស្រី។

កាលនាងឥរន្ទវតី

ចរចាកតាមប្ដី

គឺបុណ្យកយក្សា។

នាងវិមលាជាព្រះមាតា

បើកបន្ទូលថា

ហៃកូនពិសី។

នាងនឹងត្រាច់ត្រង់តាមប្ដី

ចេញចាកអំពី

ពិភពនាគនេះ។

ទៅឋានមនុស្សលោកនាយអេះ

ចូរនាងចាំចេះ

បម្រើស្វាមី។

ធ្វើវត្តប្រតិបត្តិប្រក្រតី

កុំឲ្យស្វាមី

អាក់អន់ចិន្ដា។

នាងអើយគម្ដែងក្រឡា

ជាម្ចាស់សិរសា

កូនកុំមាក់ងាយ។

ហៃកូនស្រីមាសម្ដាយ

ក្រណាស់នាងអាយ

តាមដោយច្បាប់ស្រី។

ក្រមួយមិនបានសម្ដី

ពាក្យទន់តិចនៃ

ឲ្យញាតិចូលចិត្ត។

ក្រមួយមិនចេះរិះគិត

ឃើញញាតិឆ្ងាយជិត

ហៅឡើងឆីស្លា។

ទោះមានមិនមានក្ដីណា

ពាក្យផ្អែមចរចា

ទើបគេស្រឡាញ់។

កុំជួចិត្តស្មូរកំណាញ់

មិនមានអស់អញ

នឹងញាតិសន្ដាន។

កើតយសរបស់ផងបាន

កើតសុខក្សេមក្សាន្ដ

ពីព្រោះកូនស្រី។

ទោះនឹងនិយាយស្រដី

ការកេរជាស្រី

កុំស្ដីឡេះឡោះ។

ថាលេងដូចក្មេងញ៉េះញ៉ោះ

ឃើញប្រុសកម្លោះ

សសៀរចូលជិត។

សើចព្រៀងកញ្ឆៀងមិនគិត

ប្រុសព្រើលបានចិត្ត

វាហ៊ានដោយសារ។

ហៅស្រីអប្រិយឥតការ

ឥតមានឥរិយា

មារយាទក្នុងខ្លួន។

សើរើពុំធ្វើនឹងនួន

ស្រដីមិនមួន

មិនមានអៀនអន់។

ឃើញគេបៀតបែរគយគន់

សើចសួរចំអន់

ចំអកឲ្យប្រុស។

ហៅស្រីអប្រិយទុយ៌ស

មិនខ្លាចខ្លួនខុស

មារយាទក្រឹត្យក្រម។

ធ្វើការអង្គុយច្រឡំ

នឹងសមពុំសម

ថាឯងជាស្រី។

មិនកោតមិនខ្លាចចិត្តប្ដី

ឲ្យប្រុសដទៃ

មាក់ងាយប្ដីណា។

ហៅស្រីឥតលក្ខណា

ឥតមានកិរិយា

មារយាទពុំសម។

ធ្វើការផងណាប្រើខំ

ទោះត្បាញចាក់ដំ

នាងខំឲ្យហើយ។

កុំទុកទៅមុខទៀតឡើយ

ថាចាំបង្ហើយ

កម្រណាស់ណា។

ទោះធ្វើហូលគោមព្រែផ្កា

ដាក់ត្បាញហើយណា

បានស្រេចសឹមធ្វើ។

ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ

ហើយកុំឲ្យដើរ

លេងផ្ទះគេណា។

ឱស្ងួនខ្លឹមខ្លួនរក្សា

នាងខំធ្វើការ

ទាន់ខ្លួនក្រមុំ។

មានប្ដីបានអ្វីជាខំ

រវល់កូនយំ

កម្រចេះឆ្លាត។

ព្រួយចិត្តគំនិតចង្អៀត

មួយហើយមួយទៀត

យំទារតែឆី។

រីងព្រួយទាំងមួយទាំងពីរ

រកបានឲ្យឆី

ទើបបានបាត់មាត់។

ទៅកាន់ការធ្វើឲ្យស្ទាត់

ហូលគោមគាត់កាត់

អន្ទងត្បាញទៅ។

កុំទុកក្នុងស្មុគស្មាញនូវ

ក្រែងដល់យូរទៅ

ខាតខូចអសារ។

ហៃកូនស្រីស្ងួនមាតា

ចូរចាំរក្សា

កុំភ្លេចស្មារតី។

ចូររករៀនយកច្បាប់ស្រី

ឲ្យកោតខ្លាចប្ដី

គម្ដែងក្រឡា។

ធ្វើវត្តប្រតិបត្តិសោតណា

ឲ្យនាងរក្សា

ភ្នក់ភ្លើងទាំងបី។

ឲ្យកាត់ឲ្យគង់ប្រក្រតី

សព្វថ្ងៃកុំឲ្យបី

ភ្លេចផ្លុំឲ្យឆេះ។

ក្រែងរាលដូចដាលព្រាយប្រេះ

កើតក្ដៅរលេះ

រលាយអស់អង្គ។

ភ្លើងក្រៅកុំនាំទៅក្នុង

ឲ្យឆេះបំផ្លុង

ឬផ្លុំបង្កាត់។

ភ្លើងក្នុងមិនប្រុងប្រយ័ត្ន

នាំមកបង្កាត់

ឲ្យឆេះឯក្រៅ។

អុជអាលបណ្ដាលឲ្យក្ដៅ

ដាលដល់កូនចៅ

អសោចអប្រិយ។

ឲ្យនាងខំប្រុងស្មារតី

មើលភ្លើងទាំងបី

រក្សាឲ្យគង់។

ភ្លើងនោះឲ្យកូនពុំលង់

នឹងឲ្យឧត្ដុង

ឧត្ដមកន្លង។

កើតយសរបស់ទ្រព្យផង

បរិបូរឥតហ្មង

ប្រសើរក្ដាត់ណា។

ភ្លើងមួយនោះឲ្យរក្សា

គឺគុណមាតា

បិតាស្ងូនគ្រង។

ឲ្យនាងធ្វើដោយគន្លង

ប្រណិប័តន៍កុំឆ្គង

នឹងម្ដាយឪពុក។

ឲ្យខំថែទាំញ៉ឹកញ៉ុក

ចំណីចំណុក

ចំណង់អាត្មា។

កុំឃ្លានទុកឆីឡើយណា

ឆ្ងាញ់ឈ្ងុយពិសា

ជូនជាប្រក្រតី។

ពាក្យពេចន៍ការកិច្ចអ្វីៗ

អត់ឱនកុំបី

ឲ្យអាក់ចិន្ដា។

ភ្លើងមួយគម្ដែងក្រឡា

គឺប្ដីអាត្មា

ឋិនថេររួមរ័ក្ស។

ឲ្យនាងប្រណិប័តន៍ជឿជាក់

កុំធ្វើឲ្យអាក់

ឲ្យអន់ចិត្តប្ដី។

អត់ឱនខ្លាចខ្លួនជាស្រី

កុំឲ្យស្រដី

ទុកគេជាស្មើ។

ទោះកើតហេតុភេទសារពើ

ពាក្យពុំប្រសើរ

ជញ្ជឹងចាំស្ដាប់។

ទោះប្ដីស្រដីពុំគាប់

ពុំគួរឲ្យប្រាប់

បានដឹងដល់ម្ដាយ។

កើតខឹងរែងរីងខ្ចរខ្ចាយ

ឮពាក្យពីម្ដាយ

ខ្សឹបខ្សៀវប្រាប់ប្ដី។

មិនក្សាន្តបែកបានពីប្ដី

កើតជាសម្ដី

សួរចុះសួរឡើង។

ពុំស្ងាត់ស្ងៀមមាត់ចចើង

ជជែកនាំឡើង

ចចើងមិនបាត់។

តតាំងពាក្យខ្លាំងមិនស្ងាត់

មិនស្ងៀមឲ្យបាត់

ឲ្យបានទីសុខ។

ជជែកស្ទើរបែកទាំងស្រុក

មិនមានហៅសុខ

យូរលង់ឡើយនៃ។

នេះហៅភ្លក់ភ្លើងទាំងបី

ម្ដាយផ្ដាំកូនស្រី

ឲ្យខំរក្សា។

នាងគម្ដែងក្រឡា

ខុសឆ្គងម្ដេចម្ដា

ម្ដាយផ្ដាំកូនស្រី។

ឲ្យអត់សង្កត់ហឫទ័យ

កូនកុំស្រដី

ដើមប្ដីកំបាំង។

កុំជេរកុំចេញជាខ្លាំង

ខ្សត់ខ្សោយខ្លៅខ្លាំង

នាងកុំមើលងាយ។

ល្ងង់ខ្សោយប្រើឲ្យនិយាយ

ណែនាំលេងលាយ

ឲ្យស្រួលវាចា។

ទោះប្ដីស្រដីម្ដេចម្ដា

ខេខឹងជេរថា

បោះពាក្យទម្ងន់។

ក្រោធក្រេវឆុលឆេវមិនអន់

មិនអាក់ស្រោកស្រន់

ដោយចិត្តគ្នាន់ក្នាញ់។

រអ៊ូរទាំទន្ទេញ

ជេរថាជន្លេញ

ត្បិតទាស់នឹងចិត្ត។

ឲ្យកូនស្រីស្ងួនខំអត់

ឲ្យបានរលត់

រលាយកំហឹង។

កុំកូនកាន់ខ្លួនប្រែប្រឹង

តតបទៅនឹង

អ្នកជាស្វាមី។

ខេខឹងក្រញឹងសម្ដី

មិនគិតខ្លួនស្រី

ស្រដីទ្រគោះ។

ប្រកែកស្ដីពាក្យគំរោះ

គំរាមបញ្ឆេះ

បញ្ជោរឲ្យខឹង។

រឹងរូសមើលមុខសម្លឹង

សម្លក់ទៅរឹង

ចចឹងចង់ឈ្លោះ។

រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ

បំបែកជាឈ្លោះ

បំបែរពុំទៀង។

ជេរថាឆ្កែឆ្មាបំព្រៀង

ដៀលត្មះបញ្ឆៀង

បញ្ឈឺចិត្តប្ដី។

បោះបោកប្រទះអ្វីៗ

ចាប់ចោលទៅដី

បែកបាក់ពុំគិត។

មិនស្រួលទទួលបាត់មាត់

ម្នះម្នាក្នុងចិត្ត

ឲ្យបានប្ដីចាញ់។

ទើបបានសុខចិត្តជាវិញ

ហៅស្រីម្នះម្នេញ

អាប់កេរ្តិ៍យសឆ្ងាយ។

ហៅកូនស្រីស្ងួនមាសម្ដាយ

ខុសណាស់នាងអាយ

កុំធ្វើដូចគេ។

ទោះបីបើប្ដីនាងជេរ

នាងចូលទៅឯ

ដំណេកគិតសិន។

ចេញមកនាងយកពាក្យទន់

ស្រដីឲ្យអន់

ស្រាយទោសនោះទៅ។

ទោះបីបើប្ដីប្រដៅ

ចូរនាងចាំនៅ

ទុកក្នុងអាត្មា។

ពាក្យពេចន៍កុំភ្លេចឡើយណា

ក្រែងឆ្គងម្ដេងម្ដា

ត្បិតបានផ្ដាំស្រាប់។

ព្រោះឯងមិនក្រែងមិនស្ដាប់

ពាក្យគេបង្កាច់

បង្កើតតែឈ្លោះ។

ឥតសុខអាក្រក់តែឈ្មោះ

ឮគេប្រឈ្លោះ

មិនចេះហៅល្ហែ។

នេះពុំរាប់ជាស្ត្រីទេ

ជាអ្នកប៉ោឡែ

ចិត្តចោរដកទង។

ឲ្យមាត់បង្គ្របប្ដីផង

ឲ្យគេស្ដាប់ហោង

ថាឯងគ្រាន់បើ។

គឺមោះនាងនោះមិនប្រើ

មិនបើកឲ្យដើរ

បញ្ចើឲ្យទេ។

ទោះបីប្ដីប្រើមាសមេ

កុំកូនចំអែ

ចំអៀកមិនទៅ។

ឆ្ងាយជិតកុំគិតរង់នៅ

ក្រោកក្រេសដើរទៅ

កុំឲ្យប្ដីជេរ។

កុំទៅនៅយូរផ្ទះគេ

រវល់ទំនេរ

រវៀសមកណា។

ហៃកូនខ្លឹមខ្លួនមាតា

ជាស្រីនេះណា

កម្រណាស់នាង។

មិនថាត្បិតល្អរូបរាង

មិនរើសត្បិតជាង

ចេះការទាំងគ្រប់។

មិនបានស្គាល់ទិគោរព

ស្គាល់ទេឧបទ្រព

ទាំងដប់ប្រការ។

ហៅតែនឹងល្អរូបា

ពិតហើយចេះការ

គួរកោតដោយយ៉ាង។

មួយរូបល្អសសន្លាង

ឥតគេផ្ទឹមខាង

ច្បាប់ផងមិនចេះ។

ល្អពិតគំនិតមិនផេះ

ទោះខ្មៅក្រងេះ

ការសោតសមគួរ។

គឺមោះនាងនោះមិនជួ

ចេះដឹងសមគួរ

ស្គាល់អស់ឥរិយា។

នេះឯងពីព្រេងលោកថា

ហៅល្អរូបា

កបកល្យាណី។

ហៃកូនស្រីស្ងួនពិសី

ម្ដាយប្រាប់អំពី

ឧបទ្រពចង្រៃ។

កាន់ក្បាលប្ដីហើយរកចៃ

មិនបានលើកដៃ

បិទទូលសំពះ។

លោកទុកស្មើកុកទំផ្ទះ

រង្គំរង្គះ

នឹងបង់អស់ទ្រព្យ។

កន្លងជើងប្ដីពុំគាប់

ព្រោះចិត្តចង់ឆាប់

រំលងជើងប្ដី។

ស្មើសត្វលលកស៊ីខ្មោចខ្មី

ហើយច្រាលអប្រិយ

កើតព្យាធិរោគា។

ចង្រៃមួយនៃរាល់គ្នា

ចេញចូលមាត់ទ្វារ

ពុំបានបិទបាំង។

ធ្វេសប្រាណខុសខានមិនរាំង

មិនរុញបំបាំង

មើលយល់សាយសុស។

ទុកស្មើគេអុជចន្លុះ

ឲ្យចោរចូលផ្ទះ

យកទ្រព្យទាំងឡាយ។

ស្រីមួយសើចលេងក្អាកក្អាយ

ឮលេខចម្ងាយ

រំលងផ្ទះបី។

ស្មើសត្វចចាតបក្សី

ចូលភូមិផងក្ដី

ចង្រៃក្ដាត់ណា។

ស្រីមួយដេកដាក់កាយា

ប្រះប្រែអាត្មា

ឲ្យខ្នងទៅប្ដី។

ទុកស្មើពស់ក្រាយអប្រិយ

ឡើងផ្ទះឥតបី

ឥតបើគណនា។

ចង្រៃកាចក្រៃពុំជា

នឹងព្រាត់ប្រាសគ្នា

ពុំបានវែងឆ្ងាយ។

ស្រីមួយសក់វែងអន្លាយ

រំសុសរំសាយ

សក់សោតរេរា។

នៅមាត់អណ្ដូងមាត់ទ្វារ

បីដូចមជ្ជរា

ឆ្មាលាក់ក្រចក។

ចង្រៃឥតបីបើរក

រេរាសំកក

មិនចុកសក់ងាយ។

ស្រីមួយដើរទៅទាត់ជាយ

ឮលាន់ស្ទើរធ្លាយ

ប្រថពីសន្ធឹក។

សំពត់ដាច់ដាចមិននឹក

ដើរឮគគឹក

ស្មើសូររន្ទះ។

ញ៉ាំញើសំណើរលះ

ដាក់ជើងលើផ្ទះ

គគ្រាំងគគ្រេង។

កក្រើកផ្ទះទាំងបីល្វែង

ដូចកលគេសែង

របស់ចេញទៅ។

ស្រីមួយឃើញទ្រព្យនៅផ្លូវ

កន្លងហួសទៅ

មិនចាប់ចេញទុក។

ពុំចេរចំណេរទៅមុខ

ពុំចេះដាក់ទុក

រាយរាល់តែល្វែង។

ទ្រព្យនោះរលោះចេញឯង

ចង្រៃទាស់ទែង

ធ្វើឲ្យអន្តរាយ។

ទោះឆីចំណីនូវបាយ

លបលូកកកាយ

ពម[៩]ពុំសណ្ដាប់។

កូនអើយនេះហើយចូរស្ដាប់

ហៅក្ដីឧបទ្រព

ទាំងដប់ប្រការ។

ឲ្យចៀសអស់ទាំងនេះណា

ឲ្យរៀនលក្ខណា

ទាំងប្រាំពីរផង។

គឺព្រះមានបុណ្យកន្លង

ទេសនាចែងចង

ជាបទគាថា។

មួយមាតុមួយមិត្តភរិយា

កាតុភរិយាជាតិ

ទាសភរិយាផង។

ទាំងបួនប្រសើរឥតហ្មង

គួរឲ្យចាំចង

ទុកក្នុងអង្គា។

រីឯហៅមាតុភរិយា

ប្រពន្ធនោះជា

លោកទុកស្មើម្ដាយ។

ចរិតបីប្រការក្នុងកាយ

មួយចង់ខ្វល់ខ្វាយ

ប្រយោជន៍ឲ្យប្ដី។

បានថ្កើងរុងរឿងឮល្បី

មិនឲ្យអាប់ប្ដី

ឲ្យបានសក្តិយស។

មួយបើប្ដីស្លៀកពាក់ចាស់

យកថ្មីឲ្យផ្លាស់

ចាស់ស្លៀកខ្លួនឯង។

ចេះរៀបរណ្ដាប់តាក់តែង

ចំណីផងស្វែង

រកមកឲ្យប្ដី។

មួយបើប្ដីឈឺថ្កាត់អ្វី

ព្រួយប្រឹងមើលប្ដី

រកថ្នាំសង្កូវ។

រកពេទ្យមេមត់នូវគ្រូ

គ្រោះយាមគន់គូរ

មើលប្ដីឲ្យជា។

រីឯហៅកាតុភរិយា

ប្រសើរសោភា

ប្រពន្ធស្មើបង។

នោះមានចរិតពីរផង

ដូចប្អូននិងបង

ចិត្តមូលមួយប្រាណ។

មួយធ្វើឲ្យប្ដីក្សេមក្សាន្ត

របស់ប្ដីបាន

ចេះទុករក្សា។

មួយទោះឮពាក្យអ្នកណា

គេតិះដៀលថា

ស្រដីពីប្ដី។

ពុំត្រូវអាស្រូវអប្រិយ

ចេះការកេរ្តិ៍ប្ដី

បែរបានជាសុខ។

ទោះបីបើប្ដីមានទុក្ខ

គិតឲ្យបានសុខ

យកខ្លួនធានា។

មួយសោតឯមិត្តភរិយា

មានចរិតជា

បីប្រការមិញ។

បីដូចកលមិត្តសម្លាញ់

មានចិត្តអស់អញ

មិនឲ្យមានហ្មង។

បីដូចកលប្អូននិងបង

ប្រាសយូរលង់ហោង

ទើបមកជួបគ្នា។

មានចិត្តប្រតិព័ទ្ធមហិមា

ត្បិតបានជួបគ្នា

មិនឲ្យមានហ្មង។

មួយមានមារយាទកន្លង

ទោះឃើញប្រុសផង

មិនល្អៀងចិត្តទៅ។

រីទាសភរិយានោះកូវ

ក្នុងមាត្រាត្រូវ

ប្រពន្ធខ្ញុំប្ដី។

ចរិតប្រាំបីប្រការខ្មី

មួយចិត្តខ្លាចប្ដី

ក្រែងប្ដីវាយជេរ។

ប្រុងចិត្តការគិតខ្មាសគេ

មិនឲ្យប្ដីជេរ

បន្ទោសខ្លួនបាន។

ទោះខឹងប្ដីក្រៃប៉ុន្មាន

មិនចេះហៅហាន

ឆ្លើយឈ្លោះតមាត់។

មួយទោះប្ដីនោះកាចក្ដាត់

ខឹងដល់វាយវាត់

ជេរចោរដកទង។

មិនហ៊ានឆ្លើយឈ្លោះរំលង

តតបទៅផង

ក្រែងឮកេរ្តិ៍ឆ្ងាយ។

មួយចេះប្រដាប់រៀបបាយ

ប្ដីដើរជិតឆ្ងាយ

មិនហ៊ានបរិភោគ។

អត់ចាំទម្រាំប្ដីមក

ជួបជុំទើបយក

បរិភោគផងគ្នា។

នេះឯងហៅទាសភរិយា

សម្ដេចភគវា

ទេសនាប្រោសប្រាប់។

បើអស់ស្រីណាបានស្ដាប់

យកទុកជាច្បាប់

ក្នុងប្រាណសព្វថ្ងៃ។

លុះអស់អាយុក្សិណក្ស័យ

បានទៅកើតឰ

តុសិតសួគ៌នាយ។

នឹងបានក្សេមក្សាន្តពណ្ណរាយ

សេពសុខសប្បាយ

និរទុក្ខកយា។

រីឯប្រពន្ធពុំជា

ពេជ្ឈឃាតភរិយា

ចរិតមានបួន។

កុំឲ្យយកទុក្ខក្នុងខ្លួន

ឲ្យចៀសចេញជួន

កើតកម្មវេរា។

មួយចិត្តគំនិតចង់ជា

ឆ្លាស់ឆ្លើយបំពារ

បំពានឲ្យប្ដី។

ប្រទូសរឹងរូសខ្ញូវខ្ញី

មិនចេះចាញ់ប្ដី

ថាឯងគ្រាន់បើ។

ឆ្លើយឆ្លងសូរសងបណ្ដើរ

ចង់ឈ្លោះឲ្យស្មើ

ឲ្យលើសប្ដីវិញ។

មួយមិនចង់ធ្វើបំពេញ

បង្អាប់ប្ដីវិញ

ឲ្យថ្កើងខ្លួនឯង។

អាងចេះដៀលតិះពុំក្រែង

ឲ្យប្ដីស្ដាប់ឯង

ដោយចិត្តអន្ធពាល។

មួយមានចិត្តនោះស្រើបស្រាល

ចង់ត្រេកត្រអាល

ចោលពេញមុខប្ដី។

មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ

ចង់សម្លាប់ប្ដី

ស្រឡាញ់ប្រុសទៀត។

គិតកាប់សម្លាប់បង់ម្សៀត

នឹងយកប្រុសទៀត

ធ្វើប្ដីមរណា។

រីឯសត្រូវភរិយា

ចរិតពុំជា

ប្រាំពីរប្រការ។

មួយមិនខ្លាចប្ដីអាត្មា

បង្គាប់ត្រង់ណា

ពុំធ្វើតាមចិត្ត។

មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់

ប្ដីសួរបីម៉ាត់

ពុំស្រដីផង។

មួយប្ដីស្រដីគន្លង

ប្រដៅច្បាប់ផង

ពុំចូលចិត្តស្ដាប់។

មួយមិនចង់ឲ្យប្ដីគាប់

មិនចង់ប្រដាប់

ឲ្យប្ដីថ្កុំថ្កើង។

មួយទោះនឹងស្រដីឡើង

ពាក្យធំចចើង

ចចេសនឹងប្ដី។

មួយទោះប្ដីលោះខ្ញុំស្រី

វាបម្រើប្ដី

មិនឲ្យអាក់អន់។

ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់

ក្នុងចិត្តប្រច័ណ្ឌ

ជេរថានាយអាយ។

មួយត្បិតប្ដីមានសាហាយ

ហួរហែកសុសសាយ

ឲ្យប្ដីអាស្រូវ។

រីចោរភរិយានោះកូវ

ចរិតពុំត្រូវ

មានបីប្រការ។

មួយចង់ចាយទ្រព្យប្ដីណា

ឲ្យខូចអសារ

មិនគង់ជាល្អ។

មួយប្ដីឃ្មាតខ្មីខំរក៍

របស់បានមក៍

មិនថែទាំទុក។

លួចឲ្យទៅម្ដាយឪពុក

ប្ដីសួររកមុខ

មិនប្រាប់ឡើយណា។

មួយខ្ជិលមិនចង់ធ្វើការ

កុហកមុសា

ថាឯងរវល់។

ដេកលេងចំខែងអស់កល

លុះប្ដីគេយល់

ពុតធ្វើជាឈឺ។

ទទូរដេកថ្ងូរហ៊ឺៗ

ប្ដីហៅមិនឮ

ពុតចង់តែស្លាប់។

នេះហៅប្រពន្ធពុំគាប់

ស្រីណាកាន់ខ្ជាប់

ពុំដែលរសាយ។

លុះអស់អាយុក្ល័យក្លាយ

ធ្លាក់ទៅអបាយ

ទាំងបួនចំពូក។

តែងនឹងរងទុក្ខរងសោក

រំដោះរួចមក

កើតជាមនុស្សខ្ទើយ។

ហេតុអកុសលនេះហើយ

ត្បិតខ្លួនឥតត្រើយ

ធ្វើខុសគន្លង។

ខុសវត្តប្រតិបត្តិឆ្គាំឆ្គង

មិនរៀងមិនរង

ខុសនឹងច្បាប់ស្រី។

មាក់ងាយនោះមានប្រាំបី

មានក្នុងបាលី

ព្រះធម៌លោកថា។

មាក់ងាយមួយនោះឯងណា

ត្បិតប្ដីពិការ

មិនបានមាំមួន។

ខឹងស្អប់ធុញថប់មិនទ្រាំ

មិនមានរកថ្នាំ

គ្រូគ្រោះមេមត់។

មើលប្ដីឲ្យជាឆាប់ផុត

ខឹងវិញមិនអត់

បន់ឲ្យប្ដីស្លាប់។

មាក់ងាយមួយប្ដីខ្សត់ទ្រព្យ

គ្មានកេរកោះគាប់

ស្មើនឹងអាត្មា។

ដៀលត្មះថាច្រាសដោយសារ

ព្រោះខ្ជិលធ្វើការ

ទើបគ្មានរបស់។

មាក់ងាយត្បិតប្ដីអប្បយស

ឯងត្រកូលខ្ពស់

ពូជពង្សពុំស្មើ។

ឆ្មើងខ្លួនឲ្យប្ដីបម្រើ

ឈ្លោះឡើងហើយដើរ

ដៀលត្មះពូជពង្ស។

មាក់ងាយមួយត្បិតប្ដីល្ងង់

ខ្លៅខ្លួនទ្រមង់

ទ្រមក់យឺតយូរ។

ដៀលត្មះពុំចេះអាសូរ

សម្ដីខ្មោះខ្មូរ

មិនក្រែងប៉ុនសក់។

មាក់ងាយមួយប្ដីអាក្រក់

សាច់ខ្មៅប៉ប៉ក់

មុខអុតស៊ីសុស។

កន្ទ្រល រោងរលក្រអុះ

សក់ស្កាញស្កូវសុស

ពោះធំប៉ុនពាង។

ខ្លួនឯងចិញ្ចែងរូបរាង

ខ្លួនសល្អជាង

ថាប្ដីមិនសម។

មាក់ងាយមួយប្ដីមិនខំ

ធ្វើការលេលាំ

ឡែឡដើរលេង។

ឆ្លៀតឆ្លើយបោះពាក្យគគ្រេង

ឈ្លោះជេរមិនឈ្វេង

គិតខុសមាត្រា។

មាក់ងាយមួយប្ដីផឹកស្រា

ស្រវឹងចោលការ

ដើរលេងតែតោ។

ពាក្យក្អេងរាំច្រៀងឡោៗ

ឲ្យឆ្កែព្រុសឆោ

ផ្អើលភ្ញាក់កូនចៅ។

ឮមាត់ប្ដីហើយខឹងក្ដៅ

ប្រទេចជេរទៅ

តាមដោយចិត្តក្នាញ់។

មាក់ងាយមួយទៀតនោះមិញ

ត្បិតប្ដីស្រឡាញ់

លលូកប្រឡែង។

មួលបិចចាក់ចុចជាល្បែង

មិនមានកោតក្រែង

បានចិត្តជេរវិញ។

ត្បិតតែយល់គេស្រឡាញ់

ស្រដីផងមិញ

គំរោះគំរើយ។

ធ្វើក្នាញ់បែរចេញព្រងើយ

គេនឹងកន្តើយ

ក្និចក្នក់មាយា។

ពុំបានក្សេមក្សាន្តនឹងគ្នា

មាក់ងាយនេះជា

គំរប់ប្រាំពីរ។

កូនអើយនេះហើយច្បាប់ស្រី

ឲ្យកូនពិសី

រករៀនរក្សា។

យកទុកក្នុងអង្គអាត្មា

ប្រសើរក្ដាត់ណា

កើតសុខសួស្ដី។

ប្រសើរទាំងនាលោកិយ

ទោះបរលោកក្ដី

សឹងលុះប្រាថ្នា។

ទោះចិត្តគន់គិតសច្ចា

ជាពុទ្ធមាតា

សឹងបានបរិបូរណ៍។

ដូចចិត្តឆុតឆាប់ពុំយូរ

កបកើតសម្បូរ

សម្បត្តិទ្រព្យផង។

កើតយសខ្ពង់ខ្ពស់កន្លង

យឺនយូរឥតហ្មង

ដូចក្ដីប្រាថ្នា។

ច្បាប់នេះឧត្តមថ្លៃថ្លា

ទោះស្រីឯណា

ឮហើយមានភ័ព្វ។

ជាល្អកម្របានស្ដាប់

ស្ដាប់ហើយចូរចាប់

ចូរចាំគ្រប់គ្នា។

បានដល់មគ្គផលសួគ៌ា

ប្រសើរសោភា

ចូរចាំកុំភ្លេច។

ចរចាអស់អាថ៌ពាក្យពេចន៍

ពាក្យពិតកាព្យកិច្ច

បរិបូរណ៍ប្រពៃ។

ប្រាជ្ញាប្រែរីឯនាមនៃ

ខ្ញុំឈ្មោះម៉ឺន មៃ

មែនមានសទ្ធា។

មានចិត្តកួចគិតកាព្យា

កបកើតជ្រះថ្លា

ត្រេកត្រង់កុសល។

សច្ចាប្រាថ្នាមគ្គផល

ផុរផុសយោបល់

លេចលើកទុកនៅ។

ទោះបីសេចក្ដីខុសត្រូវ

សូមទានតម្រូវ

តម្រង់ឲ្យផង។

កុំត្មះតិះដៀលឡើយហោង

សូមសាងផលផង

ទុកតសាសនា។

សម្រាប់ជាច្បាប់មាត្រា

សូរេចបការា

បរិបូរណ៍ចែងចប់៕

ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ បោះ​ពុម្ព​ផ្សាយ​ជា​ធម្ម​ទាន ដោយ​អង្គ​ការ​សន្តិ​ស្ម័គ្រ​

ចិត្ត​ជប៉ុន ប្រចាំនៅកម្ពុជា (អេស​ វី អេ) ភ្នំបេញ ព.ស ២៥៤៩-គ.ស ២០០៥

ស្លាក:  ព័ត៌មានថ្មីៗ  កំណាព្យ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27387នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173871នាក់
ខែនេះ    557151នាក់
ឆ្នាំនេះ   1939383នាក់
សរុប   51299309នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:24