ព័ត៌មានក្ដៅ

សិក្សាការ​ប្រតិបត្តិជំនឿព្រហ្មញ្ញសាសនា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2018 វេលាម៉ោង 01:06 នាទី ចំនួនអានៈ 5876

សេចក្តីផ្តើម

នៅលើ​ភព​ផែន​ដី​ដ៏ស្រស់​បម្រង​​​ មាន​មនុស្ស​​សត្វ​រស់​នៅ​​ជាច្រើន​សន្ធឹក​សន្ធាប់​ ពួកគេ​និ​យា​យ​​ភា​សា​ផ្សេង​ៗពី​គ្នា​ទៅ​តាម​ជាតិ​សាសនិង​ប្រទេស​​នីមួយៗ មិន​តែ​ប៉ុណ្ណោះ​ក្រុម​មនុស្ស​ទាំង​នោះ​​​មាន​ជំ​នឿ​សាសនា​ផ្សេង​ៗ​​គ្នាផងដែរ​ មនុស្ស​​ខ្លះនៅ​​​ប្រទេស​ខ្លះ​ កាន់​សាសនា​ព្រះពុទ្ធ ខ្លះ​កាន់​សាសនា​ឥស្លាម ខ្លាះ​កាន់​សាសនា​ពីរ ឬច្រើន​ជាងនេះ ឯខ្លះ​ទៀត​កាន់ ​ព្រហ្មញ្ញ​សាសនា​ រី​ឯ​ប្រ​ទេស​​កម្ពុជាវិញ ​អ្នក​ខ្លះ​កាន់​សាសនា​ព្រះ​ពុទ្ធ ខ្លះកាន់​សាសនា​ព្រះពុទ្ធ​ផង​ និង​​​ព្រហ្មញ្ញសាស​នា​​ផង​ អ្នក​ខ្លះ​មាន​ជំនឿ​ទៅ​លើ​តិ​រ​ច្ឆា​ន​សាសនា (ជំនឿលើ​ខ្មោច​ព្រាយ អារក្ខ​ អ្នកតា​)។​

ព្រហ្មញ្ញសាសនា មាន​ន័យ​ថា ជា​សាសនា​របស់​ព្រះ​ព្រហ្ម​ ឬ​​សាស​នា​​តម​ក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិ​បត្តិ​​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញ​សាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​ពី​​បុរាណ​យូរ​អង្វែង​​លើស​សាសនានានា​ទាំង​អស់​​ក្នុង​សកល​​លោកយើង​នេះ ហើយ​សាសនា​នេះ​គឺ​ចាប់​កំណើត​កើត​ឡើង​ក្នុង​​ប្រទេស​ឥណ្ឌា​។​ ព្រម្មញ្ញ​សាសនាអប់រំនុស្សឲ្យជឿ តែមិនឲ្យគិត ឲ្យស្ដាប់តែមិនឲ្យសួរ អ្វីដែលសរសេរទុកក្នុង គម្ពីរ​ ចាត់ទុកថាជាពាក្យរបស់ព្រះ ហើយត្រឹមត្រូវទាំងអស់ ពួកព្រាហ្មណ៍អប់រំមនុស្ស ឲ្យជឿ ទៅ​លើ​ព្រះអាទិទេព ហើយបង្គាប់ឲ្យមនុស្ស ពឹងផ្អែក លើព្រះអទិទេពទាំងស្រុង។

អ្នក​កាន់​សាសនា​នេះ​​គេជឿថាព្រះជាអ្នកកំណត់ ព្រហ្មលិខិត ព្រេងវាសនា និងកម្មផល របស់មនុស្សលោក​ ដូច្នេះ​ ការ​ជឿដោយខ្វះការគិត ការពិចារណានេះហើ​យ ទើប​ធ្វើ​​អោយ​មនុស្ស​​មួយ​ចំនួន​ក្នុង​សង្គម​ខ្មែរ​​ដេកសង្ឃឹម​តែ​ព្រេង​វាស​នា​ ជឿទៅ​លើក​ការ​សុបិន្ត ជឿង​ទៅ​លើ​ហោរា ថា​ខ្លួន​និង​ក្លាយ​ជា​អ្នក​មាន​ អ្នក​ធំ សម្បូរ​ទ្រព្យ​ធន ដោយ​បោះ​បង់​ការ​ខិត​ខំ​តស៊ូ បោះ​បង់​ការ​សិក្សា​​របស់ខ្លួន ហើយ​ធ្លាក់​ខ្លួន​ក្រ​រហាម​អស់មួយជាវិត។ ក្នុង​ន័យ​នេះ​មិន​មែន​មាន​ន័យ​ថា អោយ​ប្រជន​ខ្មែរ​បោះ​បង់​ជំនឿនោះទេ តែ​ការ​ជឿ​ទៅលើ​អ្វី​មួយ​គួរគប្បី​ពិចារ​ណា​អោយ​បាន​ល្អិត​ល្អន់​ ជៀស​វាង​ការ​ជឿ​យ៉ាង​ងងុប​ងងុល​ពុល​ឈ្លគវង្វេង​ដែល​ជាហេតុ​នាំ​អ្នក​អោយ​ដើរ​ផ្លូវ​ខុស។ តើអ្វីទៅជា ព្រហ្មញ្ញសាសនា? ខាង​​ក្រោម​នេះ ខ្ញុំបាទ/នាង​ខ្ញុំ​ និង​លើក​យក​ព្រា​ហ្មញ្ញ​សាសនា​​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ដក​ស្រង់​ពី​ឯកសារ​ផ្សេងៗដែល​មាន​ប្រភព​ច្បាស់​លាស់​​មក​ពិពណ៍នា ជា​ការចូល​រួម​​ចែករំលែក​ចំណេះដឹងខ្លះ​​។

១-ពន្យល់ពាក្យ (វចនានុក្រម សម្តេច​ព្រះសង្ឃរាជ ជូន-ណាត)

ព្រាហ្មណ៍ (សំ.បា) នាមសព្ទៈ មនុស្ស​ដែល​កំណត់​តាម​លទ្ធិ​បុរាណ​ពី​ព្រេង​នាយ ថា​មាន​ពូជ​ដើម​កំ​ណើត​ពី​ព្រះ ឱស្ឋ ។ ព្រហ្ម (ម.ព.ពាហុជៈទៀត​ផត) ពួកព្រាហ្មណ៍ ជាតិព្រាហ្មណ៍ ពូជព្រាហ្មណ៍ បើ​ស្ត្រី​ជា ព្រាហ្មណី។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំណត់​យក​ពួក​បារគូបុរោហិត​ហៅថា ព្រាហ្មណ៍ (ម.ព.បារគូ និង​ បុរោហិត​ផង)។ ខាង​លទ្ធិ​ពុទ្ធ​សាសនា​ ហៅ​ព្រះ​អរហន្តថា ព្រាហ្មណ៍ សំដៅ​សេច​ក្តី​ថា អ្នក​បន្សាត់​បាប​ ឬ​កំចាត់​កិលេសអស់​ហើយ ព្រោះ​ព្រះ​អរហត្ត​លោក​កម្ចាត់​កិលេស​ជ្រះ​ស្រឡះ​អស់​ដោយ​អរហន្ត​មគ្គ​ហើយ ហៅ​ថា​ ខីណា​សវ ព្រាហ្មណ៍ ក៏បាន​។ ព្រាហ្មណពន្ធុ (ព្រហ្មៈណៈព័ន-ធុ) ពូជព្រាហ្មណ៍ ឬដែល​មាន​ពូជ​ជា​ព្រាហ្មណ៍។ ព្រាហ្មណ៍ព្រឹទ្ធ គឺ​ព្រាហ្មណ៍​ចាស់ គេ​ច្រើន​និយាយថា ព្រាហ្មណ៍ព្រឹទ្ធ​បណ្ឌិត​កវី។ ព្រាហ្មណមហាសាល (ព្រាហ្មៈណៈមៈហា-) ព្រាហ្មណ៍ដែល​មាន​ទ្រព្យទុក​នៅ​ស្ងៀម​ច្រើន​ដល់​ ៨០ កោដិ។ល។

២-ការ​ហូរចូលព្រហ្មញ្ញ​សាសនា​មក​ក្នុង​ប្រទេស​កម្ពុជា (មានឯកសារពីរនិយាយស្រដៀងគ្នា)៖

          ២-១-សៀវភៅ សិល្បៈនៃការ​រស់នៅ របស់ BBU-SR ទំព័រ ២៦-២៧

ព្រហ្មញ្ញ​សាសនា ទំនង​ជា​បាន​ផ្សាយ​ចូល​មក​ស្រុក​ខ្មែរ​មុន​ការ​ផ្សាយ​ចូល​នៃ​ព្រះពុទ្ធ​សាស​នា​ តាម​រយៈពួក​ឈ្មួញ​ឥណ្ឌា ដែល​ធ្វើ​ដំ​ណើរ​តាម​សំ​ពៅ​ មក​ទាក់​ទង​លក់​ដូ​រ​ជាមួយ​ខ្មែរ​យើង។ តាម​ពិត​ពួក​ត្រកូល​ព្រាហ្មណ៍​មាន​ទួនាទី​ជាអ្នក​កាន់ អ្នក​ថែរក្សា​ អ្នក​ផ្សព្វ​ផ្សាយ​អោយ​ ព្រហ្មញ្ញ​សាសនា ដូច្នេះ​ពួក​គេ​សុទ្ធ​តែ​បាន​រៀន​សូត្រមាន​ចំណេះ​យ៉ាង​ស្ទាត់​ជំនាញ​ទាក់​ទង​ទៅ​និង​​លទ្ធិ​សាសនាព្រាហ្មណ៍នេះ។ ម្យ៉ាង​ទៀត ពួកព្រាហ្មណ៍​ទាំង​នោះ​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ​ផង​ហើយ​ក៏​មាន​ខ្លះ​ក៏បាន​ព្រះរាជា​តែង​តាំង​ជាមន្ត្រី​ធំ ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​នោះ​ថែម​ទៀត​ផង ដូច្នេះ​ឥទ្ធិ​ពលនៃ​សាសនាព្រាហ្មណ៍រឹត​តែ​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅលើ​សណ្តានចិត្តកូនខ្មែរ។ ម្យ៉ាង​ទៀត​បើ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ប្រ​ទេស​ខ្មែរ​នោះ យើង​ឃើញ​ថា​ប្រទេស​ខ្មែរ គ្រប់​គ្រង​ដោយ​ព្រះនាង ​លីវ​យី ហើយ​មាន​ស្តេច​ឥណ្ឌា​ព្រះ​នាម​ ហ៊ុនទៀន បាន​លើក​ទ័ព​មក​ច្បាំង​ដណ្តើម​យក​ទឹក​ដី​ខ្មែរ។ ក្រោយ​ពេល​ទទួល​បាន​ជោគជ័យ​លើ​ព្រះ​នាង​​លីវ​យី ព្រះបាទ​ ហ៊ុនទៀន ទ្រង់​បាន​រៀប​​អភិសេក​ជាមួយ​ព្រះ​នាង​​ លីវយី និង​បាន​ប្រកាស​តែង​តាំង​ព្រះ​អង្គជា​ស្តេច ហើយ​ក៏​រៀប​ចំ​ការ​គ្រប់​គ្រង​រដ្ឋ​ថ្មីនេះ​ទៅ​តាម​ទស្សនៈ​របស់​ពួក​ឥណ្ឌា​ថែម​ទៀត។ ម្លោះហើយ​លទ្ធិ​សាសនា​ព្រាហ្មណ៍​ក៏ត្រូវ​បាន​រីក​សុះ​សាយ​ឡើង​ជាលំដាប់​ តាំង​ពី​ពេល​នោះ​មក។

          ២-២-ហ្គូហ្គោលសឺច (Google Search) លើគេ​ហទំ​ព័រ https://km.wikipedia.org/

ព្រហ្មញ្ញ​សាសនា ​បានហូរ​ចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មក​ម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាម​ប្រ​វត្តិ​​សាស្ត្រជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះ​ជ្វា​ ហើយ​ក្រោយ​​មក​ទៀតក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "​​គោក​ធ្លក"​​ ដឹក​នាំ​ដោយ​​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ព្រះបាទ ហ៊ុន​ទៀន"​ បាន​​ធ្វើ​ចំ​បាំង​ឈ្នះ​​ម្ចាស់​ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះ​បាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែប​ឥណ្ឌា ហើយ​សា​ស​នា​ព្រាហ្មណ៍​ក៏​បាន​​ចូល​​មក​ក្នុង សង្គមខ្មែរតាំងពីពេលនោះមក​។ សូម​​កត់​ចំណាំ​ថា ពាក្យ​ថា ”លីវ​យី“ ក្តី ពាក្យ​ថា ”ហ៊ុន​ទៀន“​​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន។ គ្មាន​​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះ​អាង​​ថា​​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ។ ឈ្មោះ​​​ទាំង​​នោះ​មាន​តែ​​នៅ​ក្នុង​រឿង​​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ។​

៣-សាសនាព្រាហ្មណ៍​ បាន​បែង​ចែក​ជា​​៣សម័យកាល​ធំៗគឺ៖

          ៣-១-សម័យវេទនិយម (មាន​កំណើត​ពី​ឆ្នាំ១៥០០មុន​គ្រិះ​សករាជ - ៥៥០ឆ្នាំមុន គ.ស)

វេទនិយមគឺជាលិទ្ធិបុរាណ នៅប្រទេសឥណ្ឌា ដែលបាននិយមអោយបានតំលៃ គម្ពីរ​វេទ​។​ វេទ​មក​ពី​ធាតុ​វិទ​(ចេះ)​មាន​ន័យ​ថាដឹង។ គឡេ​ទុក​គម្ពីរ​មាន​តំ​លៃ​បំ​ផុត​ហើយ​គេ​រៀន​តៗ​គ្នា​​ដោយ​ មុខ​បាថ គឺ​ទន្ទេញផ្ទាល់ពីគ្រូ។

          ៣-២-សម័យព្រាហ្មណ៏និយម (ចាប់​ពី​ឆ្នាំ៥៥០មុនគ.ស - រហូត​ដល់​ស.វទី១០នៃគ.ស)

ព្រាហ្មណ៍និយម គឺជាលិទ្ធិដែលបន្តពីវេទនិយម។ ពួកព្រាហ្មណ៍បាន កែច្នៃទៅទស្សនៈ ទ្រឹស្ដី​​កាន់តែល្អស្របតាមសម័យ និងតាមចំណង់ចំនូលចិត្តបណ្ដារជន ហើយ​បាន​រៀប​ចំ​ចង​ក្រង ទស្សនៈទ្រឹស្ដី ទាំងនោះអោយតាមក្បួនខ្នាត ត្រឹមត្រូវទៀតផង ដើម្បី​ប្រ​គួត​ប្រ​ជែង​ និងពុទ្ធនិយម ។ ពួកព្រាហ្មណ៍ ពួកក្សត្រីយ៍ក្ដី មនុស្ស​ទូ​ទៅ​ក្ដី​ត្រូវ​ធ្វើអំ​ពើ​ជា​មួយ​មនុស្ស​ សត្វ និងរុក្ខជាតិ លើក​លែ​ង​តែការសំលាប់​សត្វបូរជា​យញ្ញ។ ត្រូវ​ចៀស​វាង​អំ​ពើ​អ​បាយ​មុខ មាន សេព​សុរា​ជា​ដើម។ ប្ដី​ប្រពន្ធ​ត្រូវ​ស្រលាញ់ស្មោះ​ត្រង់នឹងគ្នា។ អំពីលោក គេ​និយមចែកលោកជា៣ប្រភេទគឺ ទេវលោក មនុស្សលោក និង​បា​តាល ​រឺ​ឋាន​នរក​។ លោក​​នីមួយៗ​​ចែក​ជា​ទ្វីប។ ទ្វីប​នី​មួយៗ​នៃ​មនុស្ស​លោក​ខណ្ឌ​ពីគ្នា ដោយទឹក​សមុត្រ​។​ទ្វី​ប​កណ្ដាលគេអោយ​ឈ្មោះ​ថា​ ជម្ពូទ្វីប ដែល​មាន​ឥណ្ឌា​នៅ​ទី​នោះ​ដែរ។​ នៅ​ចំ​កណ្ដាល​ជម្ពូ​ទ្វីប​​មានភ្នំមួយហៅថា ភ្នំព្រះសុមេរុ។

          ៣-៣-សម័យហិណ្ឌូនិយម (ចាប់ពីស.វទី១០នៃគ.ស រហូតមក)

ហិណ្ឌូនិយម គឺជាលិទ្ធិដែលបន្តពីព្រាហ្មណ៍និយម។ គឺ​ជាល​ទ្ធិ​សំ​យោគ​រវាង​វេទនិយម និង​ព្រាហ្មណ៍​និយម។ *អំពីលោក ពួកហិណ្ឌូយល់ស្របតាមវេទនិយម និង​ព្រា​ហ្មណ៍​និយម។ លោក​ពុំ​មានអ្វីការពិត​ទៀងទាត់ ពីព្រោះជាមាយាទជាសភាវៈក្លែងក្លាយ។ អំ​ពី​អទិទេពនិងទេវៈ ព្រហ្ម័នជាអទិទេពធំ ជា​ត​ថ​ភាព​ចុង​ក្រោយ​បង្អស់​ដែល​មិន​ប្រែល​ប្រួល​មិន​​វិ​នា​ស​។​ ទេវៈ​សំ​ខាន់ៗ​មាន​ សេវៈ វិស្ណុ ព្រហ្ម សូរ្យៈ គណេស។ ហិណ្ឌូ​អោយ​តំ​លៃ​លើ​ភក្ដី​គឺ ការ​គោ​រព​ទេវៈ​មាន​រូប​រាង​ខ្លាំង​ជាងសម័យមុនរហូតដល់រៀបចំតុបតែ ធ្វើ​អោយ​ទេវៈ​មាន​ឈ្មោះ មាន​ប្រ​ពន្ធ​កូន -ល-។

៤-ការ​បែង​ចែក​វណ្ណៈ

ពួក​ព្រាហ្មណ៍ បាន​​បែង​ចែក​​មនុស្ស​​ក្នុង​​វណ្ណៈ​បួន​​ផ្សេងៗពីគ្នា​ដូចជា វណ្ណៈ​ព្រាហ្មណ៍ វណ្ណៈ​ក្សត្យ​ វណ្ណៈវៃស្យ និង វណ្ណៈសូទ្រ។

          ៤-១-វណ្ណៈ​ព្រាហ្មណ៍

វណ្ណៈ​ព្រាហ្មណ៍ជា​វណ្ណៈ​ខ្ពស់​បំផុត​កើត​ពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្មជា​អ្នកថែរក្សានិង​​នាំ​ពាក្យ​​​របស់​​អាទិទេព​។ ព្រាហ្មណ៍​ស្លៀកពាក់​ស មាន​សិទ្ធិ​រៀនសូត្រ​គម្ពីរវេទ​គ្រប់​បែបយ៉ាង​។

          ៤-២-វណ្ណៈ​ក្សត្រ

វណ្ណៈ​ក្សត្រកើត​ពី​ព្រះហស្ត​របស់​ព្រះព្រហ្ម ជា​អ្នក​គ្រប់គ្រង​ប្រទេស ​ជា​អ្នក​ចម្បាំង​ព្រម​ទាំង​​​រៀន​​យុទ្ធវិធី​នានា​ផង​។ វណ្ណៈ​ក្សត្រ​ស្លៀកពាក់​ក្រហម ជា​និមិត្តរូប​នៃ​សេចក្ដីក្លាហាន​។

          ៤-៣-វណ្ណៈ​វៃស្យ

វណ្ណៈ​វៃស្យ ឬ វេស្សៈ ជា​វណ្ណ​កណ្ដាល កើត​ពី​ភ្លៅ​​របស់​ព្រះព្រហ្ម ដែល​មាន​ចំនួន​ភាគ​ច្រើន​​​ក្នុង​សង្គម​ជា​ប្រជាពលរដ្ឋ​ទូទៅ ​មាន​សិល្បករ សិប្បករ កសិករ ពួក​ឈ្មួញ ជាដើម​។ វណ្ណៈ​​វៃស្យៈ​ស្លៀកពាក់​ពណ៌លឿង​។

          ៤-៤-វណ្ណៈ​សូទ្រ

វណ្ណៈ​សូទ្រ ជា​វណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម កើត​ពី​បាតជើង​របស់​ព្រះ​ព្រហ្ម​ ជា​​ខ្ញុំ​បម្រើ​គេ ជា​ទាសករ ស្លៀកពាក់​ពណ៌ខ្មៅ​។

បើ​យោង​តាម​ឯកសារ​មួយ​​ដែល​បង្ហោះ​តាម​ប្រព័ន្ធអ៊ីនធឺនិត (https://km.wikipedia.org /wiki/​ទំព័រដើម) បាន​សរសេរ​ថា ពួក​ព្រាហ្ម​ណ៍​បាន​ចាត់​ទុក​មនុស្ស​មួយ​ក្រុម ជាវណ្ណៈ​​ចុង​ក្រោយ​​គឺ ”មនុស្ស​ក្រៅ​វណ្ណៈ“។ ទោះ​បី​នៅ​ក្នុង​គម្ពីរ ​មនុ សស្ត្រៈ (Manu Shastra) ពួក​ព្រាហ្មណ៍​អួតអាង​ថា​មនុស្ស​ទេព​ឈ្មោះ​ មនុ​ (Manu) ផ្តល់​កំណើត​ឲ្យ​ដល់​មនុស្ស​ទាំង​ ៤ វណ្ណៈ​ដូច​បាន​រៀបរាប់ខាង​លើ​​ហើយ​នោះ​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​បាន​ចាត់​ចូល​ក្នុង​វណ្ណៈ​ណា​មួយ​ខាង​លើ​​នេះសោះ។ ពួក​មនុស្ស​ទាំង​នោះ​គឺ​ជា​ជន​នៅ​ក្រៅ​វណ្ណៈ ហើយ​ត្រូវ​បាន​​ជនជាតិ​ឥណ្ឌា​​ដាក់​ឈ្មោះ​ផ្សេងៗ​ឲ្យ​ពួក​គេ ឧទាហរណ៍​ វណ្ណៈ​ទី ៥ ហារិជន (harijan) ដាលីត (dalit) មនុស្ស​មិន​អាច​ឲ្យ​គេ​ប៉ះពាល់​បាន (the untouchables) ​។ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ទាំង​នោះ​ត្រូវ​បាន​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង ៤ ខាង​លើ មើលងាយ ជិះជាន់ ធ្វើបាប កេងប្រវ័ញ្ច និង រើសអើង​នៅ​គ្រប់​ទី​កន្លែង ។ ឧទាហរណ៍ៈ មនុស្ស​ក្រៅវណ្ណៈ​មិន​អាច​ដង​ទឹក​ពីអណ្តូង​ក្នុង​ភូមិ​បាន​ទេ ពួក​គេ​ត្រូវ​រង់ចាំ​សុំ​ឲ្យ​មនុស្ស​វណ្ណៈ​ព្រហ្មណ៍ ឬ​វណ្ណៈ​ផ្សេង​ទៀត​ដង​ទឹក​ចាក់​ក្នុង​ក្អម​ឲ្យ​ ។​ មនុស្ស​វណ្ណៈ​ផ្សេង​យល់​ថា​ បើ​មនុស្ស​ក្រៅវណ្ណៈ​ដង​ទឹក​ពី​អណ្តូង​ដោយ​ខ្លួន​គេ នោះ​ទឹក​ក្នុង​អណ្តូង​នឹង​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មិន​បរិសុទ្ធ ឬ​ប្រឡាក់ប្រឡូស ។ ប្រសិន​បើ​មនុស្ស​ក្រៅ​វណ្ណៈ​ដើរ​ឬ​ជិះកង់​មក​ដល់​មុខ​ផ្ទះ​មនុស្ស​ក្នុង​វណ្ណៈ​ព្រាហ្មណ៍ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​ចុះ​ពី​កង់​រួច​ដោះស្បែក​ជើង​កាន់​ យួរ​ដើរ ឬ បណ្តើរ​កង់​ឲ្យ​ឆ្លង​ផុត​ពី​មុខ​ផ្ទះ​នោះ​សិន​សឹម​ចាប់​ពាក់​ស្បែក​ជើង ឬ​ជិះកង់​បន្ត​ទៀត ។ នៅ​ឯ​តៀម​កាហ្វេ មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​បាន​អ្នក​លក់​ចាក់​តែ​ឬ​កាហ្វេ​​ក្នុង​ពែង​ធ្វើ​ពី​កែវ ពួក​គេ​មិន​អាច​ផឹក​តែ​ឬ​កាហ្វេ​ពី​ពែង​ធ្វើ​ពី​ប្រាក់​ឬ​ដែក​ថែប​ទេ។ ពួក​គេ​ត្រូវ​តែ​ដោះ​ស្បែក​ជើង​ទុក​នៅ​ក្រៅ​ហាង​កាហ្វេ​នោះ​មុន​នឹង​ចូល​ក្នុង​ហាង។ ពួក​គេ​ត្រូវ​តែ​លាង​​ពែង​តែ​ឬ​ពែង​កាហ្វេ​នោះ​ដោយ​ខ្លួន​ឯង។ ដោយ​សារ​​ពួក​គេ​គ្មាន​ដីធ្លី​សម្រាប់​ដាំដំណាំ គ្មាន​ចំណេះ​វិជ្ជា​ និង គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល មនុ​ស្ស​​ក្រៅ​វណ្ណៈ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​​​យក​សាកសព​មនុស្ស​ឬ​សត្វ​ទៅ​ដុត​ចោល ឬ​បោះ​ចោល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន។ ពួក​គេ​ស៊ីឈ្នួល​កើប​លាមក​មនុស្ស​រួច​ទូល​យក​ទៅ​ចោល​នៅ​ក្រៅ​ភូមិ ដើម្បី​ដូរ​យក​ដុំបាយ​សេសសល់​ពី​មនុស្ស​នៃ​វណ្ណៈ​ទាំង​ ៤ ខាង​លើ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​តូច​ដែល​មនុស្ស​ក្រៅវ​ណ្ណៈ​ទាំង​នោះ​បាន​និង​កំពុង​រង​ការមើលងាយ ជិះជាន់ ធ្វើបាប​​​ ទោះ​បី​ពួក​គេ​ប្តូរ​សាសនា​ចេញ​ពី​សាសនា​ហិណ្ឌូ (Hinduism) ទៅ​ជា​សាសនា​គ្រិស្ត (Christianity) សាស​នា​​ឥស្លាម (Islam) សាសនា​ស៊ិខ (Sikh) រួច​ហើយ​ក៏​ដោយ។ បណ្ឌិត អាំបិដការ (Dr. B. R. Ambedkar) គឺ​ជា​ជនជាតិ​ឥណ្ឌា​ដ៏​ល្បី​មួយ​រូប​ដែល​បាន​ដឹកនាំ​​តាក់តែង​រដ្ឋធម្មនុញ្ញ​​នៃ​សា​ធារ​ណៈ​រដ្ឋ​​ឥណ្ឌា​​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ឯករាជ្យ​ដល់​ឥណ្ឌា​នៅ​ឆ្នាំ ១៩៤៧។ បណ្ឌិត​​ អាំបិដការ ​គឺ​ជា​មនុស្ស​ម្នាក់​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​នៃ​មនុស្ស​ក្រៅវណ្ណៈ។ លោក​គឺ​ជា​អ្នក​​ដឹកនាំ​មនុស្ស​ក្រៅវណ្ណៈ​ជិត​កន្លះ​លាន​នាក់​ឲ្យ​ប្តូរ​ចេញ​ពី​សាស​នា​​ព្រាហ្មណ៍​ទៅ​កាន់​ពុទ្ធ​សាស​នា​​វិញ ព្រោះ​លោក​បាន​សិក្សា​ល្អិតល្អន់​អំពី​ទ្រឹស្តី​និង​ការ​អនុវត្តន៍​សេចក្តី​ជំនឿ​របស់​សាសនា​ទាំង​អស់ និង​បាន​រក​ឃើញ​ថា​ មាន​តែ​ពុទ្ធ​សាស​នា​​ប៉ុណ្ណោះ​​ដែល​គ្មាន​ការ​រើសអើង​ឬ​ប្រកាន់​វណ្ណៈ។ សព្វថ្ងៃ​មនុស្ស​ក្រៅ​វណ្ណៈ​ចាត់​ទុក​រូប​លោក​​ដូច​ជា​ឪពុក​ឬ​ជា​គ្រូ​ដ៏​ធំ​ដែល​បាន​ជួយ​ទាមទារ​សិទ្ធិ​សេរី​ភាព​​ឲ្យ​ពួក​គេ។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​ មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង​ ៤ ខាង​លើ​នៅ​តែ​បន្ត​រំ​លោភ​​ច្បាប់​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ហើយ​បន្ត​គាប​សង្កត់ ជិះជាន់ កេងប្រវ័ញ ធ្វើ​ទុក្ខ​បុកម្នេញ មនុស្ស​ក្រៅ​វណ្ណៈ​នៅ​គ្រប់​ទី​កន្លែង ។

៥-ទេវក្នុង​លិទ្ធិព្រាហ្មណ៍

          ៥-១-ព្រះព្រហ្ម

ព្រះព្រហ្ម ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវ​តា​ដែ​ល​​មាន​បណ្ដារ​ស័ក្ដិ​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ្រ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះ​អគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជា​​ច្រើន​​ទៀត​។ ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖​ ព្រះ​​ព្រហ្មព្រះ​​វិស្ណុ​ និង ព្រះសិវៈ​។

ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះ​ព្រហ្ម មាន​មហេសី​ឈ្មោះ សរស្វតី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធ​​យា​។

លក្ខណៈ​របស់​ព្រះព្រហ្ម​មានដូចជា​៖

          -ព្រះកាយ​សម្បុរ​ក្រហម

          -ទ្រង់​ព្រះពស្ត្រ​ស

          -មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤

          -ព្រះហស្ត​កាន់​ផ្កាឈូក

          -គង់​លើ​ហង្ស​ជា​ពាហនៈ

ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។ ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​ បុមៈ ស្រី​ហៅថា ​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស់​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។

          ៥-២-ព្រះវិស្ណុ

ព្រះវិស្ណុ ជា​អ្នក​រក្សា​លោក ជួយ​ស្រោចស្រង់​ពិភពលោក​ឱ្យ​ផុត​ពី​ភ័យន្តរាយ ទើប​មាន​នាម​ថា ហវិ (ករុណា) នារាយណ៍ (ជា​ដែន​កើត​នៃ​នរជន)​។ នៅ​ពេល​ផែនដី​ជួប​គ្រោះ​ថ្នាក់​​ម្តងៗ ព្រះ​អង្គ​​តែងតែ​បែងភាគ​ជា​អវតារផ្សេងៗ​ ​ចុះ​មក​សង្គ្រោះ​ផែនដី​ជានិច្ច​។ ព្រះវិស្ណុ ជា​អា​ទិ​ទេព​​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះវិស្ណុ ឬ​ព្រះ​ន​រាយណ៍​ មាន​មហេសី​ពីរ​អង្គ​គឺ​៖ លក្ស្មី (ទេវី​តំណាង​ទ្រព្យសម្បត្តិ) និង ស្រី (ទេវី​តំ​ណាង​​សោភ័​ណភាព) ហើយ​ព្រះវិស្ណុ​មាន​បុត្រ​មួយ​អង្គ​គឺ​ព្រះកាម​។

ព្រះវិស្ណុ មាន​លក្ខណៈ​ដូចជា​៖

          -រូបឆោម​សម្បុរ​ខ្មៅ

          -ព្រះហស្ត​ប្រក្រតី​តែ​ពីរ តែ​អាច​បែងភាគ​ចេញ​ទៅ​ជា ៤ ឬ ៨ ក៏​បាន

          -ព្រះឱរា​មាន​លាយលក្ខណ៍​ឆ្នូតៗ ហៅថា​ស្រីវ័ត្ស

          -ទ្រង់​អាភរណៈ​ទិព្វ​ពណ៌លឿង

          -ទ្រង់​ស័ង្ខ​ឈ្មោះ​បញ្ចជន្យ​ជា​អាវុធ

          -ចក្រ​ឈ្មោះ​សុទស្សនៈ

          -គទា​ឈ្មោះ​កោមាទតី

          -ធនូសាង្ក្រ ព្រះសែង​ខាន់​ឈ្មោះ​នន្ទកៈ

          -កាន់​ផ្កាឈូក​ជា​គ្រឿង​សម្គាល់

          -មាន​គ្រុឌ​រាជ​បក្សី​ជា​ពាហនៈ

          -មាន​វិមាន​នៅ​ស្ថាន​វៃកុណ្ឋ

          -មាន​អវតារ ១០​។

          ៥-៣-ព្រះសិវៈ

ព្រះសិវៈ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ សិវៈ មាន​ន័យ​ថា ករុណា ក្សេម​ចាក​ទុក្ខភ័យ​។ ព្រះ​សិវៈ​ ឬ​ព្រះឥសូរ កើត​ឡើង​អំពី​លោហិត​ដែល​ស្រក់​ចាក​ចិញ្ចើម​ព្រះព្រហ្ម មាន​មហេសី​៩​អង្គ​គឺ​៖ នាង​ទុគា ឧមា គោរី កាលី ទេវី កុមារី ចន្ទី បវ៌តី មហាទេវី​។ មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស (គណេស) និង​ព្រះ​កត្រិកេយ (ស្កន្ទ​កុមារ)​។ តាម​គម្ពីរឫគ្វេទ ចែងថា​ព្រះសិវៈ​ជា​អាទិទេព​បំផ្លាញ​លោក​។ តែ​ក្រោយ​មក​ នៅ​ពេល​មួយមាន​​ទំនាស់​សាសនា​រវាង អ្នក​គោរព​ព្រះព្រហ្ម អ្នក​គោរព​ព្រះវិស្ណុ និង​អ្នក​គោរព​ព្រះសិវៈ​បាន​ផ្ទុះឡើង ដោយ​សិវៈបរិស័ទ មាន​ចំនួន​ច្រើនជាង បាន​ទទួល​ជ័យ​ជម្នៈ ទើប​គេ​បន្ថែម​ងារ​ថា​ ព្រះសិវៈ​ជា​អ្នក​បង្កើត​លោក​ផង ​និង​បំផ្លាញ​លោក​ផង​។

ព្រះ​សិវៈ ជា​បិតា​របស់​ពិភពលោក ជា​អ្នក​កសាង​ពិភពលោក មាន​សេចក្ដី​ក្នុង​គម្ពីរ​ព្រាហ្មណ៍​​ឈ្មោះ ​សិវបុរាណណ៍ម និង​ឈ្មោះ​ កថាសរិតសាគរ សម្ដែង​ថា​៖ «ទ្រង់​វះ​សាច់ភ្លៅ ឱ្យ​ឈាម​ហូរ​មួយ​តំណក់​ស្រក់​ចុះ​ក្នុង​ទឹក កើតឡើង​ជា​ពង​មួយ ហើយ​បែក​ទៅជា​ពីរ​ចំហៀង​ មួយ​ចំហៀង​កើតជា​សួគ៌លោក មួយ​ចំហៀង​ទៀត​កើតជា​មនុស្សលោក ទើប​កើតជា​បុមៈ (បុរស)​។ បុមៈ​នោះ​បង្កើត​ជា​ប្រជាបតី​បង្កើត​មនុស្ស​តៗមក»​។ អាស្រ័យ​ជំនឿ​ថា ព្រះសិវៈ​ជា​បិតាលោក ទើប​ព្រាហ្មណ៍​និយាយ​ប្រឌិត​សាង​អនុស្សាវរីយ៍​ទុក​ជា​ទី​រលឹក គឺ​ធ្វើ​រូប​សិវលិង្គ (លិង្គព្រះឥសូរ) តម្កល់​លើ ឧមាយោនី ទុក​សម្រាប់​ធ្វើ​ពិធី​សិវរាត្រី លាងបាប លាង​ចង្រៃ​ឧបទ្រព​ទាំងឡាយ​។

លក្ខណៈ​​របស់​ព្រះអង្គ​មាន​ដូចជា​៖

          -ព្រះកាយ​សប្បុរស

          -មាន​ព្រះភក្ត្រ​មួយ ព្រះហស្ត​ពីរ តែ​អាច​បែងភាគ​បាន​ព្រះភក្ត្រ ៥ ព្រះហស្ត ១០

          -ព្រះសុរង្គ​សម្បុរខៀវ

          -ទ្រង់​ស្បែកខ្លា ស្បែកដំរី​ជា​ព្រះពស្ត្រ

          -មាន​ព្រះមោលី​សម្បុរលឿង​កួច​ផ្គុំគ្នា​លើ​ព្រះសិវៈ

-មាន​ព្រះនេត្រ ៣ គឺ​ពីរ​ដូច​មនុស្ស​ធម្មតា មួយ​ទៀត​ចំ​កណ្ដាល​ថ្ងាស បិទ​ជានិច្ច​សម្រាប់​ក្រឡេក​ឆេះ​ហៅថា​អគ្គីនេត្រ​។

          -មាន​ពុក​ចង្កា​វែង​ជាង​បែប​ព្រាហ្មណ៍

          -មាន​នាគ​ជា​សង្វារ (ជា​គ្រឿង​រាប់​ឆ្នាំ)

          -មាន​ពិណ​ព្រះចន្ទ​ចាំង​រស្មី​ព្រាតៗ (ជា​គ្រឿង​សម្គាល់​រាប់​ខែ)

          -មាន​ឆ្អឹងលលាដ៍ក្បាល (ជា​គ្រឿង​សម្គាល់​កល្ប ឬ យុគៈ)

          -មាន​ភេរី​ឈ្មោះ ឌមរូ

          -ទ្រង់​ស្ទាត់ជំនាញ​ខាង​សិល្បសាស្ត្រ និង​នាដសាស្ត្រ

          -ជា​មហា​យោគី ទ្រទ្រង់​នូវ​អានុភាព​នឹង​ព្រះគុណ

          -មាន​គោ​ឧសភៈ​ឈ្មោះ​នន្ទិយៈ ជា​ពាហនៈ

          -ស្ថិតនៅ​ក្នុង​វិមាន​លើ​ភ្នំកៃលាស​។

៦-គម្ពីរត្រៃវេទ

ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद ​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុកជា​ឯក​សារ​​។ ដំ​បូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែប​បុ​រាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ)។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជន​ជាតិ​​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ព្រះព្រហ្ម (Brahma)។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុង​ព្រហ្មញ្ញ​សាសនា​​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖

          ៦-១-គម្ពីរឫគ្វេទ

គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។

          ៦-២-យជុវ៌េទ

យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​​​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។

          ៦-៣-គម្ពីរសាមវេទ

គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម...។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិ​បាល​​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​ សម្រាប់​ធ្វើ​ស្រែចម្ការ ឬបង្កបង្កើត​ផល​នា​នា។

          ៦-៤-គម្ពីរអថវ៌វេទ

លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​។

៧-ទស្សនៈសាសនាព្រាហ្មណ៍​ស្តីពីជីវិត និង​ការ​រស់នៅ

ដោយផ្អែកលើ​គម្ពីរមួយរបស់សាសនា​ព្រាហ្មណ៍គឺគម្ពីរ ”មានុ“ ឬច្បាប់​ ”មានុ“ នោះគេ​ឃើញ​គម្ពីរ​នេះ​បាន​និយាយពីក្រិត​ក្រម​ទាំង​ឡាយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈតែ​ប្រ​តិបត្តិនោះគឺ៖

-ពួកព្រាហ្មណ៍​ត្រូវ​តែ​មាន​ចិត្ត​ល្អ​ចេះ​សណ្តោស​ប្រោស​ប្រណីដល់​វណ្ណៈតូច​ទាប​ជាង​ខ្លួន មិន​ចេះ​ភូត​ភរ​កុហក់​បោក​ប្រាស​ ឬ​សម្តែង​រឹក​ក្រអើត​ក្រទម ត្រូវ​ប្រតិបត្តិ​ចរិយា​អោយ​បាន​ត្រឹម​ត្រូវ​ត្រូវ​ប្រកាន់​នូវ​ពាក្យ​សច្ចៈ។ ម្យ៉ាង​ទៀត​ដើម្បី​ជៀស​វាង​កុំ​អោយ​គេ​រិះ​គន់​បាន​នោះ​ពួក​ព្រាហ្មណ៍​មិន​ត្រូវ​ ជេរប្រមាថ​ រិះគន់ រំលោភ ព្យាបាទ ឬនិយម​ប្រើ​ប្រាស​អំពើ​ហឹង្សា​នោះទេ។

-ស្តេច​ត្រូវ​មាន​ករណី​កិច្ច​ការ​ពារ​អ្នក​ទន់​ខ្សោយ ទប់​ទល់​ជាមួយ​អ្នក​ប្រើ​អំ​ណាច​ជិះ​ជាន់ ចេះ​កែកំ​ហុស​របស់​ខ្លួន​ មាន​ភាព​ថ្លៃថ្នូរ ជាទី​គោរព​របស់​ប្រជា​រាស្ត្រ និង​ហ៊ាន​ផ្តន្ទា​ទោស​អ្នក​ប្រ​ព្រឹត្ត​ល្មើស​។ ស្តេច​ត្រូវ​គ្រប់​គ្រង​រាស្ត្រ​ដោយ​គន្លង​ធម៌ ត្រូវ​មាន​ចិត្ត​អំណត់​ព្យា​យាម​ ហាម​រំ​លោភ​កេង​ប្រវ័ញ​ទ្រព្យ​សម្បត្តិ​របស់​រាស្ត្រ​ មិន​ត្រូវ​ប្រ​ព្រឹត្តអំពើ​ឃោឃៅ និង​ប្រហាសត្រូវ​ដែល​ចុះ​ចាញ់​ ឬគ្មាន​អាវុធ ហើយ​ក្លាហាន​ក្នុង​សង្គ្រាម។

+វិធីជម្រះបាប៖ ជាវិធីដែល​គេ​ប្រើ​សម្រាប់​លុប​លាង​កំហុស​ដោយ​មាន​វិធីជាច្រើន​ដូច​ជាការ​បូរជា​យញ្ញ សូត្រ​មន្ត​ភាវនា ឬបួសជាតាបសឥសីជាដើម។

+វិធីវៀរចាក៖ ត្រូវ​គេចវេសវៀរចាក​នូវ​អំពើ​អបាយមុខ​ ឬការ​ផិត​ក្បត់​ ដែល​ករណី​បែប​នេះ​ត្រូវ​មាន​ទោស​ធ្ងន់​ធ្ងរ​បំផុត។ ការ​សារ​ភាព​កំ​ហុស​ដោយ​ខ្លួន​ឯង​ភ្លាមៗ ក៏អាច​ចាត់​ទុក​ជាវិធី​លាង​បាប​បាន​ដែរ។

          -ទស្សនៈស្តីពីការ​ដាក់​ទណ្ឌកម្ម

ពួកព្រាហ្មណ៍បាន​ទទួល​ស្គាល់ថា គោល​ការ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ គឺគោលការ​ណ៍ល្អ សំ​រាប់​​តម្រង់​ការ​រស់​នៅ​របស់​មនុស្ស​អោយ​ប្រព្រឹត្ត​បាន​ត្រឹម​ត្រូវ​ និង​គោល​ការណ៍​នៃ​ច្បាប់​របស់​សង្គម។ នៅក្នុង​ច្បាប់​មានុ បាន​ទទួល​ស្គាល់​ទស្សនៈនេះ​ដែរ ដោយ​បាន​ពណ៍នាថា ”ពិភពលោក​ទាំង​មូល​ត្រូវ​ពឹង​ពាក់​ទៅ​លើ​មធ្យោ​បាយ​ដាក់​ទណ្ឌកម្ម​ជាការ​ចាំ​បាច់“។ គោល​ការ​ណ៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​ពិត​ជាមាន​ប្រសិទ្ធិ​ភាព​បំផុត ព្រោះ​ថា​បើ​ក្នុង​ការ​រស់​នៅ​គ្មាន​របៀប​របប​ គ្មាន​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ទេ មនុស្ស​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែចិត្ត​ វា​អាច​បង្កើត​ទៅ​ជា​ការ​រំ​លោភ​បំ​បាន​​ទៅ​ជា​អស្ថេរ​ភាព​នៃ​សង្គម​។ ការ​ដាក់​ទណ្ឌ​កម្ម​នាំអោយ​មនុស្ស​​ខ្លាច​ មនុស្ស​រាង​ចាល​ខ្លាច​នៅ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំ​ពើ​ល្អ​ សំ​រាប់​មនុស្ស​ និង​សង្គម។

៨-រូបភាពទាក់ទងអត្តបទ
(សូមចុចលើរូបភាពដែលនៅខាងក្រោម​អត្តបទ)

៩-សេចក្តីសន្និដ្ឋា   

សាសនា​ព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា ថ្វី​ត្បិត​តែ​មាន​ជំនឿ​ទៅ​លើ​អទិទេពក៏ដោយ បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ គេ​សង្កេត​ឃើញ​ថា សាសនា​នេះ​ ក៏ជាសាសនា​ដ៏ល្អមួយ​ផង​ដែរ​ក្នុង​​ចំណោម​សាសនា​ធំៗនៅ​លើ​សកល​លោក​យើង​នេះ។ សាសនា​ព្រាហ្មណ៍ ក៏មិន​ខុស​ពី​សាស​នា​​ព្រះពុទ្ធប៉ុន្មាន​ដែរ ដោយ​ហេតុថាក្រុម​អ្នក​កាន់​សាសនា​ព្រាហ្មណ៍​ធ្វើ​តែ​អំពើល្អ ទៀងត្រង់ ​ដូច​អ្នក​កាន់​សាសនាព្រះពុទ្ធផង​ដែរ ម្យ៉ា​ង​វិញទៀត អ្នក​កាន់សាសនា​ព្រាហ្មណ៍ គេ​គោរពព្រះ​របស់​គេ​ដូចជា ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ…។ល។ បើ​យើង​ក្រលេក​មើល​ក្នុង​ចំនុចលេខ ​៧-(ទស្សនៈ​សាស​នាព្រាហ្មណ៍​ស្តីពីជីវិត និង​ការ​រស់នៅ)​​ នៅ​យើង​ឃើញថា អ្នក​កាន់​សាសនា​ព្រហ្មញ្ញ​ មាន​ច្បាប់​ទំលាប់​ មាន​ការ​ដាក់​ពិន័យ​សម្រាប់​អ្នក​ធ្វើ​ខុស ហើយ​នែ​នាំ​អោយ​មនុស្ស​ធ្វើ​អំ​បើ​ល្អ។ សរុប​សេចក្តីទៅ​ អ្នក​កាន់​សាសនា​ណា​ក៏ដោយ​​ អោយ​តែចេះធ្វើ​អំពើល្អ កាន់សច្ចៈធម៌ មាន​ព្រហ្មវិហារធម៌ មានគុណធម៌ មិន​កាប់ចាក់​ លួចប្លន់ កេងប្រវ័ញ ជិះជាន់​ គាបសង្កត់​អ្នក​ដ៏ទៃ ហើយ​ចេះមានចិត្តសណ្តោស​ប្រោស​ប្រណី ចេះចែករំលែក ចេះជួយគ្នាក្នុងគ្រាក្រ ចេះស្រលាញ់​ជាតិ មាតុភូមិ នោះ​អាចចាត់ទុក​បាន​ថា ជា​មនុស្ស​ដែល​ល្អ ស្ទើរតែដូច​ព្រះបាត់​ទៅ​ហើយ។ បើ​យើង​កាន់​សាសនាល្អ តែ​អត្តចរិតមិន​ល្អ ក៏​វា​គ្មាន​​ន័យខ្លឹមសារអ្វីដែរ ដូច្នេះយើង​នាំ​គ្នា​សាង​អំ​ពើ​ល្អ​​ទាំង​អស់​គ្នា​ដើម្បី​ជា​គំ​រូសម្រាប់​មនុស្ស​បច្ចុប្បន្ន​ និង​​ម​នុស្ស​ជំ​នាន់​ក្រោយរបស់​យើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  សិល្បៈនៃការរស់នៅ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20900នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    167384នាក់
ខែនេះ    550664នាក់
ឆ្នាំនេះ   1932896នាក់
សរុប   51292822នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:47