ព័ត៌មានក្ដៅ

    សក្តានុពលក្នុងការ​បន្តការ​សិក្សា​នៅថ្នាក់​មហាវិទ្យាល័យ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2018 វេលាម៉ោង 11:26 នាទី ចំនួនអានៈ 536

    សេចក្តីផ្តើម

    សុភាសិតខ្មែរមួយបានពោលថា ” ចំណោះជាអាហារ ប្រាជ្ញាជាអាវុធ“ ធម្មតា​មិន​ថាសត្វ ឬ​មុស្ស​នោះ​ទេ នៅ​លើ​សកល​លោក​យើង​នេះ ជីវិត​​រស់​រានទៅ​បាន​វាអាស្រ័យទៅ​លើការ​ទទួល​ទាន​​អា​ហារ​​ជា​រៀង​រាល់​ថ្ងៃ​ រីឯ​អាអាហារ​ទាំង​នោះ​គឺ​បានមក​ពីការ​ខិត​ខំប្រឹង​ប្រែង​​​ដោយ​កម្លាំង​កាយ​និង​ប្រាជ្ញា។ បើ​យើង​លើក​យក​រឿង​រាវ​ពី​បុរាណកាលមក​បក​ស្រាយ​សារឡើង​វិញនោះ​យើង​ឃើញថា មនុស្ស​កាល​សម័យ​ដើម ​គឺ​ប្រើ​កម្លាំង​កាយ​ និង​អាវុធ​ដូច​ជា ​ធ្នូ ស្នា​ ព្រួញ​ លំពែង កាំ​បិត ​ពូថៅ ​ខ្វែ ផ្គាក់​ ក្នុង​ការ​ប្រមាញ់​សត្វយក​មក​ដុត​អាំង​ធ្វើ​ជាអាហារ រីឯ ចបកាប់ ចបជីក ​ប៉ែល ​រនាស់ នង្គាល់ ក៏ជា​អាវុធ សំរាប់​ធ្វើ​​ស្រែចម្ការ យកស្រូវ បន្លែបង្កា ដើម្បី​យក​មក​ធ្វើ​ជាអាហារផងដេរ។ មនុស្សបុរាណ​បានប្រគួទគ្នា​ ជិះសេះ បាញ់ព្រួញ ព្យួររាស់ ស្ទុងដក ច្រូតកាត់ បោកបែន លីសែង បោកចម្បាប់ ដោយ​កម្លាំងកាយ​ក្នុង​ការ​ទទួលផល​ និង​យក​ជ័យ​ជំនះ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ទស្សវត្ត​ចុងក្រោយ​នេះ នៅ​លើ​សកលលោក​ទាំង​មូល​មានការ​ផ្លាស់ប្តូរ​ប្រែ​ប្រួល​​យ៉ាង​ខ្លាំង ដោយ​មនុស្ស​​​បាន​​អោយ​តំលៃ​ទៅលើ​ចំណេះដឹង និង​ការ​សិក្សាជាចម្បង ព្រោះ​គេ​សង្កេត​​ឃើញ​ថា គ្រប់​ជាតិសាស្ត្រនីមួយៗ​ ​នៅ​លើ​សកល​លោក​នេះ​កំពុង​តែ​ប្រ​កួត​​ប្រជែង​គ្នា​តាម​រយៈ​ចំ​ណេះ​ដឹង និង​បច្ចេក​វិទ្យា ដូច្នេះការ​បន្តការ​សិក្សា​នៅ​​មហា​​វិទ្យាល័យ​គឺ​មាន​សារ​សំខាន់​បំផុតដើម្បី​បង្កើន​ចំណេះ​ដឹង​​អោយ​​កាន់​តែ​ខ្ពង់ខ្ពស់ ទៅ​តាម​តម្រូវ​ការ​របស់​ស្ថាប័ណ្ណរដ្ឋ​ ស្ថាប័ណ្ណ​ឯក​ជននានា និង​ជា​តម្រូវការ​សំរាប់​ប្រ​កួត​​ប្រ​ជែង​គ្នា​ក្នុង​ទី​ផ្សារ​នៅ​លើ​សកល​លោក​ទាំង​មូល។

    បើ​យើង​ក្រលេក​មើល​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ណ្ណផ្សេង​ដូចជា អ្នក​សេដ្ឋកិច្ច​វិទ្យា អ្នក​ព័ត៌​មាន​វិទ្យា ស្ថាប័ណ្ណតុលាការ គ្រូបង្រៀនថ្នាក់​ឧត្តម មេធាវី ក្រុម​អ្នក​​ច្បាប់ ក្រុម​គ្រូពេទ្យ អ្នក​វិភាគសេដ្ឋកិច្ច និង​នយោបាយ អ្នក​គ្រប់​គ្រង​តាម​ក្រុម​ហ៊ុន​ឯកជននានា…។ល។ សុទ្ធសឹង​តែ​ជាអ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ ចាប់​ពី​បរិញ្ញាប័ត្រ​ អនុបណ្ឌិត បណ្ណិត​ PHD ជាដើម។​

    ការសិក្សាប្រៀបបាននឹងការដាំដើមឈើដ៏ធំមួយ ដែលមានបែកមែកធាង​សាខា មានម្លប់ មាន​ផ្លែផ្កា គួរអោយត្រេកអរនឹងភោគផលទាំងនេះ ប៉ុន្តែមុននឹងបានផលទាំងនេះ គឺយើងត្រូវដាំ ថែរ​ទាំ​ស្រោច​ទឹក​ដាក់ជី ជ្រោយគល់​ ជំរៈស្មៅ និងត្រូវការពេលវេលាដ៏យូរថែម​ទៀត ទើប​អាច​ធ្វើ​អោយ​ដើមឈើនោះមានឫស្សរឹងមាំ មាន​ផ្លែផ្កា​​ច្រើន​ និងមានម្លប់ធំត្រឈឹងត្រឈៃ​អោយ​យើង​អាច​ជ្រគ​ក្រោម​ម្លប់​របស់​វាបាន។ គ្មាន​លទ្ធផល​មួយណា​ដែល​ធ្លាក់​មក​ពី​លើ​មេឃ​នោះ​ទេ មាន​​តែ​ខិតខំប្រឹង​ប្រែង​ ព្យាយាម តស៊ូជំនះរាល់​ឧបសគ្គ និង​ការ​អត់​ធ្មត ទើប​អាច​ទទួល​លទ្ធផល​ជាទី​គាប់​ចិត្ត​បាន។

    ១-គោលការ​ណ៍បឋម​ឈានទៅរកភាពជោគជ័យ

              ១-ក-ការព្យាយាម

    ការ​ព្យា​យាមគឺជារឿង​ដែលសំខាន់បំផុត​សម្រាប់​មនុស្ស​ទាំង​ប្រុស​ ទាំងស្រី ទាំង​ចាស់​ ទាំង​​ក្មេង ​ហើយ​មាន​តែ​ការ​ព្យា​យាម​ទេ ដែល​ធ្វើអោយមនុស្សយើងអាច​ទទួលបាន​នូវលទ្ធ​ផល​ជា​ច្រើន​ដូច​​ក្តី​​ប្រាថ្នារបស់​យើង​។​ មនុស្ស​​ដែល​​គ្មាន​សេចក្តី​ព្យា​យាម​ ឆាប់​ធុញ​ទ្រាន់​ ឆាប់​នឿយ​ហត់ ឆាប់​ចុះ​ចាញ់ ឆេវឆាវ មិន​យក​ចិត្ត​ទុកដាក់​ បណ្តែត​បណ្តោយ​តាម​ព្រេង​វាសនា តាម​ព្រហ្ម​លិខិត មិនអាចទទួល​បាន​ ភាព​ជោគ​ជ័យ​ឡើយ។

    ឧទាហរណ៍ៈ ក្នុង​រឿង​សម្លាញ់ពីរនាក់ ដែល​អ្នក​និពន្ធ​តាក់​តែង​ឡើង​ ក្នុង​ការ​ពន្យល់​នែ​នាំ​មនុស្ស​អោយ​ចេះ​ព្យាយាម។ បុរស់ដែល​បាន​ប្រព្ធ​គ្រប់​លក្ខណ៍ នាំគ្នា​ទៅ​បាច​ទឹក​សមុទ្រ​ដោយ​​ក្តី​ព្យាយាម អំណត់​អត់​ធន់ ជា​ច្រើន​ថ្ងៃ ដែល​ជាហេតុ​ធ្វើ​អោយ​ពពួក​ហ្វូង​មច្ឆា​ភិត​ភ័យ​ស្លន់​ស្លោ​ យក​មាន​​ប្រាក់​កែវ​កង​មក​សូក​ប៉ាន់​ ជាថ្នូរ​ក្នុង​ការ​បញ្ឈ​ប់​បាច​ទឹក​សមុទ្រ​ ហើយ​ធ្វើ​អោយ​ស្រី​គ្រប់​លក្ខណ៍​និង​ស្វាមី​ក្លាយ​ជាអ្នក​មាន​ស្តុក​ស្តម្ភតរៀង​មក​។ ថ្លែង​ពី​ស្រីខាត​លក្ខណ៍​ និង​ស្វាមី ចង់​មាន​​ដូច​គេ​ដែរ តែ​គ្មាន​សេចក្តី​ព្យាយាម ទៅ​បាច​ទឹក​សមុទ្រ​ឈ្លោះ​ប្រ​កែក​គ្នា​ វាយ​គ្នា​ របូត​ខោរ របូត​សំពត់ មិន​ត្រឹមតែ​​មិន​បាន​មាស​ប្រាក់​នោះទេ ថែម​ទាំង​ធ្វើ​អោយ​ពពួក​មច្ឆា​សើច​ក្អាក់​ក្អាយ ត្រី​សណ្តាយ​សើច​ឡើង​រហែក​មាត់​ដល់​សពថ្ងៃនេះ។ ដូច្នេះ​អ្នក​ណា​មាន​ការ​ព្យាយាម​អ្នក​នោះ​និង​ទទួល​បាន​ជោគជ័យ ដូចក្តីប្រាថ្នា។

              ១-ខ-ការ​តស៊ូការរាល់​ការ​លំបាក

    នៅ​លើ​លោក​នេះ គ្មាន​ណរណា​ម្នាក់​ជៀស​ផុត​ពី​ការ​លំ​បាក​នោះ​ទេ អ្នក​ក្រ អ្នក​មាន​ សេ្តច​ មន្ត្រី​ មហា​សេដ្ឋី ក៏មាន​ការ​លំ​បាក​ដែរ ​ដូច​តែ​គ្នា​ទេ គ្រាន់​តែ​ការ​លំ​បាក​ទាំង​នោះ​ ស្រាល ធ្ងន់​តិច​ច្រើន​ តែប៉ុណ្ណោះ។ នាពេល​បច្ចុប្បន្ន មាន​ពាក្យ​មួយឃ្លាដែល​គេ​តែង​និយាយ​លេង​ថា ”អ្នក​ក្ររើស​ស៊ី​ រីឯ​អ្នក​មាន ស៊ីរើស“ កូន​អ្នក​ក្រដើរ​រើស​សម្រាមលក់ យក​លុយ​ទិញ​បាយ​ស៊ី ដើរ​រើស​អាហារ​សល់​ដែល​គេ​បោះ​ចោល​តាម​ធុង​សម្រាម​ស៊ី នេះ​ហើយ​គេ​ហៅ​ថា​ រើសស៊ី។ ពួកគេ​លំ​បាក​ព្រោះ​តែ​អត់​មាន​អីស៊ី។ ឯកូន​អ្នក​មាន​វិញ​ពួកគេ​ស៊ីរើស ម្តាយ​ឪពុកយក​​ បាយ​សាច់​មាន់​ មក​អោយ​ ពួកគេ​ទាបាយសាច់ជ្រូក ទិញ​ហេម​ប៊ឺហ្គឺអោយ​ ទាហតដក ទិញ​បបរសាច់​មាន់អោយ​ ទាភីស្សា ដល់​ម៉ោង​ស៊ីបាយ រតពួន​តាម​គៀនជញ្ជាំង ម្តាយ​ឪពុក និង​បាវ​បំ​រើ តាម​អង្វអោយ​កូន​មក​ស៊ី​បាយ។ នេះ​ហើយ​ហៅ​ថា ស៊ីរើស។ ចំនុច​នេះ​សបញ្ជាក់​អោយ​ឃើញ​ថា អ្នក​មាន​អ្នក​ក្រសុទ្ធតែមានការ​លំបាក់រៀង​ៗខ្លួន តែ​មួយ​លំ​បាក​ក្រ​អត់​មាន​បាយស៊ី មួយទៀតលំបាកដោយ​មាន​របស់​ស៊ីហើយ ​តែ​ស៊ីមិន​កើត។

    ការលំបាកវា​តែងតែ​ជួបនៅពេលដែលមនុស្សយើងចាប់ផ្តើមធ្វើ​អ្វី​មួ​លើកដំបូង តែ​ពេល​ដែល​ធ្វើ​យូរៗ​ទៅ ស្ទាត់​ជំនាញ ដោយ​ការហ្វឹកហាត់ មាន​បទ​ពិ​សោធន៍  ហើយ​ការ​លំបាក​ទាំង​នោះ​ក៏បានរសាត់ឆ្ងាយ​ចេញ​ពីយើង ហើយភាព​​ជោគ​ជ័យ​ចាប់​ផ្តើម​ឈាន​មក​រក​យើង​បន្តិច​ម្តង​ៗ លុយ​ និង​កិត្តិយស​ក៏ចាប់​ផ្តើម​ឈាន​មក​រក​យើង​ផង​ដែរ។ ដូច្នេះការ​តស៊ូ​ជំនះរាល់​ឧបសគ្គ នឹង​ការ​លំបាក ទើបយើងអាចឈ្នះបញ្ហាលំ​បាក​នៅក្នុង​ជីវិតបាន។

              ១-គ-មានភាពអត់ធ្មត់

    ភាពអត់ធ្មត់ក្នុងការសិក្សា បូករួមនឹងការតស៊ូព្យាយាមទៀតនោះ​ យើង​អាច​នឹង​សម្រេច​បាន​ដល់​គោល​ដៅ ១០០% លើក​លែង​តែយើង​បោះបង់វា​​ចោល។ ការ​សិក្សា​មាន​ការ​លំ​បាក​ ប៉ុន្តែ​ពេល​យើង​ស្វែង​យល់​ច្បាស់​អំ​ពីវា នោះការសិក្សាគឺជារឿងដែល​ងាយស្រួល និង​​ធ្វើ​អោយ​យើង​សប្បាយ​ចិត្តទៅវិញទេ ព្រោះអាចនាំ​យើងអោយឆ្លងផុត​ពីសេចក្តីអវិជ្ជា ឬ​សេច​ក្តី​ទុក្ខ​ក្នុង​ជីវិត​បាន​យ៉ាង​ពិតប្រាកដ។ អ្នក​មិន​ចេះ​អក្សរ​ក៏អាច​មាន​ការ​ងារ​ធ្វើ​ ក៏អាច​រស់​បាន​ដែរ តែ​រស់​ដោយ​ប្រើ​កម្លាំងកាយ​ទាំង​ស្រុង ហើយ​អ្នក​​ត្រូវចង​​ចាំ​ថា នៅ​ពេល​អ្នក​មាន​ជម្ងឺ ឬកម្លាំង​ចុះ​ខ្សោយ​ មិន​អាច​ធ្វើ​ការ​អោយ​គេ​បាន​នោះ​អ្នក​និង​ដាច់​បាយ​ជាក់​ជាមិន​ខាន។ តែបើ​​អ្នក​ប្រើ​ចំណេះ ឬប្រើ​ខួរក្បាល​រក​ប្រាក់​វិញ ទោះ​ជា​កម្លាំង​ចុះ​ខ្សោយ ក៏​អ្នក​​​អាច​ប្រើ​ចំណេះ​របស់​អ្នក​​រក​សុយ​បាន​ដែរ។

    ២-លទ្ធផល​អ្នក​មិន​បាន​បន្តការ​សិក្សា​នៅ​មហាវិទ្យាល័យ

    ចំពោះអ្នក​ដែលមិនបាន​បន្តការ​សិក្សា​នៅ​មហា​វិទ្យាល័យ មិន​មែន​ថា គ្មាន​ការ​ងារ​ធ្វើ​នោះ​ទេ តែ​ការ​ងារដែ​ល​ពូកគាត់​ធ្វើ​​ និង​ការ​ទទួល​ខុស​ត្រូវ​មាន​ដែន​កំណត់ ទួនាទី និង​ប្រាក់​ខែ​ក៏​មាន​ដែន​កំណត់​ផងដែរ។ តើ​អ្នក​ធ្លាប់​ឃើញ​អ្នក​បញ្ចប់​ត្រឹម​ថ្នាក់​ទី១២ (បាក់​ឌុប) មក​ធ្វើ​ជាគ្រូ​បង្រៀន​ នៅ​មហាវិទ្យាល័យដែរទេ? តើ​អ្នក​ធ្លាប់​ឃើញអ្នក​គ្មាន​សញ្ញាប័ត្រ​មហា​វិទ្យា​ល័យ​​ទៅ​ធ្វើ​ជា​​ ព្រះ​រាជអាជ្ញា ចៅក្រម មេធាវី គ្រូពេទ្យជំនាញ អ្នក​គ្រប់គ្រង​កម្ម​វិធី​កុំ​ព្យួទ័រ​តាម​អង្គភាព​ធំ​ៗ អ្នក​វិភាគ​សេដ្ឋកិច្ច នយោបាយ​ដែរឬទេ? ចម្លើយ គឺទេ គ្មាន​ទេ។ ដូច្នេះមាន​តែ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យទេ ទើប​អាច​ចាប់​យក​ជំនាញ និង​មុខ​តំ​ណែង​សំខាន់ៗ​បាន​នៅ​ក្នុង​ស្ថាប័ណ្ណរដ្ឋ ស្ថា​ប័ណ្ណ​ឯក​ជន និង​ស្ថានប័ណ្ណ​ឯករាជ។ បើ​អ្នក​ធ្វើ​ការ​នៅ​ស្ថាប័ណ្ណណាមួយ​យូរ​ឆ្នាំហើយ តែ​ថៅកែ ឬអ្នក​គ្រប់​គ្រង​នៅ​ទីនោះ​មិន​បាន​តម្លើង​តំណែង និង​ប្រាក់​ខែរ​អោយ​អ្នក​តាម​ដែល​អ្នក​ចង់​បាន​នោះ អ្នក​ត្រូវ​ដាក់​សំនួរ​សួរ​ខ្លួនឯង​ថា តើ​អ្នក​នៅ​មាន​ការ​ខ្វះ​ខាត​អ្វីខ្លះ? មក​ធ្វើ​ការ​ទៀង​ម៉ោង​ដែរ​ទេ? គោរព​វិន័យ​ដែរទេ? ស្លៀក​ពាក់​ឯកសណ្ឋានដែរទេ? ការងារ​ធ្វើ​បាន​ល្អដែរទេ? ចៅហ្វាយ​ស្រលាញ់អ្នក​ដែរ​ទេ? អ្នក​ធ្វើ​ការ​ជុំ​វិញ​អ្នក​គេ​គោរព​ស្រលាញ់​អ្នក​ដែរទេ? ចម្លើង​អ្នក​ឆ្លើយថា ល្អគ្រប់​ចំនុច។ ចុះ​បើ​ល្អហើយ​តើ​​ហេតុ​អ្វី​ប្រាក់​ខែ និង​តំណែង​របស់​អ្នក​ក្រិន មិន​ទៅមុខ? តើ​អ្នក​មាន​បាន​បន្តការ​សិក្សា​ទៅ​ថ្នាក់​ឧត្តម​ដែរ​ទេ? ចម្លើយឆ្លើយថាទេ មាន​តែ​បទ​ពិ​សោ​ធន៍​យូរ​ឆ្នាំ​ហើយ​​។ មួល​ហេតុ​​ចុង​​ក្រោយ​នេះ​ហើយ​ ដែលអ្នក​ធ្វើ​ការ​មួយ​ចំនួន​ ក្រិន​ប្រាក់​ខែ​និង​តំណែង។ បទពិសធន៍ ពិត​ជា​រឿង​ដ៏សំខាន់​មួយ តែ​បើ​មាន​បទពិសោធន៍ ហើយ​មាន​ចំណេះ​បូក​បន្ថែម នោះ​អ្វី​ៗច្បាស់​ជា​តំណើរ​ការ​ទៅ​បាន​ដោយ​រលួន​ជាក់​ជាមិន​ខាន។

    អ្នកត្រូវតែកំណត់គោលដៅជីវិតអោយបានច្បាស់លាស់ ហើយ​ជ្រើស​រើស​មុខ​វិជ្ជា​ណា​ដែ​ល​​នាំ​អោយអ្នក​មាន​ជំនាញពិតប្រាកដដើម្បីសំរេចគោលដៅនោះ។​ អ្នក​ណា​ក៏​ដោយ​បើ​គ្មាន​គោល​​​ដៅ​ច្បាស់លាស់ទេ គឺមិនអាច​សម្រេច​ក្តី​ប្រាថ្នា​​បានឡើយ។

    លោក ប៊ីល ហ្គេត ​(Bill Gates)​ ជាអ្នកបង្កើត​សុស​វែ (software) កុំ​ព្យូ​ទ័រដ៏​ធំ​បំ​ផុត​នៅ​លើ​ពិ​ភព​លោក​ យ៉ាង​ហោចណាស់ ​ក៏បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យា​ល័យ ពីរ​ឆ្នាំផង​ដែរ ទើប​គាត់​អាច​មាន​មូលដ្ឋាន​គ្រិះក្នុង​ការ​សរសេរ​ សុសវែ នៅ​ក្រុម​ហ៊ុន​ មៃក្រូសុស ប្រកប​ដោយ​ជោគ​ជ័យ។

    មាន​ប្រជាជន​ខ្មែរ​​​រាប់​លាន​នាក់​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​​ច្បាប់​ ទៅ​ធ្វើ​ជា​ពល​ករ​នៅ​ប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ដោយ​កត្តាផ្សេង​ដូចជា៖

              -ភាពក្រីក្រ

              -ខ្វះការងារ​ធ្វើ​នៅ​ក្នុង​ស្រុកខ្មែរ

              -ប្រាក់​ខែ​តិច​ពេក​នៅ​ស្រុក​ខ្មែរ​ មិន​អាច​រស់​បាន​

              -ចំណេះដឹង​ទាប ឬគ្មាន​ចំណេះ ទើបសម្រេច​ចិត្តទៅ​ធ្វើ​ពល​ករចំណាកស្រុក

              -មាន​ចំណេះគ្រប់គ្រាន់ តែ​ប្រាក់​ខែស្រុក​ខ្មែរ​មិន​សមតុល្យនិង​ចំនេះ

    បើយើង​ក្រលេកមើល​ចំនុច​តូចៗខាងលើ​ យើង​សង្កេត​ឃើញ​ថា មាន​ចំនុច​មួយ​ដែល​ទាក់​ទង​ទៅ​និង​ចំណេះដឹង ទាប ឬគ្មាន​ចំណេះ ជាហេតុ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​ ធ្វើ​ចំណាកស្រុក​ទៅរក​ការ​ងារ​ធ្វើ​នោ​ស្រុកគេ។

    ៣-ការអភិវឌ្ឍន៍ធនធានមនុស្ស

    ធនធានមនុស្សគឺជាកត្តាចម្បងបំផុតនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ​ទាំង​មូល ហើយ​សង្គម​​ដែល​មាន​កា​រីកចំ​រើនទៅ​បាន​​នោះគឺ​ត្រូវមានធនធានមនុស្សខ្លាំង។ ដើម្បី​អភិវឌ្ឍន៍​ធន​ធាន​មនុ​ស្ស រដ្ឋាភិបាល​ត្រូវ​តែ​ខិត​ខំ​បន្ថែមទៀតដូចជា៖

              -​​បង្កើត​សាសារៀនរដ្ឋ​ និងសាលា​រៀន​​ឯក​ជន​ជា​ដៃគូអោយ​បាន​ច្រើន

              -កំណត់​ច្បាប់​អោយ​ប្រជា​ជន​​គ្រប់​រូប​ ដែល​គ្រប់​អាយុ​ត្រូវ​តែ​ទៅ​សាលា

              -ជួយ​លើក​ទឹក​ចិត្ត និង​ផ្តល់​ជារង្វាន់​ដល់​សិស្ស​ដែលរៀន​ពូកែ

              -មាន​កម្ម​វិធីប្រលង​ប្រគួទ​ប្រជែង​ទៅ​តាម​ឯកទេស​នីមួយៗ

    -លុប​បំបាត់​ការ​សូក​ប៉ាន​យក​ពិន្ទុ​អោយ​បាន​ ចាប់​ពី​បឋម​សិក្សា រហូត​ដល់​ថ្នាក់​វិ​ទ្យាល​ ល័យ​

              -បង្កើន​ប្រាក់​ខែ​គ្រូបង្រៀន​អោយ​ខ្ពស់​ ជាសវាង​ការ​ស៊ី​សំណូក​សូកប៉ាន់​

              -រដ្ឋ​ត្រូវ​មាន​អាហាររូបករណ៍ ដល់​និស្សិតក្រីក្រ ទាំង​មក​ពី​ទីក្រុង​និង​ជនបទ

    -​ព្យាយាម​នែនាំ​ពន្យល់​ពល​រដ្ឋ​​អោយ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​អោយ​​បាន​ច្រើន​​លើស​ពីការ​គ្រោង​ទុក។

    ដើម្បី​អភិវឌ្ឈន៍ធនធានមនុស្ស មិន​ត្រឹម​តែ​អោយ​មនុស្ស​រៀន​ ដើម្បី​រក​ការ​ងារ​ធ្វើ​ប៉ុណ្ណោះ​នោះ​ទេ យើង​ត្រូវ​បង្រៀន​មនុស្ស​អោយ​ចេះ​បង្កើត​ការ​ងារ​ចែក​អោយ​អ្នក​គ្មាន​ការ​ងារ​ធ្វើ​។បង្រៀន​​មនុស្ស​អោយ​មាន​​គំ​និត​ឆ្នៃ​ប្រឌិតបង្កើតការងារ​ខណៈ​ដែល​សង្គម​គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ នឹង​សម្បូរ​ទៅ​ដោយ​ការងារ។ ជាការពិតបើមនុស្សនៅតែរៀនដើម្បីស្វែងរកការងារធ្វើ ពួក​គេ​នៅ​តែ​ខ្វះ​ការ​ងារ​​ តែ​បើ​ពួក​គេផ្លាស់ប្ដូរផ្នត់គំ​និតពីការរៀនដើម្បីស្វែងរកការងារធ្វើ មក​ជា​រៀន​ដើម្បី​បង្កើត​ការ​ងារ​នោះ សង្គម​ជាតិ​នឹង​សម្បូរការងារធ្វើ ហើយ​អាចឈានទៅដល់ខ្វះមនុស្សធ្វើការទៀតផង ពីព្រោះនៅក្នុងសង្គមមួយមានការងារច្រើនជាងមនុស្ស​​ មិន​មែន​មនុស្ស​មាន​ចំ​នួន​ច្រើន​ជាង​ការ​ងារ​នោះទេ។ យើងទាំងអស់គ្នារួមទាំងរដ្ឋាភិបាលផង មិន​ត្រូវ​រំ​ពឹង​នឹង​ដេក​ចាំ​តែ​ការ​វិ​និ​យោគ​របស់​បរទេស​ចូលមករកស៊ី​ក្នុងប្រទេសនោះទេ យើង​គួរ​តែ​បង្កើត​ដង្ហើម​រស់​ដោយ​ខ្លួន​ឯង។

    ៤-ជំនាញ​ដែល​ទាមទាកម្រិត​ថ្នាក់​មហាវិទ្យាល័យ

              ៤-ក-គ្រូបង្រៀនថ្នាក់​ឧត្តមសិក្សា

    នាពេល​បច្ចុប្បន្នគេ​សង្កេត​ឃើញ​ថា លោក​គ្រូ អ្នក​គ្រូ ដែល​បង្រៀន​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ គឺសុទ្ធសឹង​ជាគ្រូ ដែល​បាន​បន្ត ឬបញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ទៅ​តាម​ឯកទេស​របស់​ខ្លួន​។ ប្រទេស​អភិវឌ្ឈន៍ និង​កំពុង​អភិវឌ្ឈន៍ គេ​ត្រូវ​ការ​គុណ​ភាព សមត្ថភាព ដើម្បី​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​នៅលើ​ទី​ផ្សារជាតិ​ និង​អន្តរជាតិ។ ដូច្នេះទាំង​សាលារដ្ឋ និង​សាលាឯកជន​ អ្នក​គ្រប់​គ្រង ឬនាយក​សាលា ត្រូវ​ការ​ជ្រើ​សរើស​គ្រូ​ដែល​មាន​សមត្ថភាព គុណភាព មាន​ចំណេះ​ដឹង​ខ្ពស់​ដើម្បី​ បង្ហាត់​បង្រៀន​សិស្សានុសិស្ស អោយ​មាន​ជំនាញ​ច្បាស់​លាស់​អាច​យក​ទៅ​ប្រើ​ការ​បាន​ក្នុង​ការ​រក​ការងារ​ធ្វើ​ ឬបង្កើត​ការងារ​ដោយ​ខ្លួន​ឯង។

              ៤-ខ-អ្នក​ព័ត៌មានវិទ្យា

    មាន​អ្នក​ខ្លះ​តែ​ង​យល់​ច្រឡំថា អ្នក​ព័ត៌មាន​វិទ្យា គឺជាអ្នក​សរសេរ​ព័ត៌មាន ឬអ្នក​កាសែត ដោយ​សារ​ពាក្យនេះ​វាដូច​គ្នា​ តែ​ប្រើ​ក្នុង​ន័យ​ផ្សេង​ពីគ្នា។ ពាក្យថា ព័ត៌មានវិទ្យា គឺ​មក​ពី​ពាក្យ​ថា ”អាយធី (IT)“ ន័យពេញ​របស់​ពាក្យនេះគឺ ”អ៊ីន​ហ្វមេតសិន តិចណូឡូជី (Information Technology)“ ប្រែថា បច្ចេក​វិទ្យាព័ត៌មាន មាន​ន័យថា អ្នក​ជំនាញ​ខាង​កុំ​ព្យូទ័រ។

    អ្នក​អាច​រៀន​កុំ​ព្យូទ័រ​បាន​គ្រប់​ទីកន្លែង តាម​វគ្គខ្លីៗ ចាប់​ពី​បីខែឡើង​ទៅ តែ​អ្នក​ត្រូវ​ចង​ចាំ​ថា បើ​អ្នក​រៀន​វគ្គខ្លីៗ​ទាំង​នេះ គឺ​មាន​ន័យថា អ្នក​រៀន​ប្រើ​កម្ម​វិធីកុំ​ព្យូទ័រ​ មិន​មែន​រៀន​បង្កើត​កម្ម​វិធី​កុំព្យូទ័រ​នោះ​ទេ។ បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​បង្កើត​កម្ម​វិធីកុំ​ព្យួទ័រ នោះ​អ្នក​ត្រូវ​តែ​ទៅ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យផ្នែក​ ព័ត៌មានវិទ្យា ដូច​ជា បរិញ្ញាប័ត្រ អនុបណ្ឌិត​ បណ្ឌិត​ ឬលើស​នេះក៏បាន ទើប​​អាច​ក្លាយ​ជាអ្នក​សរសេរ​កម្ម​វិធី​​​អោយ​អតិថិជនប្រើបាន។ ព័ត៌មាន​វិទ្យាបាន​បែង​ចែក​ជំនាញ​ផ្សេង​ៗពីគ្នា​ដូច​ជា៖

              -អ្នក​សរសេរកម្មវិធី (Programmer)

              -អ្នក​រចនាគេហទំព័រ (Web Designer)

              -រដ្ឋបាល (Administrator)

              -អ្នក​តភ្ជាប់​បណ្តាញ (Network)…។ល។

              ៤-គ-គ្រូពេទ្យ

    គ្រុម​គ្រូពេទ្យ​សុទ្ធតែ​ត្រូវ​បន្តការ​សិក្សា​នៅ​មហាវិទ្យាល័យ​ទាំងអស់ បន្ទាប់​ពី​ពួកគាត់​ប្រ​លង​ជាប់​ ឬធ្លាក់​សញ្ញាប័ត្រ​បាក់​ឌុប។ ​ដូច្នេះបើ​មិន​បាន​បន្តការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ទេ​នោះ នៅ​ក្នុង​​សង្គម​បច្ចុប្បន្ននេះ កុំ​សង្ឃឹម​ថា បាន​ធ្វើ​ជាលោកគ្រូពេទ្យ​ អ្នក​គ្រូពេទ្យ ឬ វេជ្ជ​​បណ្ឌិត​អោយ​សោះ​ ព្រោះ​មុខ​ជំនាញ​នេះ គេ​បាន​តម្រូវ​អោយ​បន្តការ​សិក្សា​នៅ​ម​ហា​វិទ្យា​ល័យ។

              ៤-ឃ-តុលាការ

    ពាក្យថាតុលាការ គឺ​មានន័យ​ទូលំទូលាយណាស់ ព្រោះ​នៅ​ក្នុង​តុលាការ​ មាន​ទួនាទី និង​ជំនាញ​រៀង​ៗខ្លួន​ដូចជា៖

              -ប្រធានតុលាការ

              -អនុប្រធានតុលាការ

              -ចៅក្រម

              -អេយ្យការ

              -ព្រះរាជអាជ្ញា

              -ព្រះរាជអាជ្ញារង

              -រដ្ឋបាល

              -ផ្នែក​ព្រហ្មទណ្ឌ

              -ផ្នែក​រដ្ឋ​បវេនីយ៍

              -ក្រឡាបញ្ជី…។ល។

    អ្នក​ទាំង​អស់​ខាងលើ​នេះ តម្រូវ​អោយ​មាន​សញ្ញាប័ត្រ​ច្បាប់​ពី​មហាវិទ្យាល័យ ទើប​អាច​ប្រលង​ចូល​ធ្វើ​កិច្ច​ការ​ទាំង​នេះ​បាន។

              ៤-ង-មេធាវី

    មេធាវី​គឺ​ជា​អ្នក​ការ​ពារក្តី​អោយ​កូន​ក្តី​របស់​ខ្លួន។ មេធាវី​ក៏តម្រូវ​អោយ​មាន​សញ្ញាប័ត្រច្បាប់​ដែល​បាន​បញ្ចប់​ពី​មហាវិទ្យាល័យ​ដូច​គ្នា​ដែ​រ ទើប​អាច​ប្រង​ចូល​ធ្វើ​ជា​មេធាវី​បាន​។ មេធាវី​ គឺ​ជា​កាំ​បិត​មុខ​ពីរ អ្នក​ត្រូវ​ក៏ជួយ អ្នក​ខុស​ក៏ជួយ អោយ​តែ​កូន​ក្តី​គេ​មក​ពឹង​ពាក់​។ មេធាវីដែល​ល្អ គឺ​ស្មោះ​ត្រង់​ជាមួយ​កូ​ន​ក្តី​របស់​ខ្លួន​ មិន​ស៊ី​សង​ខាង​។ មេធាវី​ ដែលខ្លាំង​ គឺ​មិន​ខ្លាច​ការ​គំរាម​កំហែង មិន​ស៊ី​សំណូក​សូក​ប៉ាន ហ៊ាន​ប្រឈរ​មុខ​គ្រប់​បែបយ៉ាង​ ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​ការពារ​ក្តី ហើយ​មិន​គោះ​ស៊ីលុយកូនក្តី និង​មិន​ជាន់​ករ​កូន​ក្តី​ខ្លួនឯងនោះទេ គឺ​ធ្វើ​យ៉ាង​ណា​អោយ​តែ​អាច​ការ​ពារ​កូន​ក្តី​របស់​ខ្លួន​អោយ​ទទួល​បាន​ជោគជ័យ។

    ៥-សេក្តីសន្និដ្ឋាន

    សរុប​សេចក្តីមក សក្តានុពលនៃ​ការ​បន្តការ​សិក្សា​ ថ្នាក់​បរិញ្ញាប័ត្រ គឺ​មាន​សារប្រយោជន៍ ខ្លាំង​ណាស់​សម្រាប់​សង្គម​ជាតិ​នីមួយៗ។ ដើម្បី​ចូល​រួម​អភិវឌ្ឈន៍សង្គម​ជាតិ អោយ​មាន​ការ​រី​ចំរើន​កាន់​តែ​ខ្លាំង ពល​រដ្ឋ​គ្រប់​រូប​ត្រូវ​តែ​អោយ​តំលៃ​ទៅលើក​ការ​សិក្សា ហើយ​នាំ​គ្នា​បន្ត​ការ​សិក្សា​ អោយ​បាន​ខ្ពង់​ខ្ពស់​ ក្នុង​ការ​ភិវឌ្ឈន៍ខ្លួនឯងផង និង​ចូល​រួម​អភិវឌ្ឈន៍សង្គម​ជាតិផង។ មាតា បិតា អា​​ណា​ព្យា​បាល​​​គ្រប់រូប និង​រាជរដ្ឋាភិបាល​ត្រូវ​តែ​សហការ​គ្នា​ក្នុង​ការ​ជម្រុញ​កុលបុត្រ​ធីតា​របស់​ខ្លួន​អោយ​ខិត​ខំ​រៀន​សូត្រ ​ចាប់​ពី​បឋម​សិក្សា រហូត​ដល់មហាវិទ្យាល័យ បើ​ទោះ​ជា​​ក្រុម​គ្រួសារ​មាន​ជីវភាព​​ក្រីក្រ​ក៏ដោយ ព្រោះ​ពាក្យ​ស្លោក​ខាង​លើ​បាន​ពោលថា ចំណេះ​ជាអាហារ ប្រា​ជ្ញា​ជា​អា​វុធ៕​​

    ស្លាក:  ព័ត៌មានថ្មីៗ  សេដ្ឋកិច្ចវិទ្យា 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្សាយពាណិជ្ជកម្ម

      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2723នាក់
    ម្សិលមិញ    4497នាក់
    សប្ដាហ៍នេះ    2723នាក់
    ខែនេះ    137154នាក់
    ឆ្នាំនេះ   1148942នាក់
    សរុប   29254193នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2018 ម៉ោង 10:09